ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អង្គការ​អន្តរជាតិ ស្នើ​ឲ្យ​កម្ពុជា ទម្លាក់​ច្បាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​ចោល ដ្បិត​យល់ថា ប៉ះពាល់​សិទ្ធិមនុស្ស​
05, Mar 2021 , 8:59 pm        
រូបភាព
លោក Phil Rebertson នាយករងអង្គការ HRW ប្រចាំតំបន់អាស៊ី (រូបពី AFP) និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន)
លោក Phil Rebertson នាយករងអង្គការ HRW ប្រចាំតំបន់អាស៊ី (រូបពី AFP) និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន)
​អង្គការ​អន្តរជាតិ ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស បង្ហាញ​ក្តីបារម្ភ​ថា សេចក្តីព្រាងច្បាប់​ថ្មី​នៅ​កម្ពុជា ស្តីពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នឹង​បង្ក​ផលប៉ះពាល់​ដល់​សិទ្ធិមនុស្ស ខណៈ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ អនុញ្ញាត​ឲ្យ​ដាក់ពន្ធនាគារ​លើ​អ្នក​បំពាន​វិធានការ​សុខាភិបាល​។ ដូច្នេះ អង្គការ​ផ្នែក​សិទ្ធិមនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​សេចក្តីព្រាងច្បាប់​នេះ​វិញ​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា តប​ថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺ​កូ​វីដ​-១៩ តែ​គ្មាន​គោលបំណង​រឹតត្បិត​សិទ្ធិសេរីភាព​អ្វី​ឡើយ​។​

 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ចេញ​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) បានបង្ហាញ​ពី​គុណវិបត្តិ​មួយចំនួន នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​រដ្ឋាភិបាល​កម្ពុជា ទើបនឹង​តាក់តែងឡើង​។ គុណវិបត្តិ ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្រិត​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ មើលឃើញ គឺ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​។ 
 
​ដោយ​បារម្ភ​ខ្លាច​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ក្លាយជា​ផ្នែក​មួយ​នៃ​ការប៉ះពាល់​សិទ្ធិមនុស្ស​បន្ថែមទៀត នៅពេល​ដាក់​ឲ្យ​អនុវត្ត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដក​សេចក្តីព្រាងច្បាប់​នេះ​ចេញ​វិញ ដោយ​មិនគួរ​អនុម័ត​យកមកប្រើ​ប្រាស់​ឡើយ​។ លោក ភិល រ៉ូបឺត​សឹ​ន (Phil Robertson) នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មួយ​រួចមកហើយ ហើយ​ឥឡូវ បានស្នើ​ឲ្យ​អនុម័ត​ច្បាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​មួយ​បន្ថែមទៀត មាន​លក្ខណៈ​ទូលំទូលាយ​និង​មិន​ច្បាស់លាស់ ដែល​នឹង​ប៉ះពាល់​សិទ្ធិសេរីភាព​របស់​សកម្ម​ជន​និង​អ្នកប្រឆាំង​»​។ 
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឆ្លើយតប​ថា គោលបំណង​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ​ឡើង គឺ​ដើម្បី​ប្រយោជន៍​ប្រជាជាតិ​ទាំងមូល ដូចជា ការពារ​សុខភាព​សាធារណៈ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺ​រាតត្បាត ហើយក៏​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ដែរ​។ លោក បន្តថា ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ គឺ​គ្មាន​គោលបំណង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​នោះទេ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ មន្ត្រី​ច្បាប់​និង​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​ការរិះគន់​របស់គាត់ [​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​] ជាការ​រិះគន់​មិន​ផ្អែកលើ​មូលដ្ឋាន​សិទ្ធិមនុស្សទេ [តែ] ​ផ្អែកលើ​ផលប្រយោជន៍​និង​របៀបវារៈ​នយោបាយ ហើយ​ផ្អែកលើ​គំនុំគុំកួន​ផ្នែក​នយោបាយ​ច្រើនជាង​»​។​
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​កម្រ​សរសើរ​រដ្ឋាភិបាល​កម្ពុ​ជា មើលឃើញ​ទៀតថា សេចក្តីព្រាងច្បាប់​នេះ នឹងធ្វើ​ឲ្យ​អាជ្ញាធរ អាច​ចោទប្រកាន់​បុគ្គល​ឬ​ក្រុម​ណាមួយ បាន​យ៉ាង​ស្រួល​។ ជាមួយគ្នានេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស រិះគន់ថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​តាក់តែង ដោយ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​ស្ថាប័ន​ឯករាជ្យ និង​គ្មាន​នីតិវិធី​ការពារ​ណាមួយ​ឡើយ​។ 
 
