COVID-19
ជាតិ
សម្តេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca មុនគេ នៅកម្ពុជា
04, Mar 2021 , 8:21 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ AstraZeneca/SII នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នេះជាវ៉ាក់សាំងទី២ដែលត្រូវបានប្រើប្រាស់នៅកម្ពុជា បន្ទាប់ពីវ៉ាក់សាំងចិន Sinopharm ដែលបើកយុទ្ធនាការចាក់ដំបូង កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន គឺជាមនុស្សដំបូងដែលបានចាក់។




វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះជាផលិតផលរបស់អង់គ្លេស និងផលិតនៅឥណ្ឌា ហើយបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ ២០២១។

កន្លងមក ប្រមុខរដ្ឋាភិបាល បានបង្ហាញពីបំណងចាក់វ៉ាក់សាំង ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។

នៅថ្ងៃដដែល សម្តេច ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ផ្សេងទៀត ក៏បាន ចាក់ AstraZeneca ដូសដំបូងផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com