ជាតិ
យុវតី យើ​ន ណា​រ័ត្ន ចង់ឱ្យ​ស្ត្រី​ជនជាតិដើម​ភាគតិច​រៀន​បាន​ខ្ពស់ និង​ឈប់​ប្រឈម​ការ​រៀបការ​វ័យក្មេង​
07, Mar 2021 , 10:59 am        
រូបភាព
​កញ្ញា យើ​ន ណា​រ័ត្ន ជា​សមាជិក​ក្រុម​តំណាង​ក្មេង​ជំទង់ និង​យុវជន (AYRG) ដែលជា​គម្រោង​ទប់ស្កាត់​ការ​រៀបការ​វ័យក្មេង នៅ​ខេត្តរតនគិរី​។ មាន​វ័យ​១៩​ឆ្នាំ យុវតី​ជនជាតិដើម​ភាគតិច​ទំពួន ណា​រ័ត្ន បាន​ខ្នះខ្នែង​ផ្សព្វផ្សាយ ពី​បញ្ហា​ដែល​បណ្តាលមកពី​ការ​រៀបការ​វ័យក្មេង​ពេក ក្នុង​សហគមន៍​ខ្លួន​។ ធ្លាប់​ត្រូវបាន​ឪពុកម្ដាយ​បង្ខំ​ឱ្យ​រៀបការ កញ្ញា ណា​រ័ត្ន ចង់ឃើញ​ក្មេងស្រី​ក្នុង​សហគមន៍​ខ្លួន រៀនសូត្រ​ខ្ពស់ និង​លែង​ប្រឈម​នឹង​ការ​រៀបការ​វ័យក្មេង​ពេក​។



​កញ្ញា យើ​ន ណា​រ័ត្ន បានឱ្យដឹងថា កាល​នាង​រៀន​ថ្នាក់​ទី​៧ គ្រួសារ​របស់​នាង​បានឱ្យ​នាង​ឈប់រៀន ដើម្បី​រៀបការ​ជាមួយ​បុរស ដែលមាន​អាយុ​ស្រករ​គ្នា​។ ដោយ​ចង់​រៀន​បាន​ខ្ពង់ខ្ពស់​ដូច​ស្ត្រី​ដទៃ ដែល​កាលណោះ​មាន​វ័យ​១៣​ឆ្នាំ ណា​រ័ត្ន បាន​ជំទាស់​នឹង​បំណង​គ្រួសារ ដោយបាន​លួងលោម​ឱ្យ​គ្រួសារ​យល់ព្រម ឱ្យ​ខ្លួន​រៀន​បន្ត​។  ហើយ​សព្វថ្ងៃ ណា​រ័ត្ន កំពុង​សិក្សា​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ភូមិ​ថ្មី នៅ​ខេត្តរតនគិរី​។ 
 
​កញ្ញា ណា​រ័ត្ន បាន​រំឭក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖« ពីដំបូង​ពួកគាត់​មានប្រតិកម្ម​ជាមួយ​ខ្ញុំ ធម្មតា​ទេ ព្រោះ​ពួកគាត់​ចង់ឱ្យ​រៀបការ ហើយ​ខ្ញុំ​ឆ្លើយ​ភ្លាមៗ ថា​អត់​ព្រម​រៀបការ​អ៊ីចឹង​។ ពួកគាត់​ថា បើសិន​ខ្ញុំ​អត់​រៀបការ​ទេ នឹង​ឱ្យ​ចេញពីផ្ទះ​។ ដល់ពេល​ខ្ញុំ​ចាប់ផ្ដើម​ពន្យល់​ពួកគាត់​ថា បើសិន​ខ្ញុំ​រៀបការ នឹងមាន​ផលប៉ះពាល់​ច្រើន ព្រោះ​ពួក​ខ្ញុំ​នៅ​ក្មេងៗ មានតែ​ធ្វើស្រែ​ចំការ​។ បើ​គ្មាន​ចំណេះដឹង ទៅ​ថ្ងៃ​ខាងមុខ អាច​ប្រក​បរបរ​អ្វី​បាន ហើយ​ពេល​មាន​កូនចៅ តើ​ប្រដៅ​កូនចៅ​បាន​យ៉ាងម៉េច បើ​គ្មាន​ចំណេះ​ដឹងផង​»​។  