​លោក ជិន ម៉ា​លីន បកស្រាយ​ថា ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ គឺ​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា​។ លោក ពន្យល់​ដូច្នេះ​ថា​៖«​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ផ្សេងទៀត មិន​តម្រូវ​ឲ្យ​យក​សេចក្តីព្រាងច្បាប់ ទៅ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ឯករាជ្យ​ណា​ផង សំខាន់​ធ្វើតាម​នីតិវិធី ផ្ទៃក្នុង និង បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា​»​។   
 
​លោក ភិល រ៉ូបឺត​សឹ​ន លើក​ជា​យោបល់​ថា មេដឹកនាំ​កម្ពុជា គួរតែ​ស្វែងរក​កិច្ចសហការ​ជាមួយ​ប្រជាពលរដ្ឋ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ មិនគួរ​គំរាម​ប្រជាពលរដ្ឋ ពី​ការចាប់​ដាក់ពន្ធនាគារ ក្រោម​បទ​ចោទ​បំពាន​វិធានការ​សុខា​​ភិ​បាល​ឡើយ​។ ទន្ទឹមនឹងនេះ លោក បាន​អំពាវនាវ​ដល់​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ រដ្ឋាភិបាល​បរទេស និង បណ្តា​ម្ចាស់ជំនួយ ដែល​ផ្តល់ជំនួយ​ដល់​កម្ពុជា រួមគ្នា​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទម្លាក់ចោល​វិញ​នូវ​រាល់​វិធានការ​ឬ​ច្បាប់ ដែល​តឹងរ៉ឹង​និង​គ្មាន​សមាមាត្រ​។ 
 
​លោក ជិន ម៉ា​លីន រិះគន់​ត្រឡប់​ទៅវិញ​ថា លោក ភិល រ៉ូបឺត​សឹ​ន មិនបាន​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា​។ លោក ប្រាប់​ទៅ​លោក ភិល រ៉ូបឺត​សឹ​ន ថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ គឺ​រដ្ឋាភិបាល​កម្ពុជា ទទួលបាន​ការចូលរួម​និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ លោក លើកឡើង ទោះ​មានការ​ចូលរួម​និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ តែ​ដើម្បី​ឲ្យ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ កាន់តែ​គ្រប់​ជ្រុងជ្រោយ​និង​កាន់​តែមាន​ប្រសិទ្ធភាព គឺ​នៅតែ​ទាមទារ​ឲ្យ​មាន​ឧបករណ៍​ច្បាប់​គ្រប់គ្រាន់​។ 
 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​រូបនេះ អធិប្បាយ​ដូច្នេះ​ថា​៖«​ការរៀបចំ​ច្បាប់​នេះ គឺ​បន្ថែម​ទៅលើ​វិធានការ ដែល​បាន​ដាក់ចេញ​កន្លងមក បន្ថែម​ទៅលើ​បទដ្ឋាន​គតិយុត្តិ ដែលមាន​នាពេល​កន្លងមក និង​បន្ថែម​ទៅលើ​កិច្ច​ចូលរួម​អនុវត្ត និង កិច្ចសហការ​របស់​ប្រជាពលរដ្ឋ​នាពេល​កន្លងមក​»​។ 
 
