COVID-19
អន្តរជាតិ
ការនាំចេញ​របស់​ចិន​កើនឡើង​ខ្ពស់បំផុត ក្រោយ​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩
07, Mar 2021 , 4:49 pm        
រូបភាព
ការដឹកជញ្ជូនទំនិញតាមនាវា។ រូបភាព៖AFP
ការដឹកជញ្ជូនទំនិញតាមនាវា។ រូបភាព៖AFP
ដោយ:
​កំណើន​នៃ​ការនាំចេញ​ផលិតផល​របស់​ចិន មានការ​កើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​។ របាយការណ៍​ផ្លូវ​ការណ៍​នៃ​រដ្ឋាភិបាល​ចិន បង្ហាញថា​កំណើន​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​បន្ទាប់ពី​សកម្មភាព​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​របស់​ចិន​ងើប​ឡើងវិញ​ក្រោយ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​។​


​ផលិតផល​អេ​ឡិ​ក​ត្រូ​និក និង​សម្លៀកបំពាក់​ដែល​រួមមាន​ម៉ាស់ និង​ឧបករណ៍​ពាក់​ការពារ​ខ្លួន​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ រួមចំណែក​យ៉ាង​សន្ធឹកសន្ធាប់​ដល់​ការ​ងើបឡើង​វិញ​នូវ​ការនាំចេញ​របស់​ចិន​។ ការនាំចេញ​របស់​ចិន​កើនឡើង​ចំនួន​៦០,៦​ភាគរយ​នៅ​ចន្លោះ​ខែមករា និង​កុម្ភៈ​ឆ្នាំ​២០២១ ធៀប​ទៅនឹង​ពេលវេលា​ដូចគ្នា​នា​ឆ្នាំ​២០២០ ចំណែកឯ​ការនាំ​ចូល​វិញ​កើន​២២,២​ភាគរយ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
​កំណើន​នៃ​ការនាំចេញ​របស់​ចិន​នេះ គឺជា​ការកើនឡើង​ក្រោយពេល​ការនាំចេញ​របស់​ចិន​ធ្លាក់ចុះ​១៧​ភាគរយ និង​៤​ភាគរយ​សម្រាប់​ការនាំ​ចូល​នា​ឆ្នាំ​២០២០​។ ការមិនអាច​ទប់​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​នៅ​ដំណាក់កាល​ដំបូង និង​ការធ្វើការ​នៅផ្ទះ ក៏ដូចជា​ការបើក​ជាប​ណ្តើ​រៗ​នូវ​អាជីវកម្ម​ជាហេតុ​នាំឱ្យ​ការនាំចេញ និង​នាំចូល​ធ្លាក់ចុះ​។​
 
​ចំពោះ​ការកើនឡើង​ក្នុង​កម្រិត​ដ៏​ច្រើន​នៃ​ការនាំចេញ​នេះ មន្ត្រី​គយ​ចិន​និយាយថា ភាគរយ​មាន​ចំនួន​ខ្ពស់​ដោយសារ​មូលដ្ឋាន​ប្រៀបធៀប​មាន​ទំហំ​តិច​។ របាយការណ៍​ផ្លូវ​ការណ៍​របស់​អាជ្ញាធរ​គយ​ចិន បង្ហាញថា​ការនាំចេញ​ផលិតផល​អេ​ឡិ​ក​ត្រូ​និក មានការ​កើនឡើង​៥៤,១​ភាគរយ ខណៈ​ផលិតផល​វាយ​ន​ភណ្ឌ​មានការ​កើនឡើង​៥០,២​ភាគរយ ចំណែកឯ​ទឹកប្រាក់​ដែល​ចំណេញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​មាន​ទំហំ​១០៣,៣​ពាន់​លាន​ដុល្លារ​។​
 
​អាជ្ញាធរ​គយ​ចិន បញ្ចូល​ទិន្ន័យ​ខែមករា និង​កុម្ភៈ​ក្នុង​ចំនួន​តែមួយ​ដោយសារតែ​គ្រានោះ​ចិន កំពុង​ប្រយុទ្ធ​ទៅនឹង​ករណី​ឆ្លង​ទម្រង់​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ដើម្បី​រាប់បញ្ចូល​ចំណាយ​នាពេល​ចូលឆ្នាំ​ចិន​ផងដែរ​។​
 
​អាជ្ញាធរ​គយ​ចិន​និយាយថា​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ចិន​មាន​សភាព​រឹងមាំ បើទោះបីជា​ពុំមែន​ជា​រដូវ​ដែលមាន​តម្រូវការ​ច្រើនក្តី​។ រឿងនេះ បណ្តាលមកពី​ការចាប់ផ្តើម​ទិញ​ឡើងវិញ​នៅ​បណ្តារ​ប្រទេស​អឺរ៉ុប និង​អាមេរិក​អំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការកើនឡើង​នូវ​តម្រូវការ​ក្នុងស្រុក​ផងដែរ​។ បន្ថែម​ពីនេះ ផលិតកម្ម​ក្នុងអំឡុង​ខែមករា និង​កុម្ភៈ​មានការ​កើនឡើង ដ្បិតអី​អាជ្ញាធរ​អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុក និង​បន្តរ​ធ្វើការ​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​។​
 
«​ក្រុមហ៊ុន​ជាច្រើន​នៅ​ខេត្ត​Guangdong និង​Zhejiang  បន្តរ​រក្សា​កម្រិត​ផលិតកម្ម​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ដែលជា​ហេតុ​ធ្វើឱ្យ​សេដ្ឋកិច្ច​អាច​ងើបឡើង​ច​ខ្ពស់​ជាការ​រំពឹងទុក​»​។ នេះ​ជាការ​លើកឡើង​ក្នុង​របាយការណ៍​គយ​ចិន​។ ចំពោះ​ការកើនឡើង​ក្នុងការ​នាំចូល​វិញ បណ្តាលមកពី​ក្រុមហ៊ុន​មួយចំនួន​ទិញ​ទុក​នូវ​សម្ភារៈ​មួយចំនួន​ដូចជា​សៀគ្វី រ៉ែ​ដែក និង​ប្រេង​ឆៅ​ជាដើម​។​
​ទោះ​ជាការ​នាំចូល និង​នាំចេញ​កើនឡើង​ក្នុង​ខែមករា និង​កុម្ភៈ​ក្តី អាជ្ញាធរ​ចិន​និយាយថា​ភាពមិនច្បាស់លាស់​នៃ​ស្ថានការណ៍​ពិភពលោក នឹងធ្វើ​ឱ្យ​ចិន​ចំណាយពេល​យូរ​ទៅមុខទៀត​ដើម្បី​សម្រេចបាន​កំណើន​ពាណិជ្ជកម្ម​ប្រកបដោយ​ស្ថិរភាព​៕
 
 

Tag:
 ចិន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com