COVID-19
ជាតិ
សុខភាព
ពេទ្យកុមារជាតិ អស់វ៉ាក់សាំង Sinopharm សម្រាប់អ្នកចាក់ដូសទី១ហើយ
10, Mar 2021 , 10:58 am        
រូបភាព
ភ្នំពេញ៖ ដំណើរការចាក់សាំងកាពារជំងឺកូវីដ-១៩ ជូនពលរដ្ឋចាប់ពីវ័យ១៨ដល់៥៩ឆ្នាំ ចំពោះដូសទី១ នៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ព្រោះតែអស់វ៉ាក់សាំងស៊ីណូហ្វា (Sinopharm) ខណៈការចាក់ដូសទី២ និងការចាក់វាក់សាំងជូនពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅតែបន្ត។

 
«បងប្អូនដែលមានអាយុពី១៨ទៅ៥៩ឆ្នាំ ដែលមកចាក់វ៉ាក់សាំងលើកទី១ សូមអញ្ជើញត្រលប់ទៅវិញ ព្រោះ អស់វ៉ាក់សាំងហើយ»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យកុមារជាតិស្តីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ដោយបន្តបញ្ជាក់ថា ចំពោះអ្នកចាក់វ៉ាក់សាំងលើកទី២ គឺទទួលចាក់ជាធម្មតា។ ដោយឡែក អ្នកដែលមានអាយុលើ៦០ឆ្នាំ បើមិនទាន់ចាប់បានលេខរៀងដើម្បីវ៉ាក់សាំងទេ សូមអញ្ជើញត្រឡប់មកម្តងទៀត ពេលល្ងាចថ្ងៃទី១០មីនា ឬព្រឹកថ្ងៃទី១១មីនា ឆ្នាំ២០២១។


 
សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ញឹម អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិបានឡើយ។ ប៉ុន្តែអ្នកសារព័ត៌មានថ្មីៗ ៣រូប ដែលទៅដល់ទីតាំងអាទិភាពសម្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃពុធនេះ ត្រូវបានតម្រូវឲ្យមកវិញ ដោយសារតែបុគ្គលិកប្រចាំការនៅទីនោះថា អស់វ៉ាក់សាំង ដោយទុកសម្រាប់តែអ្នកចាក់ដូសទី២ ប៉ុណ្ណោះ។
 
កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ដោយគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០កុម្ភៈមក រហូតដល់ថ្ងៃទី៤មីនា កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca)របស់ឥណ្ឌា តទៅ ផងដែរ។ 
 
សូមជម្រាបថា ចំពោះសម្រាប់វ៉ាក់សាំងចំនួន ៤០ម៉ឺនដូសទៀតរបស់ប្រទេសចិន នឹងមកដល់កម្ពុជា មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ 
 
គិតត្រឹមថ្ងៃទី៩មីនា ឆ្នាំ២០២១ កម្ពុជាមានពលរដ្ឋ និងកងកម្លាំងយោធា បានចំនួន១៨៨,០២៦នាក់ហើយ ខណៈទីតាំងចាក់បានពង្រីករហូតដល់ទាំង២៥រាជធានី-ខេត្ត។ ក្នុងចំណោមមនុស្សជាង១៨,៨ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំងនេះ គឺមាន ក្រុមពលរដ្ឋអាទិភាពជាង៨,៩ម៉ឺននាក់ និងក្រុមកម្លាំងកងទ័ព មានជិត៩,៩ម៉ឺននាក់៕ 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com