COVID-19
ជាតិ
ទូតចិន សាទរសម្ដេច ហ៊ុន សែន ដែលចាក់វ៉ាក់សាំង AstraZeneca ដោយភ្ជាប់ឃ្លាថា «ចាក់វ៉ាក់សាំងមិនបែងចែកជាប្រទេសណា»ឡើយ
04, Mar 2021 , 11:26 am        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា
រូបពីហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា
ភ្នំពេញ៖ ទូតចិន សាទរសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលបានចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី៤ មីនានេះ។ សារអបអររបស់ចិននេះ បានរំលេចនៅលើហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា។


«ការឆ្លងនៃជំងឺវីរុសគ្មានព្រំដែនទេ ការរីករាលដាលនៃជំងឺវីរុសក៏មិនប្រកាន់ពូជសាសន៍ឡើយ ហើយការចាក់វ៉ាក់សាំងក៏មិនបែងចែកជាប្រទេសណាដែរ»។ នេះជាការលើកឡើងរបស់ស្ថានទូតចិន ដែលភ្ជាប់ជាមួយសារអបអរសាទរសម្ដេច ហ៊ុន សែន ក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាជំនួយរបស់ COVAX។
 
COVAX បានផ្ដល់វ៉ាក់សាំងប្រភេទ AstraZeneca ដែលផលិតនៅឥណ្ឌា ចំនួន ៣២៤, ០០០ដូសមកកម្ពុជា កាលពីយប់ថ្ងៃទី២ មីនា។ បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងជាង៩២ម៉ឺនដូស ក្នុងនោះវ៉ាក់សាំងចិន៦០ម៉ឺនដូស។
 
ស្ថានទូតចិន រំពឹងថា វ៉ាក់សាំងជាង៩២ម៉ឺនដូសនេះ នឹងជួយដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅកម្ពុជា។« យើងសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងដែលជាជំនួយរបស់ចិននិង COVAX នឹងអាចជួយដល់ប្រជាជនកម្ពុជារួចផុតពីផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺមួយនេះ»។ នេះជាសាររបស់ស្ថានទូតចិនប្រចាំកម្ពុជា ដែលសរសេរជាភាសាខ្មែរ និងចិន។
 
បើតាមគម្រោងជំនួយវ៉ាក់សាំងនេះ ចិននឹងផ្ដល់វ៉ាក់សាំងSinopharm ប្រមាណ៤០ម៉ឺនដូស ជាលើកទី២ ដល់កម្ពុជា នៅមុនចូលឆ្នាំខ្មែរខាងមុខ។
 
នាសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី៤ មីនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងផ្លូវការនៅកម្ពុជា ដោយពលរដ្ឋខ្មែរចន្លោះពីអាយុ១៨ដល់៥៩ឆ្នាំ ត្រូវចាក់វ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ចិន ។រីឯពលរដ្ឋអាយុ៦០ឆ្នាំ ត្រូវចាក់វ៉ាក់សាំងអង់គ្លេសដែលផលិតនៅឥណ្ឌា AstraZeneca ដែលជាជំនួយពីយន្តការ COVAX។
 
ដោយឡែកជនបរទេស ដែលជាអ្នកកាទូត មន្ត្រីតាមអង្គការ និងស្ថាប័នអន្តរជាតិនៅកម្ពុជា អាចមានសិទ្ធិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនកំណត់ប្រភេទវ៉ាក់សាំង ដូចពលរដ្ឋខ្មែរឡើយ។
 
គិតដល់ពេលនេះ ពលរដ្ឋកម្ពុជាជាង១២,៥ម៉ឺននាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីបានជំនួយ៦០ម៉ឺនដូសពីភាគីចិននូវវ៉ាក់សាំង Sinopharm៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com