COVID-19
ជាតិ
សន្តិសុខ​ដែល​ដោះលែង​ស្រី្ត​ជនជាតិ​ចិន ត្រូវបាន​បញ្ជូនទៅ​តុលាការ​
08, Mar 2021 , 4:02 pm        
រូបភាព
សន្តិសុខ​ដែល​ដោះលែង​ស្រី្ត​ជនជាតិ​ចិន ត្រូវបាន​បញ្ជូនទៅ​តុលាការ​
សន្តិសុខ​ដែល​ដោះលែង​ស្រី្ត​ជនជាតិ​ចិន ត្រូវបាន​បញ្ជូនទៅ​តុលាការ​
​ភ្នំពេញ​៖ បុគ្គលិក​សន្តិសុខ​សណ្ឋាគារ​សុខា​ដែល​ដោះលែង​ស្រី្ត​ជនជាតិ​ចិន ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​ត្រូវបាន​តុលាការ​បញ្ជូនទៅ​តុលាការ​ហើយ ដោយ​ត្រូវ​ព្រះរាជអាជ្ញារង​ដាក់​បទ​ចោទ​ពាក់ព័ន្ធ​នឹង «​ចេតនា​មិន​គោរព​បញ្ជា​របស់​រដ្ឋបាល​នៅនឹងកន្លែង​»​។


​លោក គុជ គីម​ឡុង អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​អះអាងថា បុរស​ជា​សន្តិសុខ​ត្រូវ​ព្រះរាជអាជ្ញារង​សាកសួរ ហើយ​ចោទប្រកាន់​តាម​មាត្រា​៤២​នៃ​ច្បាប់​ស្ដីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅថ្ងៃនេះ​ថា​៖ «​គាត់​(​បុរស​សន្តិសុខ​ដែល​ដោះលែង​ជនជាតិ​ចិន​)​ត្រូវបាន​ព្រះរាជអាជ្ញារង​សាកសួរ​ហើយ ចោទប្រកាន់​បញ្ចូនទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​។ ចោទប្រកាន់​តាម​មាត្រា​៤២ នៃ​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​»​។ 
 
​យោងតាម​មាត្រា​៤២ នៃ​ច្បាប់​ស្ដីពី «​ការគ្រប់គ្រង​គ្រោះមហន្តរាយ​» បាន​ចែងថា អំពើ​ដោយ​ចត​នា​មិន​គោរព​បញ្ជា​របស់​រដ្ឋបាល​នៅនឹងកន្លែង ឬ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​ក្រោម​បញ្ញា​ត្តិ នៃ​មាត្រា​២៥ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ទី​១​ឆ្នាំ និង​/​ឬ​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ​២​លាន​រៀល​។   
 
​សន្តិសុខ​វ័យ​៣៨​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​រកឃើញថា ជា​អ្នក​បើកដៃ​ឲ្យ​ស្ត្រី​ចិន​មួយក្រុម​ចេញពី​សណ្ឋាគារ​នា​អំឡុងពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា​។ បើតាម​ការអះអាង​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​ប្រកាស​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ស្ត្រី​ចិន​៤​នាក់ ត្រូវបាន​រំដោះ​ចេញពី​សណ្ឋាគារ ក្នុងនោះ​២​នាក់​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ត្រូវបាន​គេ​ជឿថា ជា​ប្រភព​នៃ​ការ​រាលដាល​ព្រឹត្តិការណ៍​២០​កុម្ភៈ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com