អន្តរជាតិ
ហុងកុង ត្រូវ​ដកចេញ​ពី​បញ្ជី​សេរីភាព​សេដ្ឋកិច្ច ខណៈ​សិង្ហ​បុរី​បន្ត​ឈរ​លេខ​ទីមួយ​
04, Mar 2021 , 7:59 pm        
រូបភាព
​ហុងកុង ដែលជា​ដែនដី ឈរ​នៅ​កំពូល​តារាង​រយៈពេល ជាច្រើន​ឆ្នាំ ត្រូវបាន​ដកចេញ​ពី​បញ្ជី​សេរីភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២១ ។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់​អង្គការ The Heritage Foundation នៅ​អាមេរិក​។ ក្រុម​អ្នកជំនាញ​អះអាងថា ការគ្រប់គ្រង​របស់​ចិន​ដោយផ្ទាល់ ជាដើម​ហេតុ​មួយ​ដែល​ហុងកុង​បាត់ឈ្មោះ​ពី​តារាង​វាយតម្លៃ​ដ៏​ល្បី​មួយ​នេះ​។ សិង្ហ​បុរី បន្ត​ឈរ​នៅ​លេខ​រៀង​ទី​១ សម្រាប់​ឆ្នាំ​ទី​ពីរ ខណៈ​កម្ពុជា​បន្ត​ធ្លាក់​លេខ​រៀង​របស់ខ្លួន​មក​ទី​១១៨​។

 
​នៅក្នុង​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ​២០២១​នៃ​សេរីភាព​សេដ្ឋកិច្ច (https://www.heritage.org/index/ranking) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៤ ខែមីនា ក្រុម​អ្នកជំនាញ​នៃ The Heritage Foundation បានសម្រេច​ដក​ហុងកុង ចេញពី​បញ្ជី​សេរីភាព​សេដ្ឋកិច្ច​របស់ខ្លួន ដោយសារតែ​ការបាត់បង់​សេរីភាព​នយោបាយ និង​ស្វ័យភាព​។ 
 
«​ការបាត់បង់​សេរីភាព​នយោបាយ និង​ស្វ័យភាព បានធ្វើឱ្យ​ប៉ះពាល់​ហុងកុង​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ដែល​ធ្វើឱ្យ​ទីក្រុង​មួយ​នេះ មិនអាច​ចែកដាច់​ពី​ទីក្រុង​ផ្សេងៗ​របស់​ចិន​»​។ លោក Edwin J Feulner ស្ថាបនិក Heritage Foundation បាន​សរសេរ​បែបនេះ នៅក្នុង Wall Street Journal ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣ ខែមីនា​។ បើតាម​ស្ថាបនិក​រូបនេះ ទំនាក់ទំនង​ហុងកុង និង​ចិន មាន​លក្ខណៈ​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង​។ 
 
​ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក ហុងកុង​បាន​ឈរ​លេខ​រៀង​ទី​១ នៃ​បញ្ជី​សេរីភាព​សេដ្ឋកិច្ច​ខាងលើ​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២០ សិង្ហ​បុរី បាន​អង្គុយ​លើ​កំ​ពូ​ង​តារាង​វិញ ដោយ​ហុងកុង​នៅ​លេខ​២​។ លើសពីនេះ ក្នុងការ​វាយតម្លៃ​ឆ្នាំ​២០២១ សិង្ហ​បុរី នៅតែ​បន្ត​ឈរលើ​កំ​ពូ​ង​តារាង​។​
 
​ប្រទេស និង​តំបន់ ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់​មានដូចជា នូ​វែ​ល​សេ​ឡង់​លេខ​២, អូស្ត្រាលី​លេខ​៣, ស្វ៊ី​សលេខ​៤, អៀរ​ឡង់​លេខ​៥,  តៃវ៉ាន់​លេខ​៦, អង់គ្លេស​លេខ​៧, អេ​ស្តូ​នី​លេខ​៨, កាណាដា​លេខ​៩ និង​ដា​ណឺ​ម៉ាក​លេខ ១០​។ ចំណែក​អាមេរិក​ឈរ​នៅ​លេខ ២០ និង​ចិន​ឈរ​នៅ​លេខ​១០៧​។ 
 
​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ម៉ាឡេស៊ី​លេខ​២២, ថៃ​លេខ​៤២, ឥណ្ឌូណេស៊ី​លេខ​៥៦, ព្រុយ​ណេ​លេខ​៥៧, ហ្វីលីពីន​លេខ ៧៣, វៀតណាម​លេខ​៩០, កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១១៨,  មី​យ៉ាន់​ម៉ា​លេខ ១៣៥, និង​ឡាវ ១៤១​។ ទោះ​កម្ពុជា​រក្សា​ពិន្ទុ ៥៧,៣ ដូច​ឆ្នាំ​២០២០ ប៉ុន្តែ​ប្រទេសមួយ​នេះ​នៅតែ​បន្ត​ធ្លាក់ចុះ​លេខ​រៀង​របស់ខ្លួន​ដដែល ពោលគឺ​ធ្លាក់​ពី​លេខ​រៀង​១១៣ ក្នុង​ឆ្នាំ​២០២០ មក​១១៨ ក្នុង​ឆ្នាំ​២០២១​។ 
 
​ការវាយតម្លៃ​នេះ ធ្វើ​ឡើងលើ​ប្រទេស​ចំនួន ១៨៤​ប្រទេស ដោយ​១៧៨​ប្រទេស​មាន​ចំណាត់ថ្នាក់ និង ៦​ប្រទេស​ផ្សេងទៀត​មិនមាន​ចំណាត់ថ្នាក់​ឡើយ ក្នុងនោះ​មានដូចជា​អ៊ីរ៉ាក់ លី​ប៊ី សូ​ម៉ាលី ស៊ី​រី យេ​ម៉ែន និង​លិច​តិ​ន​ស្តា​ញ​។ 
 
​សូមបញ្ជាក់ថា ការវាយតម្លៃ​សេរីភាព​សេដ្ឋកិច្ច​តាម​ប្រទេស និង​តំបន់​នេះ ត្រូវបាន​ធ្វើឡើង ដោយ​ផ្អែកលើ​ច្បាប់ រដ្ឋាភិបាល និង​ពន្ធ បទ​បញ្ញា​ត្តិ​ទាក់ទិន​នឹង​ជំនួញ និង​ពលកម្ម និង​ការបើកចំហរ​ទីផ្សារ​ជាដើម​៕ 

Tag:
 សិង្ហ​បុរី​
  ហុងកុង​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com