ជាតិ
បេក្ខជនអាហារូបករណ៍បរទេស ភុយ ម៉ីចៀន៖«បើដឹងពីប្រវត្តិសិល្បៈ ប្រៀបដូចថ្មចេះនិយាយរកយើង»
08, Mar 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា ភុយ ម៉ីចៀន វ័យ២៣ឆ្នាំ ដែលមកពីខេត្តបន្ទាយមានជ័យ បានជាប់អាហារូបករណ៍ទៅរៀននៅចក្រភពអង់គ្លេស សិក្សាផ្នែកប្រវត្តិសិល្បៈ។ ជាអតីតនិស្សិតផ្នែកបុរាណវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ កញ្ញា មីចៀន ថាការដឹងពីប្រវត្តិសិល្បៈ ប្រៀបបានដូចថ្មចេះនិយាយរកមនុស្ស ដូច្នោះដែរ។



និស្សិតបញ្ចប់ការសិក្សាផ្នែកបុរាណវិទ្យាជំនាន់ទី២៧ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កញ្ញា ភុយ ម៉ីចៀន បានជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសអង់គ្លេស លើមុខវិជ្ជាប្រវត្តិសិល្បៈ កម្រិតDiploma។ អាហារូបករណ៍ដែលមានរយៈពេលមួយឆ្នាំនេះ ម៉ីចៀន បានជ្រើសរើសរៀនប្រវត្តិសិល្បៈប្រទេសឥណ្ឌា ចិន និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍។ 
 
តាមពិតទៅការសិក្សាពីប្រវត្តិសិល្បៈ នៅតាមបណ្ដាប្រទេសដែលមានអរិយធម៌ចំណាស់ៗ គឺជាអ្វីដែល នារីវ័យ២៣ឆ្នាំរូបនេះ ចង់ដឹងចង់ចេះយូរមកហើយ។ ចង់ចេះចង់ដឹង ក៏ព្រោះតែនាងយល់ថា ការបានដឹងពីប្រវត្តិសិល្បៈ នឹងធ្វើឱ្យនាងបានដឹងពីរឿងរ៉ាវអាថ៌កំបាំងទាំងឡាយ ដែលបង្កប់ក្នុងរូបចម្លាក់ ឬសំណង់ស្ថាបត្យកម្មបុរាណៗ។ 

កញ្ញា ភុយ មីចៀន ចូលរួមកំណាយក្នុងការស្រាវជ្រាវបែបបុរាណវិទ្យា និងប្រវត្តិសិល្បៈ រៀបចំដោយ Nalanda-Sriwijaya Centre នៅប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី

មានបងប្អូន៣នាក់ មីចៀន មានប្អូនភ្លោះម្នាក់ដែលរៀនផ្នែកឱសថសាស្ត្រ ហើយបងប្រុសច្បងរៀនផ្នែកព័ត៌មានវិទ្យា (IT)។ ក្រោយពីបានការពារបញ្ចប់សារណា ផ្នែកបុរាណវិទ្យាក្នុងឆ្នាំ២០១៩ មីចៀន បានដាក់ពាក្យសុំអាហារូបករណ៍នៅចុងឆ្នាំ២០២០ ហើយនៅដើមឆ្នាំ២០២១នេះ នាងបានជាប់ជាបេក្ខជនដូចបំណងប្រាថ្នា។ ដោយសារត្រូវរៀនបំប៉នភាសាអង់គ្លេសរយៈពេល៤ខែតាមអនឡាញ មកដល់ពេលនេះ មីចៀន មិនទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយថា នឹងត្រូវចាកចេញទៅរៀននៅពេលណា ក៏ដោយសារតែជំងឺកូវីដ-១៩។
សម្រាប់នារីសម្បុរស សក់ខ្លីត្រឹមករូបនេះ ការចេញទៅសិក្សានៅក្រៅប្រទេស ពិតជាមានសារសំខាន់សម្រាប់នាង។ មីចៀន រំពឹងថា ការចេញទៅសិក្សានៅបរទេស នឹងជួយឱ្យនាងផ្លាស់ប្ដូរការគិតទៅជាវិជ្ជមានកាន់តែច្រើនជាងមុន តាមរយៈការផ្ដល់បង្រៀនពីគ្រូដែលមានជំនាញ បូករួមទាំងការផ្លាស់ប្ដូរគំនិតជាមួយនិស្សិតមកពីជុំវិញពិភពលោក។ 
 
