COVID-19
អន្តរជាតិ
អាមេរិក អនុញ្ញាតឱ្យអ្នកទទួលវ៉ាក់សាំងពេញលេញជួបជុំទ្រង់ទ្រាយតូច និងមិនបាច់ពាក់ម៉ាស់
09, Mar 2021 , 5:59 pm        
រូបភាព
ដោយ:
អាជ្ញាធរសុខាភិបាlអាមរិក បានបញ្ជាក់ថា បុគ្គលដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស អាចជួបជុំគ្នាក្នុងទម្រង់តូចនៅទីតាំងខាងក្នុងបានដោយមិនចាំបាច់ពាក់ម៉ាស់ ប៉ុន្តែមិនគួរធ្វើដំណើរក្នុងករណីមិនចាំបាច់ និងបន្តពាក់ម៉ាស់នៅទីសាធារណៈ។ នាពាក់កណ្តាលខែកុម្ភៈ អាជ្ញាធរសុខាភិបាលអាមរិក ក៏អនុញ្ញាតឱ្យអ្នកដែលទទួលវ៉ាក់សាំងហើយ អាចមិនចធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បើសិនជាមិនមានរោគសញ្ញា។


មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) អះអាងថា អ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២ដូសរួចហើយ អាចជួបជុំទ្រង់ទ្រាយតូចជាមួយអ្នកដែលមិនទាន់បានទទួលវ៉ាក់សាំង និងមិនចាំបាច់ពាក់ម៉ាស់បាន។ ការលើកចោលបម្រាមនេះធ្វើឡើងស្របពេលដែលចំនួនអ្នកដែលទទួលវ៉ាក់សាំងនៅអាមេរិកចាប់ផ្តើមកើនឡើង។ ប៉ុន្តែពួកគេ ត្រូវអនុវត្តតាមការណែនាំឯទៀតផងដែរ។
 
«អ្នកដែលទទួលវ៉ាក់សាំង និងមិនទាន់ទទួលបានវ៉ាក់សាំង ត្រូវបញ្ចៀសការជួបជុំទ្រង់ទ្រាយមធ្យម និងធំ ដែលរួមមានការធ្វើដំណើរមិនចាំបាច់ផងដែរ»។ នេះជាការលើកឡើងរបស់លោកស្រី Rochelle Walensky នាយក CDC ដោយបញ្ជាក់ថា ប្រជាជនជាង៩០ភាគរយផ្សេងទៀតនៅមិនទាន់ទទួលបានវ៉ាក់សាំងពេញលេញនៅឡើយទេ។ 
 
ចំពោះការអនុញ្ញាតឱ្យមានការជួបជុំទ្រង់ទ្រាយតូច និងពុំចាំបាច់ពាក់ម៉ាស់នេះ លោក Carlos del Rioព្រឹទ្ធបុរសនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រEmory School of Medicine ចាត់ទុកថាជារឿងសមស្រប។ លោកថាដល់ពេលដែលរដ្ឋាភិបាលត្រូវប្រាប់ពលរដ្ឋឱ្យបានច្បាស់នូវអ្វីដែលអាចធ្វើបាន។
 
អាមេរិកបន្តមានអ្នកឆ្លងចំនួន៦ម៉ឺននាក់ជារៀងរាល់ថ្ងៃ ខណៈមានមនុស្សជាង៥២៥,០០០នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ លោក ចូ បៃឌិន ដែលកាន់តំណែងប្រធានាធិបតីអាមេរិក តាំងពីថ្ងៃទី២០ មករាមក បានលើកទឹកចិត្តឱ្យពលរដ្ឋអាមេរិកចាប់ផ្តើមពាក់ម៉ាស់ ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការស្បថចូលតំណែងរបស់លោក។ 
 
ចំណែក វ៉ាក់សាំង ត្រូវបានពលរដ្ឋអាមេរិកចាត់ទុកជាសង្ឃឹមក្នុងការត្រឡប់ទៅកាន់ស្ថានភាពមុនកើតមានជំងឺកូវីដ-១៩វិញ។ វិស័យពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ចសង្ឃឹមថា ពលរដ្ឋដែលទទួលបានវ៉ាក់សាំងអាចនឹងចាប់ផ្តើមធ្វើដំណើរ និងចំណាយប្រាក់ច្រើនជាងមុនសម្រាប់ការកំសាន្ត ឬចំណាយប្រាក់លើវិស័យទេសចរណ៍។
 
គិតត្រឹមពេលនេះ ប្រជាជនអាមេរិកប្រមាណ៣០លាននាក់ ឬ៩,២ភាគរយនៃប្រជាជនសរុប ទទួលបានវ៉ាក់សាំងចំនួន២ដូស។ ចំណែកប្រជាជនអាមេរិកប្រមាណ១៨%ឬ៥៨,៩លាននាក់ ទទួលបានវ៉ាក់សាំងចំនួន១ដូស។ អាមេរិកប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna, និងJohnson & Johnson ។ លោក បៃឌិន ក៏បានដាក់ចេញផែនការធ្វើក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនចំនួន១០០លាននាក់ ក្នុងរយៈពេល១០០ថ្ងៃដែរ៕
 

Tag:
 អាមេរិក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com