ជាតិ
សាស្ត្រាចារ្យ ហ៊ុន សារ៉ាត់​៖«​ខ្ញុំ​ចេះតែ​ខ្វល់​ខ្លាច​បាត់បង់​ចម្រៀង​មហោរី ស្ដាយ​អរិយធម៌​ខ្មែរ​ដ៏​ល្អ​នេះ​»
07, Mar 2021 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ឆ្នាំ​២០២១​នេះ គ្រូ​ជំនាញ​ផ្នែក​ចម្រៀង​បុរាណ ជាពិសេស​ចម្រៀង​មហោរី មាន​ប្រហែល​មិន​ដល់​១០​រូប​ផង រីឯ​ចំនួន​សិស្ស​ដែល​ចាប់យក​ជំនាញ​នេះ​ទៀតសោត ក៏​កាន់តែ​ខ្សត់ខ្សោយ​ថែមទៀត​។ ជា​មរតក​ដូនតា បន្សល់ទុក​ច្រើន​សតវត្សរ៍ ចម្រៀង​មហោរី ជា​ទម្រង់​សិល្បៈ​ទាមទារ​មនុស្ស​មាន​ទេពកោសល្យ​ខ្ពស់​ពី​កំណើត និង​ការប្រឹងប្រែង​ខ្លាំង ទើប​អាច​ចាប់​យកបាន​។ សាស្ត្រាចារ្យ​ចម្រៀង​មហោរី ហ៊ុន សារ៉ាត់ ដែលមាន​ទឹកដម​សំឡេង​ដ៏​ពីរោះ បែប​បុរាណ​កម្រ​រកបាន​នោះ កំពុង​ព្រួយបារម្ភ​ខ្លាំង ចំពោះ​ការបន្ត​វេន​សិល្បៈ​មួយ​ទម្រង់​នេះ​។


​បច្ចុប្បន្ន​គឺជា​សាស្ត្រាចារ្យ បង្រៀន​ចម្រៀង​មហោរី នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ហើយក៏​ជាទី​ប្រឹក្សា​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ហ៊ុន សារ៉ាត់ ខំ​ឆ្លៀត​ពេលទំនេរ​បន្តិចបន្តួច​ដែល​នៅ​សេសសល់ ទៅ​បង្រៀន​ចម្រៀង​មហោរី ដល់​ក្មេងជំនាន់ក្រោយ ក្នុង​វត្ត​កោះ​ថែមទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រូ​ចម្រៀង​បុរាណ ដែលមាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​រូបនេះ ថែមទាំង​ឆ្លៀតពេល បង្រៀន​មហោរី​តាម​អន​ឡាញ ដល់​សិស្ស​នៅ​អាមេរិក និង​នៅ​បារាំង​ផងដែរ​។


អ្នក​ស្រី ហ៊ុន សារ៉ាត់ គ្រុបង្រៀន​ចម្រៀង​មហោរី 

​បង្រៀន​សិស្ស​ប្រមាណ​ជាង​១០​ឆ្នាំ អ្នកស្រី ហ៊ុន សារ៉ាត់ មាន​សិស្ស​ប្រហែល​តែ​២០​នាក់​ប៉ុណ្ណោះ ដោយ​គិត​ទាំង​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ និង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ ស្ថិតក្នុង​វ័យ​៦៩​ឆ្នាំនេះ បើ​និយាយ​ពី​ជីវភាព​គ្រួសារ ល្មម​អាចឱ្យ​ស្ត្រី​មេម៉ាយ​កូន​៥​នាក់ ដែល​ស្វាមី​បាន​ស្លាប់​ក្នុងសម័យ​ប៉ុលពត​នោះ សម្រាក​នៅផ្ទះ​បាន​ហើយ​។ ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់ និង​ការព្រួយបារម្ភ​ខ្លាច​ទម្រង់​ចម្រៀង​មហោរី​បាត់បង់ ទើបបានជា​ជំរុញ​ចិត្ត​អ្នកស្រី ត្រូវតែ​ខំ​ផ្ទេរ​ជំនាញ​ដែល​ខ្លួន​មាន ទៅ​អ្នក​បន្តវេន​ឱ្យអស់​លទ្ធភាព​។​
 
