COVID-19
ជាតិ
COVID-19៖ករណីថ្មី២៣នាក់ទៀតដោយ​១៥នាក់នៅភ្នំពេញ ៥នាក់នៅព្រះសីហនុ ២នាក់នៅកោះកុង និង១នាក់នៅកណ្តាល
05, Mar 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹកថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីកូវីដ-១៩ ថ្មី ចំនួន២៣នាក់ទៀតនៅកម្ពុជា ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ក្នុង នោះ១៥នាក់នៅភ្នំពេញ (ខ្មែរ៩នាក់ ចិន៦នាក់), ៥នាក់នៅព្រះសីហនុ (ចិន៤នាក់ ខ្មែរ១នាក់) ២នាក់នៅកោះកុង (ចិន១នាក់ សិង្ហបុរី១នាក់) និងឥណ្ឌូណេស៊ី​១នាក់នៅកណ្តាល  ។



មកដល់ពេលនេះ ករណីសរុបនៅកម្ពុជាឡើងដល់៩៣២នាក់ ក្នុងនោះ៤២៥នាក់ជាករណីសហគមន៍២០កុម្ភៈ។ ជាមួយគ្នានេះ ករណីសះស្បើយមាន​៥នាក់ទៀត ដោយ៣នាក់ជាអ្នកដំណើរពីបរទេស (ស្ត្រីខ្មែរអាយុ២៤ឆ្នាំ, ស្ត្រីចិនអាយុ២៥ឆ្នាំ និងស្ត្រីឆេកអាយុ៤៣ឆ្នាំ) និង២នាក់ទៀតជាស្ត្រីចិនក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សរុបករណីសះស្បើយ​មាន៤៨៩នាក់ រីឯអ្នកជំងឺក្នុងសហគមន៍២០កុម្ភៈ ឡើងដល់៤នាក់ហើយដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ដោយឡែកករណីបុរសជនជាតិចិនម្នាក់ដែលបានស្លាប់នាអំឡុងពេលព្យាបាលជំងឺកូវីដ-១៩ លោក ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ថ្វីត្បិតតែអ្នកជំងឺត្រូវបានរកឃើញវត្តមានវីរុសកូវីដ-១៩ ប៉ុន្តែមិនមានរោគសញ្ញាអ្វីឡើយ ដោយអ្នកជំងឺមានបញ្ហារើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូងស្លាប់ កាលពីថ្ងៃទី៤ ខែមីនា៕





© រក្សាសិទ្ធិដោយ thmeythmey.com