 
​បើតាម កញ្ញា ណា​រ័ត្ន ដ្បិត​ខ្លួន​បាន​រួចផុត ពី​ការ​រៀបការ​វ័យក្មេង​ក្ដី ប៉ុន្តែ​មាន​ក្មេងស្រី​ជនជាតិដើម​ភាគតិច មិនសូវ​ច្រើន​នោះទេ ដែល​ហ៊ាន​ជំទាស់​នឹង​បំណង​គ្រួសារ ដោយ​ព្រម​រៀបការ​ទាំង​វ័យក្មេង ទាំង​ខ្លួន​មិន​ពេញចិត្ត​។ លើសពីនេះ គ្រួសារ​ដែល​រៀបការ​ទាំង​វ័យក្មេង ភាគច្រើន​បាន​ជួប​បញ្ហា​ជាច្រើន ដូចជា​អំពើហិង្សា​ក្នុង​គ្រួសារ លែងលះគ្នា និង​មាន​បញ្ហា​សុខភាព ដោយ​ការ​មានកូន​វ័យក្មេង​ពេក​ជាដើម​។ យល់ច្បាស់​ពី​ទុក្ខលំបាក នៃ​ការបង្ខំ​ឱ្យ​រៀបការ​ទាំង​ក្មេងខ្ចី បានធ្វើឱ្យ​យុវតី​វ័យ​១៩​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​តំណាង​ក្មេង​ជំទង់ និង​យុវជន (AYRG) ក្នុង​ឆ្នាំ​២០១៨ ព្រោះ​ចង់ឱ្យ​ឪពុកម្ដាយ​ក្នុង​សហគមន៍ បាន​យល់ដឹង​ពី​បញ្ហា​ប្រឈម នៃ​ការ​រៀបការ​វ័យក្មេង និង​ឈប់​បង្ខំ​ឱ្យ​កូនស្រី​រៀបការ​ទៀត​។​
 
 «​ខ្ញុំ​បាន​ជួយ​ដល់​សហគមន៍ ដូចជា​ការផលិត​វីដេអូ​អប់រំ និង​ចុះ​ផ្សព្វផ្សាយ​តាម​ភូមិ ពី​ផល​លំបាក នៃ​ការ​រៀបការ​វ័យក្មេង​។ ពេល​ពួក​ខ្ញុំ​ចុះ​ផ្សព្វផ្សាយ និង​បញ្ចាំង​វីដេអូ​ហ្នឹង ពួកគាត់​មាន​អារម្មណ៍​ភ័យខ្លាច  ហើយ​ឪពុកម្ដាយ​ខ្លះ ក៏​ចាប់ផ្ដើម​យល់ ហើយ​ឱ្យ​កូន​ពួកគាត់​រៀន​បន្ត​»​។ នេះ​ជាការ​អះអាង​របស់ កញ្ញា ណា​រ័ត្ន ដែល​នាង​បាន​បន្ថែមថា ឪពុកម្ដាយ​ជា​បុគ្គល​ដ៏​សំខាន់ ក្នុង​ការជំរុញឱ្យ​កូនស្រី​រៀនសូត្រ ជាជាង​បង្ខំ​ឱ្យ​រៀបការ​។ 
 
​ជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ ជនជាតិដើម​ភាគតិច​ទំពួន ណា​រ័ត្ន បានផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ការអប់រំ​។ សម្រាប់​កញ្ញា ណា​រ័ត្ន ក្មេងស្រី​ទាំងអស់​សុទ្ធតែ​មានឱកាស ទទួលបាន​ការអប់រំ​ខ្ពស់ ហើយ​នាង​ជឿជាក់ថា តាមរយៈ​ការអប់រំ និង​ធ្វើឱ្យ​ក្មេងស្រី មាន​ជម្រើស​ច្រើន និង​ហ៊ាន​សម្រេចចិត្ត​ដោយ​ខ្លួនឯង ជាពិសេស​ចៀស​ផុតពី​ការ​រៀបការ​វ័យក្មេង​ផងដែរ​៕  

Tag:
 ជនជាតិដើម​ភាគតិច​
  ក្មេងស្រី
  យើ​ន ណា​រ័ត្ន​
  សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com