​ថ្វីបើ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ព្យាយាម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​វិញ​ក្តី តែ​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត បាន​ឆ្លងកាត់​ការអនុម័ត​យល់ព្រម​ពី​រដ្ឋសភា​រួចទៅហើយ តាមរយៈ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១​។ សេចក្តីព្រាងច្បាប់​នេះ ប្រហែលជា​មិនអាច​ថយក្រោយ​ឡើយ គឺ​មានតែ​ដំណើរការ​ទៅមុខ ពោលគឺ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសភា ដើម្បី​អនុម័ត​បន្ត ហើយ​ចុងក្រោយ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ទ្រង់​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​។ 
 
​សេចក្តីព្រាងច្បាប់​នេះ កំណត់​ឲ្យ​ពិន័យ​ប្រាក់​ពី​១​លាន​រៀល ដល់​៥​លាន​រៀល​ដដែល ដូច​មានចែង​ក្នុង​អនុក្រឹត្យ​លេខ​២៧ អនុ​ក្រ​.​បក ដែល​រដ្ឋាភិបាល កំពុង​អនុវត្ត ចំពោះ​អ្នក​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នក​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ប៉ុន្តែ បើ​ពួកគេ មិន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក ឬ​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​អ្នក​ទៃ សេចក្តីព្រាងច្បាប់​នេះ តម្រូវ​ឲ្យ​ពិន័យ​ពួកគេ ពី​២​លាន​រៀល ដល់​២០​លាន​រៀល និង​ត្រូវដាក់​ព​ន្ធា​គារ​ពី​៦​ខែ ដល់​៣​ឆ្នាំ​។ អនុក្រឹត្យ​លេខ​២៧ អនុ​ក្រ​.​បក ពុំបាន​ចែង​ពី​ការដាក់​ពន្ធនាគារ​នោះទេ​។ 
 
​ចំពោះ​អ្នក​គេចវេះ​ពី​ការព្យាបាល [​ជំងឺ​កូ​វីដ​-១៩] ឬ​លួច​រត់​ចេញពី​កន្លែង​ព្យាបាល ត្រូវ​ពិន័យ​ពី​៥​លាន​រៀល ដល់​២០​លាន​រៀល ព្រមទាំង​អាច​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំ ដល់​៥​ឆ្នាំ ហើយ​បើ​ឆ្លង​ដល់​អ្នកដទៃ អ្នកនោះ នឹងត្រូវ​មានទោស​កាន់​តែ​ធ្ងន់ គឺ​ត្រូវដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ​។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ខាងលើ​ដដែល​។ 
 
​សេចក្តីព្រាងច្បាប់​នេះ ចែង​ទៀតថា អ្នក ដែលមាន​ចេតនា​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ ត្រូវដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ហើយ​បើ​ចេតនា​ក្នុង​ការចម្លង​ដល់​អ្នកដទៃ​នេះ ត្រូវបាន​រកឃើញថា ធ្វើឡើង​ដោយមាន​ការរៀបចំ​ជា​ក្រុម​ឬ​មាន​អង្គការ​ចាត់តាំង អ្នកនោះ នឹងត្រូវ​ជាប់ពន្ធនាគា​រ​កាន់តែ​យូរ គឺ​ពី​១០​ឆ្នាំ ទៅ​២០​ឆ្នាំ​។ 
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស រំលេច​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​៖«​បទ​ប្បញ្ញត្តិ [​នៃ​សេចក្តីព្រាងច្បាប់​នេះ​] នឹង​បង្ក​ឲ្យ​មានការ​រំលោភបំពាន​ពី​សំណាក់​អាជ្ញាធរ ទៅលើ​ក្រុមមនុស្ស​និង​ក្រុម​សង្គម​ស៊ីវិល ដែល​តែង​ជំទាស់​នឹង​គោលនយោបាយ​និង​វិធានការ​របស់​រដ្ឋាភិបាល​»៕ 
 
 

Tag:
 HRW
  Phil Robertson
  ជិន ម៉ា​លីន​
  ច្បាប់​ទប់ស្កាត់​កូ​វីដ
© រក្សាសិទ្ធិដោយ thmeythmey.com