អន្តរជាតិ
ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំង AstraZeneca
09, Mar 2021 , 8:59 pm        
រូបភាព
រូបថត Jakarta Globe
រូបថត Jakarta Globe
ឥណ្ឌូណេស៊ី បានយល់ព្រមប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ហើយ។  នេះបើតាមការះអាងរបស់ប្រធានទីភ្នាក់ងារចំណីអាហារ និងឱសថ លោក Penny K. Lukito ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៩ ខែមីនា។ ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីប្រទេសនេះទទួលបានវ៉ាក់សាំង១,១លានដូសតាមយន្តការ COVAX ។


ឥណ្ឌូណេស៊ី ជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានស្ថានភាពនៃការរីករាលដាលកូវីដ-១៩ អាក្រក់ជាងគេ។ ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង តាំងពីខែមករា និងមានគោលដៅចាក់វ៉ាក់សាំងឱ្យប្រជាជនប្រមាណ១៨១លាននាក់ក្នុងរយៈពេលមួយឆ្នាំនេះ។ ឥណ្ឌូណេស៊ី ក៏ជាសមាជិកយន្តការ COVAX ដែរ។
 
យន្តហោះដឹកវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ចំនួន១,១លានដូសបានទៅដល់ឥណ្ឌូណេស៊ីនៅថ្ងៃទី៨ ខែមីនា។ នៅថ្ងៃទី៩ ខែមីនា ទីភ្នាក់ងារចំណីអាហារ និងឱសថរបស់ឥណ្ឌូណេស៊ី ក៏ប្រកាសថា ខ្លួនផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះក្នុងលក្ខខណ្ឌបន្ទាន់។ នាសន្និសីទសារព័ត៌មានមួយ ប្រធានទីភ្នាក់ងារនេះ លោក Penny K. Lukito បញ្ជាក់ថា វ៉ាក់សាំងដែលបានពី COVAX នឹងអាចចាក់លើប្រជាជនមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ។ 
 
ទាក់ទងរឿងវ៉ាក់សាំងនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី Retno Marsudi ដែលបានទៅស្វាគមន៍យន្តហោះដឹកវ៉ាក់សាំងរបស់ COVAX និយាយថា ឥណ្ឌូណេស៊ី ត្រូវទទួលវ៉ាក់សាំងប្រហែល១១,៧លានដូសពី COVAX ហើយដែលនឹងត្រូវដឹកជាដំណាក់រហូតដល់ខែឧសភា។ លោកស្រីបន្ថែមថា ក្រៅពីកិច្ចប្រឹងប្រែងដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងក្នុងស្រុក ឥណ្ឌូណេស៊ី ក៏បន្តគាំទ្រគោលការណ៍ទទួលបានវ៉ាក់សាំងដោយស្មើភាព។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានព្រមានទុកមុនថា ប្រជាជនទាំងអស់គួរតែកុំមានការរំពឹងទុកខ្ពស់ពេកក្នុងការទទួលបានវ៉ាក់សាំង ដោយសារតែការផ្គត់ផ្គង់នៅមានចំនួនកំណត់នៅឡើយ។ 
 
បច្ចុប្បន្ន ឥណ្ឌូណេស៊ី ប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ វ៉ាក់សាំងប្រហែល៣៨លានដូសដែលផលិតដោយក្រុមហ៊ុន Sinovac Biotech ទៅដល់ឥណ្ឌូណេស៊ីជាបន្តបន្ទាប់៕
 
 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com