COVID-19
ជាតិ
កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៣១នាក់ទៀតដែលធ្វើឲ្យចំនួនសរុបឡើងដល់ជាង៩០០ករណី
04, Mar 2021 , 8:38 am        
រូបភាព
រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយក្រុមគ្រូពេទ្យចុះយកអ្នកដែលមានវិជ្ជមានកូវីដ-១៩ ដែលរស់នៅក្នុងបូរីប៉េង ហួត បឹងស្នោ គំរោង៧។ រូបថត Hort Kimny
រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយក្រុមគ្រូពេទ្យចុះយកអ្នកដែលមានវិជ្ជមានកូវីដ-១៩ ដែលរស់នៅក្នុងបូរីប៉េង ហួត បឹងស្នោ គំរោង៧។ រូបថត Hort Kimny
ដោយ: ថ្មីៗ
ករណីវិជ្ជមាន កូវីដ-១៩ ថ្មីមាន ចំនួន៣១នាក់បន្ថែមទៀត ដែលក្នុងនោះករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមាន២៨នាក់ ដោយ១០នាក់នៅភ្នំពេញ និង១៨នាក់នៅខេត្តព្រះសីហនុ។   ករណីសរុបទូទាំងប្រទេសឡើង ដល់៩០៩ករណី ដោយអ្នកជំងឺ៤០២ នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ជាមួយគ្នានេះ អ្នកជំងឺពាក់ព័ន្ធសហគមន៍២០កុម្ភៈ ពីរនាក់ដំបូងបានជាសះស្បើយ។



ក្រសួងសុខាភិបាល បានប្រកាសថា មានករណីវិជ្ជមាន កូវីដ-១៩ ថ្មីមានចំនួន៣១នាក់បន្ថែមទៀត ត្រូវបានរកឃើញ​ ក្នុងនោះមាន២៨នាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ និង៣នាក់ទៀត ជាករណីនាំចូល។ 

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកចំណោមអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ មាន១០នាក់នៅភ្នំពេញ ដែលជាជនជាតិចិន ៥នាក់ និងខ្មែរចំនួន ៥នាក់ក្នុងនោះមានក្មេងស្រី២នាក់។ អ្នកជំងឺទាំងនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

ចំណែកមនុស្ស១៨នាក់ទៀត ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ ក្នុងនោះមានជនជាតិចិន ១២នាក់ ខ្មែរ៥នាក់ និងវៀតណាម១នាក់។ ពួកគេត្រូវបានដាក់​ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ 

ដោយឡែកអ្នក​វិជ្ជមាន៣នាក់ទៀត គឺជាករណីនាំចូល គឺលើជនជាតិឥណ្ឌូណេស៊ី ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២មីនា។ អ្នកទាំង៣ ត្រូវបានដាក់ឲ្យសម្រាកនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ 
 
ក្រសួងក៏បានប្រកាសដែរថា មានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ចំនួន២នាក់ដំបូង បានសះស្បើយ ដែលជាកុមារាខ្មែរ អាយុ១១ឆ្នាំ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបុរសចិនអាយុ៣០ឆ្នាំ ស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានករណីកូវីដ-១៩ សរុបទូទាំងប្រទេសឡើង ដល់៩០៩ករណី ដោយអ្នកជំងឺ៤០២ នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕




© រក្សាសិទ្ធិដោយ thmeythmey.com