កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយមាសអូឡាំពិកកូរ៉េខាងត្បូង ចូលសញ្ជាតិចិនវិញ ព្រោះរងពិន័យក្នុងប្រទេស
09, Mar 2021 , 9:59 pm        
រូបភាព
Lim Hyo-jun ម្ចាស់មេដាយមាសអូឡាំពិកកីឡាស្គីល្បឿនលឿនរបស់កូរ៉េខាងត្បូង ដែលត្រូវបានហាមឃាត់ពីក្រុមជម្រើសជាតិជុំវិញការបៀតបៀនកេរ្តិ៍ខ្មាស បានទទួលយកសញ្ជាតិចិនហើយ និងចូលរួមប្រកួតកីឡាស្គីសម្រាប់ម្ចាស់ផ្ទះ នៅឯព្រឹត្តិការណ៍កីឡារដូវរងារក្រុងប៉េកាំងនៅឆ្នាំ២០២២។


សម្រាប់ Lim Hyo-jun ព្រឹត្តិការណ៍នេះនឹងក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងារក្នុងផ្ទះលើកទី២ជាប់ៗគ្នារបស់ខ្លួន បន្ទាប់ពីរូបគេបានឈ្នះមេដាយមាសកីឡាស្គីល្បឿនលឿនចម្ងាយ ១៥០០ម៉ែត្រ និងមេដាយសំរិទ្ធ ៥០០ ម៉ែត្រ នៅអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងត្បូង។
 
បើទោះបានជួយជាតិតាមរយៈការទទួលបានមេដាយកម្រិតពិភពលោកក្តី ប៉ុន្តែអ្នកជិះស្គី វ័យ២៤ ឆ្នាំរូបនេះ ត្រូវបានផ្តន្ទាទោសពីបទបៀតបៀនកេរ្តិ៍ខ្មាស បន្តាប់ពីទាញខោអត្តពលិកបុរសម្នាក់ទៀតនៅមុខមិត្តរួមក្រុមនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិកូរ៉េខាងត្បូង។
 
ជុំវិញករណីនេះ សហព័ន្ធជិះស្គីកូរ៉េខាងត្បូង (KSU) បានព្យួរ Hyo-jun រយៈពេលមួយឆ្នាំ កាលពីខែសីហា ឆ្នាំ២០១៩។ ការពិន័យនេះត្រូវរក្សាទុកក្នុងដំណើរការនីតិវិធីច្បាប់ ហើយប្រសិនបើតុលាការរកឃើញអ្វីមិនប្រក្រតីទៀតនោះ Hyo-jun នឹងត្រូវដកចេញពីការប្រកួតអូឡាំពិក ក្រុងប៉េកាំង ឆ្នាំ២០២២ មិនខាន។
 
អ្វីដែលនឹកស្មានមិនដល់នោះ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់ពីទូរទស្សន៍កូរ៉ខាងត្បូង ម្ចាស់មេដាយមាសអូឡាំពិករូបនេះ បានសម្រេចចិត្តក្លាយជាពលរដ្ឋចិន ហើយនិងចូលរួមប្រកួតកីឡាស្គីសម្រាប់ប្រទេសចិននៅអូឡាំពិក ក្រុងប៉េកាំងទៀតផង។
 
ទូរទស្សន៍ MBC របស់កូរ៉េខាងត្បូងបានសរសេរថា៖« Hyo-jun បានចាកចេញពីកូរ៉េខាងត្បូង ទៅកាន់ចិនកាលពីថ្ងៃទី៥ ខែមីនា បន្ទាប់ពីទទួលបានលិខិតឆ្លងដែនថ្មី។ Hyo-jun ត្រូវបានគេជឿជាក់ថានឹងចូលរួមជាមួយក្រុមជម្រើសជាតិចិន សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២»។
 
ទូរទ្សន៍ដដែលនេះបន្ថែមថា ការសម្រេចចិត្តចូលសញ្ជាតិចិននេះ ដោយសារ Hyo-jun ស្រឡាញ់ និងចង់បន្តអាជីពរបស់ខ្លួនប៉ុណ្ណោះ៕
 

Tag:
 Lim Hyo-jun
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com