«​ខ្ញុំ​តែងតែ​ពន្យល់​សិស្ស​ថា ឯង​រាល់គ្នា​ត្រូវ​ប្រឹង​យកចំណេះ​នេះ​ឱ្យបាន ព្រោះ​ខ្សត់​អ្នកចេះ​ណាស់​។ មួយ​ស្រុក​ខ្មែរ អ្នកជំនាញ​មាន​មិន​ដល់​១០​នាក់​ទេ ប៉ុន្តែ​បើ​អ្នកចម្រៀង​សម័យ​វិញ យក​ប៉ុន្មាន​ឡាន​ក៏​មិន​អស់​ដែរ​។ អ្នកមាន​ចំណង់​ចំណូលចិត្ត​តិច ដោយសារ​គេ​មិនដឹងថា​របស់​នេះ​មានតម្លៃ​។ ជំនាញ​នេះ​ខ្សត់​គ្រូ អ្នករៀន​ក៏​ខ្សត់ បានជា​ខ្ញុំ​ចេះតែ​ខ្វល់​ខ្លាច​តែ​បាត់បង់ ស្ដាយ​អរិយធម៌​ខ្មែរ​ដ៏​ល្អ ដែល​ដូនតា​គាត់​ខំ​ថែរក្សា​ទុក​មក ហើយ តែ​យើង​មិនចេះ​ថែ​»​។ នេះ​គឺជា​ក្ដី​ព្រួយបារម្ភ​របស់​គ្រូបង្ហាត់​ចម្រៀង​មហោរី ហ៊ុន សារ៉ាត់​។​
 
​បើតាម​អ្នកស្រី ហ៊ុន សារ៉ាត់ ចម្រៀង​មហោរី ដែល​ស្ថិតក្នុង​ទម្រង់​ចម្រៀង​បុរាណ​នេះ ខ្សត់​អ្នកចេះ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ គឺ​គ្រា​ដែល​អ្នកស្រី​នៅ​ជា​សិស្ស​នៅឡើយ ក៏​ព្រោះតែ​ជំនាញ​នេះ​ទាមទារ អ្នកមាន​សំឡេង​ល្អ មាន​ទេពកោសល្យ​ខ្ពស់​ពី​កើត បូក​រួមទាំង​ការអត់ធ្មត់​ខ្លាំង​ផង​។  
 
​ដ្បិតតែ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ពិបាក​រក​អ្នកមាន​ឧបនិស្ស័យ​ខ្ពស់​ពី​កំណើត​ក៏ពិតមែន ប៉ុន្តែ​នៅតែមាន​អ្នក​បន្តវេន​។ មាន​តួនាទី​ស្រាវជ្រាវ និង​ចងក្រង​បទ​ចម្រៀង​បុរាណ ទុកជា​ឯកសារ​សម្រាប់​ក្មេងជំនាន់ក្រោយ អ្នកស្រី ហ៊ុន សារ៉ាត់ ថា​ការរៀន​ច្រៀង​ចម្រៀង​មហោរី ពិតជា​មានការ​លំបាក​មែនហើយ ប៉ុន្តែ​ការបង្រៀន​នោះ​ទៀតសោត ក៏​រឹងរឹតតែ​មិនមែនជា​រឿង​ធម្មតា​ឡើយ​។

កុមារី ហ៊ុន សារ៉ាត់ ច្រៀង​មហោរី​ក្នុង​ពិធី​មួយ​ជា​មួយ​លោក ស៊ីន ស៊ីសាមុត ក្នុង​ទសវត្សរ៍ឆ្នាំ​៦០

​អ្នកស្រី​ពន្យល់​បន្ថែម​៖«​សិស្ស​នៅ​សាលា​វត្ត​កោះ​បាន​ជាង​១០​នាក់ បើ​សិស្ស​នៅ​សាលា​មធ្យម និង​នៅ​សកលវិទ្យា​ល័យ មាន​តិច​មែនទែន ថា​៥​នាក់​ចុះ​ឆ្នាំនេះ​។ មួយ​សប្ដាហ៍​ខ្ញុំ​បង្រៀន​មួយ​ម៉ោង ពី​ម៉ោង​១០​កន្លះ ដល់​ម៉ោង​១១​កន្លះ​ព្រឹក​នៅ​វត្ត​កោះ​។ រៀន​ច្រៀង​មហោរី ត្រូវតែ​មានការ​ផ្ចង់អារម្មណ៍​ខ្លាំងណាស់ សូម្បីតែ​បែក​អារម្មណ៍​មួយ​វិនាទី ក៏​មិនបាន​ផង​។ អ្នកខ្លះ​មាន​សំឡេង​ល្អ​ហើយ ប៉ុន្តែ​គេ​ចាប់​មិនសូវ​បាន ក៏​រៀន​យឺត​ដែរ​។ បង្រៀន​ត្រូវការ​ពន្យល់​មួយ​វគ្គ​ម្ដងៗ មួយ​ពាក្យ​ម្ដងៗ ហើយ​ការបញ្ចេញ​សំលេង​រឹតតែ​សំខាន់ ត្រូវតែ​ច្រៀង​ឱ្យចំ​តួអក្សរ​។ បើ​សិស្ស​មិនទាន់​យល់ ច្រៀង​មិនទាន់​ល្អ​ដល់​កម្រិត គឺ​មិនអាច​បង្រៀន​ទៅមុខ​បានទេ​»​។​
 
