ជាតិ
ក្រសួងការបរទេស៖ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជួយមីយ៉ាន់ម៉ាឲ្យវិលទៅរកភាពប្រក្រតី
09, Mar 2021 , 6:08 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតហ្វេសប៊ុកក្រសួង
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតហ្វេសប៊ុកក្រសួង
ដោយ: ថ្មីៗ
អ្នកនាំពាក្យក្រសួងបរទេស និងសហប្រតិបត្តិការអន្តជាតិ នៅថ្ងៃអង្គារ ទី៩ ខែមីនា នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញការសោកសៅទាក់ទងនឹងការកើនឡើងនៃអំពើហិង្សា នៅមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្ស។



កម្ពុជាបានលើកឡើងពីការគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន តែបានគាំទ្រ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា» កាលពីថ្ងៃទី១ ខែកុម្ភៈ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» កាលពីថ្ងៃទី២ ខែមីនា។

បើតាមអ្នកនាំពាក្យការបរទេសខ្មែរ សេចក្តីថ្លែងការណ៍ទាំងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដ៏ស្មោះត្រង់ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។

«កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀតដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ»។ នេះជាការលើកឡើងក្នុងអន្តរាគមន៍របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នាកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន។

អ្នកនាំពាក្យការបរទេសបានបញ្ជាក់បន្ថែមថា កម្ពុជាដើរតាមតួនាទី និងទម្រង់ដែលស្របតាមគោលការណ៍អាស៊ាន ហើយក៏គាំទ្រផងដែរដល់ការជួយសម្របសម្រួលរបស់ប្រធានអាស៊ានក៏ដូចជាអគ្គលេខាធិការអាស៊ានប្រកបដោយវិជ្ជមាន សន្តិភាព និងស្ថាបនា៕




© រក្សាសិទ្ធិដោយ thmeythmey.com