អន្តរជាតិ
កូរ៉េខាងត្បូង និង​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​តែ​ក្នុង​ទ្រង់ទ្រាយ​តូច ព្រោះ​វិបត្តិ​កូ​វីដ​-១៩
08, Mar 2021 , 10:45 am        
រូបភាព
ទាហានអាមេរិក និងកូរ៉េខាងត្បូង។ រូបភាព៖AFP
ទាហានអាមេរិក និងកូរ៉េខាងត្បូង។ រូបភាព៖AFP
ដោយ:
​កូរ៉េខាងត្បូង និង​អាមេរិក នៅ​ថ្ងៃទី​៨ ខែមីនា ចាប់ផ្តើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា​ដែលមាន​រយៈពេល​៩​ថ្ងៃ​។ សមយុទ្ធ​យោធា​ឆ្នាំ​២០២១​នេះ មាន​ទំហំ​តូច​ជា​ឆ្នាំកន្លងមក​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ បើទោះបីជា​សមយុទ្ធ​នេះ​មាន​ទំហំ​តូច​យ៉ាងណាក្តី កូរ៉េខាងជើង​ទំនងជា​ប្រតិកម្ម​ទៅនឹង​សកម្មភាព​យោធា​នេះ​ដូច​សព្វដង​មិន​ខាន​។​

 
​សមយុទ្ធ​រយៈពេល​៩​ថ្ងៃ​រវាង​កងទ័ព​កូរ៉េខាងជើង និង​អាមេរិក ត្រូវធ្វើឡើង​ក្នុង​ទម្រង់​ជាការ​បញ្ជា​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ និង​មាន​លក្ខណៈ​ជាការ​ការពារ​ទាំងស្រុង​។ សមយុទ្ធ​នេះ ក៏​មិន​ធ្វើ​នៅលើ​ទីលាន​ឡើយ ដោយសារតែ​កងទ័ព និង​សព្វាវុធ​ត្រូវបាន​កាត់បន្ថយ​ព្រោះ​ការ​រឹតបន្តឹង​ក្នុងការ​ធ្វើដំណើរ​ដែលជា​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​កូរ៉េខាងត្បូង​។​
 
​បើតាម​សេចក្តីថ្លែងការណ៍​រួម​យោធា​ទាំងពីរ​នៅ​ថ្ងៃទី​៧ ខែមីនា ផ្នែក​មួយ​នៃ​សមយុទ្ធ​នេះ គឺជា​ការធ្វើ​តេស្ត​សមត្ថ​ភាព​បញ្ជា​របស់​កងទ័ព​កូរ៉េខាងត្បូង​។ សមត្ថភាព​បញ្ជា​របស់​កងទ័ព​ជា​ចំណុច​សំខាន់​នៃ​ការផ្ទេរអំណាច​អំឡុងពេល​សង្គ្រាម​ពី​អាមេរិក មក​កូរ៉េខាងត្បូង​។ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ច​ចេ​អ៊ី​ន ធ្លាប់​អះអាងថា ការទទួលបាន​អំណាច​គ្រប់គ្រង​ទ័ព​មកវិញ ជា​គោលដៅ​ចម្បង​របស់លោក​ក្នុងនាម​ជា​ប្រមុខរដ្ឋ​។ 
 
​ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ផ្ទុះឡើង​ពី​ឆ្នាំ​១៩៥០-១៩៥៣​មក យោធា​អាមេរិក​រក្សា​អំណាច​ក្នុងការ​គ្រប់គ្រង​ទាហាន​អាមេរិក និង​កូរ៉េខាងត្បូង​ក្នុងករណី​សង្គ្រាម​ផ្ទុះឡើង​ជាថ្មី​។ បច្ចុប្បន្ននេះ អាមេរិក​មាន​ទាហាន​ចំនួន​២៨,៥០០​នាក់​កំពុង​ឈរជើង​នៅ​កូរ៉េខាងត្បូង​។​
 
​បើទោះបីជា​សមយុទ្ធ​ក្នុង​សប្តាហ៍​នេះ ផ្តល់ឱកាស​ក្នុងការ​ធ្វើតេស្ត​សមត្ថភាព និង​ការត្រៀមខ្លួន​បញ្ជា​កង​ដោយ​កូរ៉េខាងត្បូង​ក្តី ការ​ពង្រួម​ទំហំ​សមយុទ្ធ​អាច​នឹង​ធ្វើឱ្យ​ការធ្វើ​តេស្ត​នេះ​មាន​សភាព​ស្មុគស្មាញ​ជាង​មុន និង​ត្រូវការ​រយៈពេល​យូរ​ជាមុន ខណៈ​អាណត្តិ​របស់លោក មូ​ន នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​។ តាំងពី​ពេល​មិនទាន់មាន​ជំងឺឆ្លង​កូ​វីដ​-១៩ មក សមយុទ្ធ​រួម​នេះ​ក៏ត្រូវ​បានធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​ទៅហើយ​ដើម្បី​សម្រួល​ការចរចារ​រឿង​រំសាយ​អាវុធ​នុយ​ក្លេ​អែរ​រវាង​អាមេរិក និង​កូរ៉េខាងជើង​។​
 
​រាល់​ឆ្នាំ កូរ៉េខាងជើង​តែង​ប្រតិកម្ម​សមយុទ្ធ​រួមគ្នា​នេះ ដោយ​ចាត់ទុកជា​ការត្រៀម​ឈ្លា​ន​ពា​ន្លួ​ន​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ក្រុង​ព្យុងយ៉ាង ទំនង​បន្ថយ​សំឡេង​របស់ខ្លួន​។ លោក Chad O’Carroll នាយក​ប្រតិបត្តិ Korea Risk Group ដែល​ឃ្លាំមើល​ស្ថានការណ៍​នៅ​កូរ៉េខាងជើង និយាយថា លោក​មិន​រំពឹង​ព្យុងយ៉ាង នឹង​ឆ្លើយតប​បែប​យោធា​ណាមួយ​ឡើយ​។ លោក​ថា កូរ៉េខាងជើង​ជា​ប្រទេស​ដែល​ខ្វះខាត​ធនធាន ដូច្នេះ​រដ្ឋ​ដ៏​ឯកោ​មួយ​នេះ​ដោះស្រាយ​បានតែ​បញ្ហា​មួយ​មុខ​ប៉ុណ្ណោះ ដែល​ពេលនេះ​គឺ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-19៕
 
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com