កីឡាអន្តរជាតិ
អន្តរជាតិ
Koeman ជឿថា Barca អាចវាយបកឈ្នះ PSG ក្រោយកក់កៅអីទៅផ្តាច់ព្រ័ត្រ Copa del Rey
04, Mar 2021 , 2:28 pm        
រូបភាព
ដោយ ជា យូគៀង

Ronald Koeman អះអាងដោយភាពជឿជាក់ថា Barcelona នឹងអាចវាយបកយកឈ្នះ Paris Saint-Germain នៅជើងទី២ វគ្គ១៦ក្រុម Champions League បាន បន្ទាប់ពីក្រុមលោកអាចវាយបកយកឈ្នះក្រុម Sevilla ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey។


Barca បានវាយបកយកឈ្នះ Sevilla ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-០ ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ Copa del Rey នៅកីឡដ្ឋាន Camp Nou នៅរាត្រីថ្ងៃទី៣ ខែមីនា។ កាលពីជើងទី១ Sevilla ដែលជាម្ចាស់ផ្ទះបានយកឈ្នះក្រុមរហស្សនាមអ្នកមានបុណ្យ ២-០។
 
Ousmane Dembele ជាអ្នកស៊ុតគ្រាប់ដំបូងដើម្បីជួយ Barca នាំមុខនៅ១២នាទីដំបូងនៃវគ្គទី១ ខណៈដែលអ្នកចាំទី Marc-Andre ter Stegen បានផ្តល់ជីវិតជាថ្មីសម្រាប់ក្រុមលោក Koeman តាមរយៈការសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្ររបស់ Lucas Ocampos នៅនាទីទី ៧៣។
 
ជិតបញ្ចប់វគ្គទី២ទៅហើយ ខ្សែការពារGerard Pique បានរកគ្រាប់បាល់ទី២នៅនាទី៩០+៤ ដើម្បីជួយ Barca ឈ្នះ Sevilla ២-០។ ដោយសារជើងទី១ Sevilla ឈ្នះ ២-០ ដូច្នេះក្រុមទាំងពីរតម្រូវឱ្យបន្ថែមម៉ោង១៥នាទី២ដងដើម្បីកាត់សេចក្តីចាញ់ឈ្នះ។
 
៥នាទីដំបូងក្នុងម៉ោងបន្ថែមលើកទី១ ខ្សែប្រយុទ្ធ Martin Braithwaite បានតែតមួយក្បាលបញ្ចូលទី និងជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម Barca ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa del Rey ខណៈក្រុមយក្សអេស្ប៉ាញមួយនេះ នឹងត្រូវប៉ះជាមួយ Athletic Bilbao ឬ Levante។
 
Barca ក៏នឹងត្រូវធ្វើដំណើរទៅជួប PSG នៅទីក្រុងប៉ារីសសម្រាប់ការប្រកួតជើងទី២ វគ្គ១៦ក្រុមក្របខណ្ឌកំពូលអឺរ៉ុបនៅរាត្រីថ្ងៃទី១០ ខែមីនានេះ។ កាលពីជើងទី១ ក្រុមយក្សបារាំងឈ្នះក្រុមយក្ស La Liga នៅ Camp Nou ដល់ទៅ ៤-១ ឯណោះ។ 
 
យ៉ាងណាក៏ដោយ ការវាយបកយកឈ្នះ Sevilla នៅជើងទី២ ត្រូវបានលោក Koeman អ្នកចាត់ការទូទៅ Barcelona មានជំនឿចិត្តថាក្រុមរបស់លោក នឹងធ្វើបានដូច្នេះទៀតពេលជួបក្រុមលោក Mauricio Pochettino នៅ Parc des Princes។
 
អ្នកចាត់ការសញ្ជាតិហូឡង់ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា៖ «២-០ ងាយស្រួលសម្រាប់ការវាយបកវិញ។ យ៉ាងណាទោះបី ៤-១ មិនមែនលទ្ធផលសាមញ្ញមែន តែយើងមានក្រុមដ៏អស្ចារ្យដែលពោពេញដោយកីឡាករឆ្នើមៗ ហើយយើងជឿជាក់ថាយើងអាចធ្វើបាន»។ PSG ធ្លាប់ភ្លាត់ស្នៀតចាញ់ដោយការវាយបកនៅជើងទី២ក្រោមថ្វីជើង Barca ម្តងរួចមកហើយកាលពីរដូវកាល ២០១៦-១៧។ កាលនៅ PSG ឈ្នះនៅជើងទីមួយវគ្គ១៦ក្រុម ៤-០ តែត្រឡប់ទៅជើងទី២ Barca ឈ្នះ ៦-១ វិញ៕
 

Tag:
 Copa del Rey
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com