COVID-19
ជាតិ
រយៈពេល១២ថ្ងៃ មានទីតាំងជិត១០ម៉ឺន ប្រើប្រាស់ QR Code «Stop Covid»
08, Mar 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អះអាងថា ក្នុងរយៈពេល១២ថ្ងៃ គឺមានទីតាំងជិត១០ម៉ឺនកន្លែង បានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ» (QR Code Stop Covid)។ ទន្ទឹមនឹងនេះ អ្នកដែលបានស្កេន QR Code នៅទីតាំងទាំងនោះមានជិត៥លានដង។ 


តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ខែមីនា ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេនទាំងអស់ អាចទទួលបានដំណឹងភ្លាមៗ ប្រសិនបើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយម្ចាស់ទីតាំងក៏អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលនៅទីតាំងរបស់ខ្លួនដែរ។ បើតាមក្រសួងប្រៃសណីយ៍ដដែល ទិន្នន័យពីប្រព័ន្ធ QR Code នេះ ក៏បង្ហាញពីបុគ្គលដែលកំពុងធ្វើចត្តាឡីស័កផងដែរ ថាបុគ្គលនោះចេញពីផ្ទះឬទៅទីតាំងណាខ្លះ។
 
ជាមួយគ្នាដែរនេះ ក្រសួងប្រៃសណីយ៍ អំពាវនាវសាធារណៈជនទាំងអស់ចូលរួមទប់ស្កាត់កូវីដ-១៩ តាមរយៈការប្រើប្រាស់ប្រព័ន្ធខាងលើ ពិសេសអ្នកធ្វើចត្តាឡីស័ក មិនត្រូវចេញពីផ្ទះឬកន្លែងចត្តាឡីស័កឡើយ។ 
 
មកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩សរុប១០១១នាក់ ដោយ៥០១ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ក្នុងចំណោម១០១១នាក់នោះ ៥១៧នាក់ហើយ ដែលបានជាសះស្បើយវិញ៕ 
 

Tag:
 Stop Covid
© រក្សាសិទ្ធិដោយ thmeythmey.com