អង្គុយក្នុងបរិវេណសាលារចនា កញ្ញា ភុយ មីចៀន ហាក់មិនព្រួយបារម្ភពីការចេញទៅសិក្សានៅក្រៅប្រទេសលើកដំបូងរបស់ខ្លួនឡើយ ដោយនាងជឿជាក់លើការតាំងចិត្តរៀន ក៏ដូចជាការស្រាវជ្រាវកន្លងមករបស់ខ្លួន ពាក់ព័ន្ធនិងមុខវិទ្យាគោលនេះ។

កញ្ញា ភុយ មីចៀន ក្នុង​កម្មវិធីអប់រំបេតិកភណ្ឌនៅប្រាសាទបន្ទាយក្តី រៀបចំដោយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន 

«ខ្ញុំគិតថាប្រហែលជាមិនអីទេ ឱ្យតែខ្ញុំខំប្រឹងប្រែង ព្រោះនេះជាមុខវិទ្យាដែលខ្ញុំចូលចិត្ត។ កន្លងមក ខ្ញុំក៏ធ្លាប់បានសិក្សាស្រាវជ្រាវមុខវិទ្យាស្រដៀងនេះខ្លះដែរ។ ការទៅរៀនប្រទេសក្រៅ នឹងជួយឱ្យខ្ញុំមើលឃើញពិភពលោកកាន់តែច្បាស់។ ពីមុនយើងអាចឮគេនិយាយ បែបនេះបែបនោះពីប្រទេសគេ ប៉ុន្តែនៅពេលយើងបានទៅជួបផ្ទាល់ អាចនឹងមិនដូចគេនិយាយ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបើកចិត្តគំនិត រួមទាំងបញ្ញាកាន់តែទូលាយ តាមរយៈការសិក្សាពីវប្បធម៌ និងការអភិវឌ្ឍន៍នៅក្រៅប្រទេស»។ នេះជាការលើកឡើងរបស់យុវតីវ័យ២៣ឆ្នាំ។
 
ជាមន្ត្រីកិច្ចសន្យានៅអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កញ្ញា ភុយ ម៉ីចៀន ដែលមានចំណង់ចំណូលចិត្ត លើការសិក្សាស្រាវជ្រាវប្រវត្តិសិល្បៈ និងការធ្វើកំណាយ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កន្លងមកនាងបានសង្កេតឃើញឯកសារស្ដីពីកម្ពុជាភាគច្រើន សម្បូរទៅដោយភាសាបរទេស ភាគច្រើនជាភាសាបារាំង ដែលធ្វើឱ្យមីចៀន ពេលខ្លះពិតជាមានឧបសគ្គ ក្នុងការសិក្សាស្រាវជ្រាវ ដ្បិតអីនាងកម្សោយភាសានេះ។

កញ្ញា ភុយ មីចៀន ចូលរួមវគ្គបណ្តុះបណ្តាល (ធ្វើកំណាយ) នៅក្រុមប្រាសាទសំបូរព្រៃគុក រៀបចំដោយសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន 

កញ្ញា ភុយ ម៉ីចៀន បានថ្លែងដូច្នេះថា៖«ឯកសារពាក់ព័ន្ធនឹងបុរាណវិទ្យា មានជាភាសាបារាំងភាគច្រើន ខ្ញុំពិបាកស្រាវជ្រាវដែរ ខ្ញុំត្រូវសួរគ្រូនិងសិស្សច្បងបន្ថែម។ ឥឡូវនេះក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា បានសិក្សាស្រាវជ្រាវ និងចងក្រងឯកសារបានច្រើន។ ទៅថ្ងៃមុខប្រសិនបើខ្ញុំមានចំណេះដឹងជ្រៅជ្រះ ខ្ញុំចង់ចងក្រងឯកសារស្រាវជ្រាវជាភាសាខ្មែរដែរ ដើម្បីឱ្យសិស្សនិស្សិតយើង ងាយស្រួលសិក្សាស្រាវជ្រាវ និងរៀនសូត្របន្ត។ ខ្ញុំលើកទឹកចិត្តឱ្យកូនខ្មែរ ខំស្វែងយល់ពីប្រវត្តិសាស្ត្រ ដើម្បីអាចចងក្រងឯកសារ ជាភាសាជាតិរបស់យើងកាន់តែច្រើន»។
 