​ងាក​ចេញពី​ការបង្ហាត់​ច្រៀង​បន្តិច ដោ​យមក​ចាប់អារម្មណ៍​ពី​អតីតកាល គ្រា​ដែល​អ្នកស្រី ហ៊ុន សារ៉ាត់ ចាប់ផ្ដើម​ដំណើរ​ជីវិត​លើ​វិថី​សិល្បៈ​។ រៀន​ថ្នាក់​ទី​១១(​បច្ចុប្បន្ន​ថ្នាក់​ទី​២) គឺ​នៅ​អាយុ​៨​ឆ្នាំ កុមារី ហ៊ុន សារ៉ាត់ បាន​ចូល​ហាត់​របាំ​ដើរតួ​នាង និង​តួ​នាយ​រោង​(​តួ​ប្រុស​) ដោយ​រៀន​ក្នុង​មួយ​សប្ដាហ៍​មួយថ្ងៃ គឺ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។ ដ្បិតតែ​ខ្លួន​ជា​ក្មេងស្រី ប៉ុន្តែ​កុមារី សារ៉ាត់ មាន​រាង​ខ្ពស់​ដូចជា​មនុស្ស​ប្រុស​អ៊ីចឹង គឺ​ខ្ពស់​ផុត​អស់​ក្មេងស្រី​របាំ​ទាំងពួង ទើបបានជា​គ្រូ​តែងតែ​ឱ្យ​នាង​ដើរតួ​នាយ​រោង​ជានិច្ច​។ 
 
​ដោយសារ​តែមាន​ទេពកោសល្យ​ខ្ពស់ ខាង​ផ្នែក​ចម្រៀង កុមារី ហ៊ុន សារ៉ាត់ បាន​ទៅ​រៀន​ច្រៀង​មហោរី បន្ថែម​លើ​ការហាត់​រៀន​របាំ នៅ​អាយុ​១២​ឆ្នាំ ពោលគឺ​ក្រោយពី​កុមារី​រូបនេះ បាន​ប្រឡង​ចម្រៀង​សម័យ​ទូទាំងប្រទេស​ជាប់​លេខ​២​។ ទោះជា​យ៉ាងណា នៅ​អាយុ​១៤​ឆ្នាំ កុមារី សារ៉ាត់ ដែលមាន​សំឡេង​ច្រៀង​ពីរោះ ហើយ​មាន​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់ ពី​ដំណើ​ត​ផង​នោះ បាន​ចាប់​យកតែ​ជំនាញ​ចម្រៀង​បុរាណ​ប៉ុណ្ណោះ​។


រូប​ថតអនុស្សាវរី របស់​អ្នក​ស្រី ហ៊ុន សារ៉ាត់ 

​ជា​ក្មេងស្រី​ម្នាក់​ដែល​ទទួល​បានការ​សព្វ​ព្រះរាជហឫទ័យ​ពី ព្រះមហា​ក្សត្រិយានី ស៊ីសុវត្ថិ កុស​មៈ នារីរ័ត្ន សេរី​វ​ឌ្ឍ​នា ដែលជា​ព្រះ​មាតា​របស់ ព្រះ​បរម​រតន​កោដ្ឋ កុមារី ហ៊ុន សារ៉ាត់ បានទទួល​ការបង្រៀន​ចម្រៀង​មហោរី​ពី​អ្នកគ្រូ ព្រំ សុខុម យ៉ាង​ពិសេស តប​តាម​ការ​ត្រាស់បង្គាប់​។ ទទួល​បានការ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ក៏​ព្រោះតែ​សំឡេង​របស់​កុមារី ហ៊ុន សារ៉ាត់ មាន​លក្ខណៈ​ល្អ​វិសេស​បែប​បុរាណ កម្រ​រកបាន​នោះ​ហើយ​។​
 
