ជាតិ
អតីត​អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ លោក ជុំ កា​ណា​ល់ ទទួលមរណភាព ក្នុង​ជន្មាយុ​៧០​ឆ្នាំ​
07, Mar 2021 , 3:54 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកនិពន្ធ ជុំ កា​ណា​ល់ ជា​អតីត​អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​(១៩៩៥-១៩៩៧) បានទទួល​មរណភាព ក្នុង​ជន្មាយុ​៧០​ឆ្នាំ ដោយ​ជរាពាធ នៅ​គេហដ្ឋាន​សព ក្នុងភូមិ​ម័​រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ៧.០០​នាទី​ព្រឹក ថ្ងៃអាទិត្យ​ទី​៧ ខែមីនា ឆ្នាំ​២០២១​។​

 
​បើតាម​លោក ព្រាម តុង ដែល​ត្រូវជា​កូនប្រសារ​របស់​សព បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សព​របស់លោក ជុំ កា​ណា​ល់ និង​ត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ ខែមីនា នៅ​វត្ត​ឫស្សី​សាញ​។ «​សព​របស់គាត់​យើង​នឹង​បូជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ នៅ​វត្ត​ឫស្សី​សាញ លើផ្លូវ​៥០​ម៉ែត្រ នៅ​ជិត​ព្រៃ​ស​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ព្រាម តុង​។​
 
​លោក ជុំ កា​ណា​ល់ កើត​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៤៩​។ លោក បាន​ក្លាយជា​សិស្ស​របស់​ព្រះ​ភិក្ខុ​ធម្មបាល ខៀវ ជុំ ក្នុង​ឆ្នាំ​១៩៦៣ ដោយ​ស្នាក់នៅ​វត្ត​លង្ការ​។ ចំណេរ​ក្រោយមកទៀត លោក​បាន​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​និពន្ធ​ប្រលោមលោក ជាមួយនឹង​មិត្ត​ភ័ក្ត្រ ទី ជី​ហួត​។ លោក ជុំ កា​ណា​ល់ ជា​អ្នកកាសែត នៅក្នុង​ឆ្នាំ​១៩៧១ ដល់​សម័យ​ប៉ុលពត​ឆ្នាំ​១៩៧៥​។​
 
​លោក ជុំ កា​ណា​ល់ មានចំណេះ​និង​ជំនាញ​ជាច្រើន ដោយបាន​ទទួល​តួនាទី​ធំៗ​មួយចំនួន​។ ហើយ​ខាងក្រោម​នេះ គឺជា​ប្រវត្តិ​ការ​ការ​និង​តួនាទី​របស់លោក​។ 
 
​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៧៩ ដល់ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៨០ លោក​ជា​ប្រធាន​ចាត់តាំង​ស្រុក​ដង្កោ ខេត្តកណ្ដាល​។ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៨០ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​១៩៨៨ លោក​ជា​អភិបាលស្រុក​ដង្កោ ខេត្តកណ្ដាល​។ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៨១ លោក​បាន​ចូលក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ជា​ប្រធាន​គណៈកម្មការ ត្រួតពិនិត្យ​អត្ថបទ​ប្រលោមលោក និង​ជា​អ្នកនិពន្ធ​ប្រលោមលោក​ផងដែរ ដោយ​ក្នុងនោះ​មានរឿង “​ប្រាំ​ឆ្នាំ​ចាំ​បង​” រឿង “​នឹក​ខេត្តពោធិសាត់​” រឿង “​ខុស​បំណង​” រួមទាំង​អត្ថបទ​អក្សរសិល្ប៍​ខ្មែរ​សង្ខេប​បែប​ថ្មី​ទំនើប​។ 
 
​លោក ជុំ កា​ណា​ល់ ជា​ចា​ហ្វា​ង​ផលិតកម្ម​ឥន្ទ្រី​មាស​ភាពយន្ត ដែលជា​អ្នកនិពន្ធ​អត្ថបទ​ភាពយន្ត​ផង និង​ជា​អ្នកដឹកនាំ​ថត​ភាពយន្ត​ចំនួន​៣​រឿង​ផង ដូចជា​រឿង “​ឃ្លាត​ទាំង​ទឹកភ្នែក​” រឿង “​ថ្ងៃ​ណា​អូន​វិល​វិញ​” និង​រឿង មេកន្ទ្រាញ​ភ្នំ​១០០”​។​
 
​ពីថ្ងៃ​ទី​២​ខែកុម្ភៈ ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​១៩៩៥ ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​។ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​១៩៩៥ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩ ជា​ប្រធាន​សម្ព័ន្ធ​សារព័ត៌មាន​កម្ពុជា​។ ឆ្នាំ​១៩៩៦ ជា​សមាជិក​សម្ព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ​(IFJ) ស្នាក់ការ​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​។ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០០១ ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 
 
​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០០១ ដល់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០០៩ ជាម​ន្ត្រី​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី នាទី​ស្ដីការគណៈរដ្ឋមន្ត្រី​។ ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៥  បន្ត​ដឹកនាំ​ជា​ប្រធាន​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ជា​លើក​ទី​២ ដោយមាន​ការបោះឆ្នោត​។ លោក​ក៏​ជា​ចា​ហ្វា​ង​កាសែត​ដំណឹង​ចុងក្រោយ​ផងដែរ​៕ 
 
 

Tag:
 មរណភាព​
  អ្នកនិពន្ធ​
  ជុំ កា​ណា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com