បើសង្កេតឱ្យមែនទែនទៅ ការសិក្សាមុខជំនាញបុរាណវិទ្យា ពុំសូវមានអ្នកចាប់អារម្មណ៍រៀនឡើយ។ ជាងនោះទៅទៀតនិស្សិតស្រី កាន់តែខ្សត់ថែមទៀត។ ដោយសារ មីចៀន ចូលចិត្តរៀនខាងប្រវត្តិសាស្ត្រតាំងតែពីក្មេង ទើបជំរុញចិត្តនាងឱ្យចាប់យកជំនាញនេះ។ និស្សិតបុរាណវិទ្យារូបនេះ ធ្លាប់បានចូលរួមធ្វើកំណាយ ជាលក្ខណៈអន្តរជាតិ ជាមួយនឹងនិស្សិតដែលមកពី១៧ប្រទេស រួមទាំងបានចេញទៅធ្វើកំណាយនៅបណ្ដាប្រទេសមួយចំនួនទៀត បន្ថែមលើការកំណាយក្នុងប្រទេស។
 
បុរាណវិទ្យា ជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលសិក្សាពីប្រវត្តិសាស្ត្រ សំណល់មនុស្ស ឆ្អឹង ប្រាសាទបុរាណ និងសំណល់ភស្តុតាងប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលមានកប់ក្នុងដី និងនៅលើដី។ បើតាមកញ្ញា ភុយ មីចៀន ការសិក្សាបុរាណវិទ្យា ធ្វើឱ្យមនុស្សដឹងពីសាវតាខ្លួនច្បាស់។

កញ្ញា ភុយ មីចៀន ស្ថិតក្នុង​សាលា​ភូមិន្ទវិចិត្រសិល្បៈ 

មន្ត្រីកិច្ចសន្យានៅអគ្គនាយកដ្ឋានបេតិកភណ្ឌរូបនេះ បានបន្ថែមថា៖ «ចង់អភិវឌ្ឍន៍ប្រទេសមួយបាន ទាល់តែយើងស្គាល់ខ្លួនឯងច្បាស់។ បើចង់ស្គាល់ពីខ្លួនឯង គឺត្រូវរៀនពីប្រវត្តិសាស្ត្រ។ បុរាណវិទ្យា ជាវិជ្ជាវិទ្យាសាស្ត្រ ដែលគេពឹងលើភស្ដុតាងច្បាស់លាស់ ដោយមានការធ្វើកំណាយ និងការសិក្សាស្រាវជ្រាវត្រឹមត្រូវ យើងមិនមែនចេះតែនិយាយទេ»។ 
 
ទោះជាយ៉ាងណាក៏ដោយ ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលាយ បេក្ខជនអាហារូបករណ៍បរទេស ភុយ មីចៀន លើកទឹកចិត្តដល់សិស្សនិស្សិតគ្រប់រូប ឱ្យដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ជាពិសេសប្រឹងប្រែងសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ខ្លួននឹងប្រទេសជាតិ។
 
«ខ្ញុំលើកទឹកចិត្តដល់និស្សិតគ្រប់ជំនាញ គ្រប់សាលា ឱ្យគាត់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ហើយកុំគិតថា ទាល់តែយើងចេះខ្លាំងទើបអាចដាក់ពាក្យជាប់ ឬទៅរៀនបាន មិនដូច្នោះទេ។ អ្នកខ្លះគាត់បារម្ភថា ភាសាអង់គ្លេសរបស់គាត់ នៅមានកម្រិត ឬមិនទាន់ចេះខ្លាំង សូមកុំបារម្ភពេកអី ព្រោះពេលដែលយើងប្រឡងជាប់ គេបំប៉នភាសាយើងថែមទៀតទេ។ យើងត្រូវតែលួចមានក្ដីស្រមៃ ហើយក្ដីស្រមៃនោះនឹងអាចទៅរួចនៅថ្ងៃណាមួយ»។ នេះបើតាមអតីតនិស្សិតបុរាណវិទ្យា ៕
 
 

Tag:
 អាហារូបករណ៍
  រៀន
  ប្រវត្តិ
  សិល្បៈ
  បេក្ខជន
  ថ្ម
  សិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com