COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេសផ្ដល់លុយ៤១៩លានដុល្លារ ជួយវិស័យកីឡាក្នុងប្រទេសអំឡុងវិបត្តិកូវីដ-១៩
05, Mar 2021 , 1:42 pm        
រូបភាព
រដ្ឋាភិបាលអង់គ្លេសបានប្រកាសផ្តល់កញ្ចប់ថវិកាជាថ្មីទៀតចំនួន ៤១៩លានដុល្លារអាមេរិកសម្រាប់ទ្រទ្រង់វិស័យកីឡានៅក្នុងប្រទេស ដែលជួបវិបត្តិដែលបង្កដោយជំងឺ COVID-19។ លោក Rishi Sunak រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេស បានប្រកាសពីចំនួយថវិកាប្រចាំឆ្នាំនៅថ្ងៃទី៣ ខែមីនាថា ទឹកប្រាក់ចំនួន ៩៧៥ លានដុល្លារនឹងត្រូវផ្តល់ជូនដើម្បីគាំទ្រដល់វិស័យសិល្បៈ វប្បធម៌ និងស្ថាប័នកីឡា។



តាមរយៈបណ្តាញសង្គម Twitter ផ្ទាល់របស់ក្រសួងហិរញ្ញវត្ថុអង់គ្លេសសរសេរថា ចំណោមថវិការទាំងអស់ ទឹកប្រាក់ចំនួន ៤១៩លានដុល្លារនឹងផ្តល់សម្រាប់គាំទ្រក្លិប និងស្ថាប័នគ្រប់គ្រងលើវិស័យកីឡានៅក្នុងប្រទេសអង់គ្លេសដែលជួបវិបត្តិហិរញ្ញវត្ថុដោយសារ COVID-19។

ការផ្តល់ប្រាក់ជំនួយក្នុងចំនួនទឹកប្រាក់ដ៏ច្រើននេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានអះអាងពីការគាំទ្រដេញថ្លៃរួមគ្នារវាអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣០ ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Sunak បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា៖ «រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ជូនទឹកប្រាក់ចំនួន ៩៧៥ លានដុល្លារដើម្បីគាំទ្រដល់សិល្បៈ វប្បធម៌ និងស្ថាប័នកីឡារបស់យើងនៅពេលដែលពួកគេបើកដំណើរការឡើងវិញ»។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេសបន្ថែមថា ប្រាក់៣៥លានដុល្លារទៀត នឹងផ្តល់សម្រាប់សាងសង់ទីលានបាល់ទាត់ចំនួន៧០០កន្លែង និងបន្ថែម១,៦៧លានដុល្លារទៀតម្រាប់ព្រឹត្តិការណ៍ជើងឯកអ៊ឺរ៉ុបភ្នែកនារីដែលអង់គ្លេសគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com