ជាតិ
ជប៉ុន​នឹង​ផ្ដល់​ជំនួយឥតសំណង សង់​ផ្លូវ​រត់​អត្តពលកម្ម​៨​ខ្សែ សង់​កន្លែង​លាងដៃ​ក្នុង​សាលារៀន​ចំនួន​៦
07, Mar 2021 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ជប៉ុន​នឹង​ផ្ដល់​ជំនួយឥតសំណង ដល់​គម្រោង​សាងសង់​ផ្លូវ​រត់​អត្តពលកម្ម ចំនួន​៨​ខ្សែ និង​សាងសង់​កន្លែង​លាងដៃ នៅក្នុង​សាលារៀន​ចំនួន​៦ នៅ​ភាគ​ខាងលិច​នៃ​ខេត្តស្ទឹងត្រែង​។​


​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ផ្នែក​វប្បធម៌​គូ​សាណូ​ណិ និង​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​គូ​សាណូ​ណិ កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ ដោយ​ធ្វើឡើង​តាមរយៈ​ការផ្លាស់ប្តូរ​កិច្ចសន្យា​តាម​ប្រៃសណីយ៍​។​
 
​គម្រោង​ទី​១ សម្រាប់​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា ៩០,៦៤០ ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​រត់​អត្តពលកម្ម​ចំនួន​៨​ខ្សែ​។ គម្រោង​នេះ​នឹង​ត្រូវបាន​គាំទ្រ​តាមរយៈ​ជំនួយឥតសំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ផ្នែក​វប្បធម៌ ដែល​ជួយ​សម្របសម្រួល​ការផ្លាស់​ប្តូរ​វប្បធម៌ និង​រឹតចំណង​មិត្តភាព​។ 
 
​ជំនួយឥតសំណង​នេះ ក៏​នឹង​ជួយ​ដល់​ការយោគយល់​គ្នា​កាន់តែខ្លាំង​ឡើង រវាង​ប្រទេស​ជប៉ុន​និង​ប្រទេស​កម្ពុជា តាមរយៈ​ការគាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​លើកកម្ពស់​វប្បធម៌ និង​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា​។ គរុ​សិស្ស និង​គ្រូ​ប្រមាណ ៤០០​នាក់ នៅ​NIPES និង​សិស្ស​ជាង ៩៣​ម៉ឺន​នាក់​មកពី​សាលារៀន​ជិតខាង នៅ​កម្ពុជា នឹង​អាច​ប្រើប្រាស់​ផ្លូវ​រត់​អត្តពលកម្ម​ថ្មី​នេះ សម្រាប់​ការប្រលង និង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ ព្រមទាំង​អាច​ទទួលបាន​ការអប់រំ​កាយ​ប្រសើរ​ជាង​មុន​។​
 
​ក្នុង​គម្រោង​ទី​២ សម្រាប់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ២៥,៥៣៤ ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​កន្លែង​លាងដៃ និង​ស៊ីទែន​ទឹក នៅ​សាលារៀន​ចំនួន​៦ នៅ​ភាគ​ខាងលិច​នៃ​ខេត្តស្ទឹងត្រែង​។ តាម​ការរំពឹង គម្រោង​នេះ​នឹង​កែលម្អ​អនាម័យ​សម្រាប់​សិស្ស​ប្រមាណ​៨៤០​នាក់ និង​គ្រូ​៨០​នាក់ នៅ​សាលារៀន​ចំនួន​៦​នៅក្នុង​តំបន់ ព្រមទាំង​ជួយ​ការពារ​ពី​ជម្ងឺឆ្លង​ផ្សេងៗ​រួមទាំង​កូ​វីត​១៩​ផងដែរ​។​
 
​ចាប់តាំងពី​ឆ្នាំ​១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយឥតសំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន​បាននិងកំពុង​អនុវត្ត​គម្រោង KUSANONE នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គម្រោង​របស់​ពួកគាត់​។ KUSANONE មានន័យថា “​ឬ​ស​ស្មៅ​” ក្នុង​ភាសា​ជប៉ុន​។ នៅក្នុង​រយៈពេល​៣​ទសវត្សរ៍​ចុងក្រោយ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួមចំណែក​ក្នុង​គម្រោង​ជាង​៦០០ តាមរយៈ​ជំនួយឥតសំណង KUSANONE​។ រដ្ឋាភិបាល​ជប៉ុន មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​គម្រោង​ទាំងនេះ បាន​ចូលរួមចំណែក​ដោយផ្ទាល់ ក្នុងការ​កែលម្អ​គុណភាព​នៃ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន និង​ការលើកកម្ពស់​វប្បធម៌ និង​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​កម្រិត​មូលដ្ឋាន​៕
 

Tag:
 ជប៉ុន​
  ជំនួយ​
 ​ផ្លូវ​
 ​សាលា​
© រក្សាសិទ្ធិដោយ thmeythmey.com