​អ្នកស្រី ហ៊ុន សារ៉ាត់ បន្ថែម​៖«​មាតា​របស់​ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​បាន​ត្រាស់បង្គាប់​គ្រូធំ​របស់ខ្ញុំ​គឺ​អ្នកគ្រូ ព្រំ សុខុម ថា​ត្រូវតែ​ប្រឹង​បង្រៀន​ខ្ញុំ​ឱ្យ​មែនទែន ព្រោះ​សំលេង​របស់ខ្ញុំ កម្រ​រកបាន​ណាស់ ជា​សំឡេង​បែប​បុរាណ សំឡេង​ខ្ពស់ ហើយ​ឮ​ខ្លាំង​មិនចាំបាច់​ដាក់​មេក្រូ​។ ខ្ញុំ​បង្រៀន​សិស្ស​ជាង​១០​ឆ្នាំ​ហើយ ខ្ញុំ​មិនទាន់​រកបាន​ទេ សំលេង​ខ្ពស់ ហើយ​ឮ​ខ្លាំង​ដូច​ខ្ញុំ​។ ក្មេងជំនាន់ក្រោយ មាន​អ្នក​ច្រៀង​ពីរោះ ប៉ុន្តែ​សំលេង​ពួកគេ​មិនសូវ​ឮ​ខ្លាំង ដែល​មិនអាច​ថា ច្រៀង​ដោយ​មិន​ដាក់​មេក្រូ​បានទេ​»​។​
 
​ក៏​ជា​សិស្ស​របស់​អ្នកគ្រូ ឯម ធា​យ លោក ស៊ីន ស៊ី​សាមុត និង​លោក សុះ ម៉ាត់ ផ្នែក​ចម្រៀង​មហោរី កុមារី ហ៊ុន សារ៉ាត់ បានទទួល​ប្រាក់ខែ​៥០០​រៀល ដែលជា​ព្រះរាជទាន​របស់​ព្រះមហា​ក្សត្រិយានី ស៊ីសុវត្ថិ កុស​មៈ នារីរ័ត្ន សេរី​វ​ឌ្ឍ​នា ខណៈពេលដែល​គ្រូៗ​របស់ខ្លួន ទទួលបាន​ប្រាក់ខែ​១,៥០០​រៀល​នោះ​។ សូមបញ្ជាក់ថា​តម្លៃ​មាស​កាលពី​សម័យ​នោះ មួយ​ជី​តែ​៣០០​រៀន​ប៉ុណ្ណោះ ហើយ​នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ហ៊ុន សារ៉ាត់​។​
 
​ត្រូវជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​៨​នាក់ អ្នកស្រី ហ៊ុន សារ៉ាត់ ដែល​កើត​ក្នុង​គ្រួសារ​អ្នកជំនួញ​នោះ ថា​គាត់​មានសំណាង​បាន​ទៅ​ក្រៅប្រទេស ច្រើន ក៏​ដោយសារ​ចម្រៀង​មហោរី​ដែរ​។ មកដល់​បច្ចុប្បន្ននេះ អ្នកស្រី​អះអាងថា គាត់​ពិតជា​រីករាយ​និង​ជីវិត​ខ្លួនឯង ព្រោះតែ​បានរួម​ចំណែក​ថែរក្សា​មរតក​ដូនតា ដែល​បន្សល់ទុក​តាំងពី​បុរាណ​។

ប្រកាសនិយប័ត្រ គ្រឿងឥសរិយយស ការងារ 

​អ្នកស្រី ហ៊ុន សារ៉ាត់ ដែល​ធ្លាប់បាន​ទៅ​សម្តែង​នៅ​បណ្ដា​ប្រទេស​ជាច្រើន ក្នុង​ពិភពលោក បាន​មើលឃើញ​ពី​ភាពស្រពេចស្រពិល​របស់​ប្រជាជន​ខ្មែរ លើ​ការឱ្យ​តម្លៃ​សិល្បៈ​បុរាណ​ខ្លួន បើ​ប្រៀប​ជាមួយ​ជនបរទេស​។ គ្រូ​មហោរី ដែល​ធ្លាប់​កាន់តំណែង​ជា​មេភូមិ​នៅ​បូ​ឌិ​ញ​អស់​រយៈពេល​១០​ឆ្នាំ​រូបនេះ បាន​ទៅ​សម្ដែង នៅ​ប្រទេស​វៀតណាម អង់គ្លេស បារាំង អាល្លឺម៉ង់ ប៊ែ​ល​ស៊ី​ក អេស្បាញ អ៊ីតាលី សាំង​ហ្គា​ពួរ ឡាវ ជប៉ុន ស្វី​ស ម៉ា​រ៉ុ​ក ឥណ្ឌូណេស៊ី អាមេរិក និង​អារ៉ាប់​ជាដើម សរុប​ហែល​ជាង​២០​ប្រទេស​។​
 
​ឆ្លងកាត់​ការចេញ​ទៅ​សម្ដែង​សិល្បៈ​ច្រើន​ប្រទេស ស្ត្រី​ដែលមាន​ជីតា​ជា​ចា​ហ្វា​ង​ភ្លេង ក្នុង​ព្រះបរមរាជវាំង ផ្នែក​តន្ត្រី​បរទេស​រូបនេះ សង្កេតឃើញថា ជនបរទេស​ហាក់​ឱ្យ​តម្លៃ​សិល្បៈ​បុរាណ​ខ្មែរ ខ្លាំង​ជាង​ជនជាតិខ្មែរ​ដែលជា​ម្ចាស់​ទៅទៀត​។​
 
«​ពេល​ខ្ញុំ​ទៅ​សម្ដែង​នៅក្រៅ​ប្រទេស​ម្ដងៗ ជនជាតិ​គេ​ទិញ​សំបុត្រ​ចូល​មើល​ពេញៗ​សាល ហើយ​គេ​កក់​សំបុត្រ​តាំងពី​មួយខែ​ឬ​ពីរ​ខែ​មុន​ម្ល៉េះ​។ ពេលដែល​យើង​សម្ដែង​ចប់ គេ​ទះដៃ​អបអរ​ឱ្យ​យើង ឮសូរ​ដូច​ទឹកធ្លាក់​ពីលើ​ភ្នំ​អ៊ីចឹង​។ ពេល​យើង​ចេញ​ក៏​គេ​គោរព ចូល​ក៏​គេ​គោរព ៣​ដង​ទើប​គេ​សុខចិត្ត​។ ខ្ញុំ​រំភើបចិត្ត​ណាស់ គេ​ទះដៃ​តែម្ដង​ឬ​២​ដង​គេ​មិន​អស់ចិត្ត​ទេ គេ​ទះដៃ​ឱ្យ​យើង​រហូតដល់​បី​ដង​ទើប​គេ​ព្រម​។ គេ​ថា​សិល្បៈ​យើង​ល្អ​ណាស់​។ បើ​ខ្មែរ​យើង​វិញ ពេល​សម្ដែង​ចប់ សឹងតែ​មិន​ទះដៃ​ឱ្យ​គ្នា​ផង​។ ពាក្យ​មួយ​គេ​ថា បើ​យើង​មិន​លើក​តម្លៃ​ខ្លួន​ទេ តើ​ឱ្យ​អ្នកណា​មកលើ​ក​យើង ប៉ុន្តែ​បច្ចុប្បន្ន​បែរជា​ជាតិ​ដទៃ​លើក​យើង ហើយ​យើង​បែរជា​មិន​លើក​ខ្លួនឯង​ទៅវិញ​»​។

អ្នក​ស្រី ហ៊ុន សារ៉ាត់ គ្រូបង្រៀនចម្រៀងមហោរី 

​ដើម្បី​អាចឱ្យ​ក្មេងជំនាន់ក្រោយ​ពោរពេញ​ដោយ​ទឹកចិត្ត ស្រឡាញ់ លើកតម្កើង និង​យល់​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​មិន​ងាករេ អ្នកស្រី ហ៊ុន សារ៉ាត់ ដែលមាន​កូនស្រី​២​នាក់​ចូល​បម្រើ​ក្នុង​វិស័យ​សិល្បៈ​បុរាណ​ដែរនោះ បានផ្ដល់​យោបល់​ថា គ្រូៗ​ត្រូវតែ​ខំ​ពន្យល់​សិស្ស​តាំងពី​កុមារ ដើម្បីឱ្យ​ពួកគេ​យល់​ពី​សិល្បៈ​វប្បធម៌​ជាតិ​។ ទោះជា​យ៉ាងណា ទីប្រឹក្សា​ក្រសួង​រូបនេះ បាន​មើលឃើញថា គរុកោសល្យ​នៅ​កម្ពុជា ហាក់​មិនបាន​ចាប់អារម្មណ៍​លើ​ចំណុច​បន្តិច​ប​ន្ទួ​ច​នេះឡើយ​។ យ៉ាងណាក៏ដោយ ដើម្បី​អាច​បង្រៀន​សិស្ស​បាន អ្នកស្រី ហ៊ុន សារ៉ាត់ ថា​ទាល់តែ​គ្រូៗ យល់ច្បាស់​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ដែរ​៕
 

Tag:
 សិល្បៈ​
 ​មហោរី​
 ​ចម្រៀង​
 ​ចម្រៀង​បុរាណ​
 ​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com