អន្តរជាតិ
ឥណ្ឌាថា មិនមានការខ្វះវ៉ាក់សាំងកូវីដ-១៩ ក្នុងប្រទេសឡើយ
10, Mar 2021 , 7:59 pm        
រូបភាព
ប្រជាជនឥណ្ឌារង់ចាំទទួលវ៉ាក់សាំង។ រូបថត AFP
ប្រជាជនឥណ្ឌារង់ចាំទទួលវ៉ាក់សាំង។ រូបថត AFP
រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី៩ ខែមីនា បានចេញមកបដិសេធថា មិនមានការខ្វះខាតវ៉ាក់សាំងកូវីដ-១៩ ក្នុងប្រទេសឡើយ។ ការបដិសេធនេះ ធ្វើឡើងក្រោយរដ្ឋមួយនៅភាគពាយព្យស្នើសុំវ៉ាក់សាំងបន្ថែម ស្របពេលកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋចាប់ផ្ដើមមានសម្ទុះខ្លាំង។ ទីក្រុងញូវដែលីអះអាងថា រដ្ឋាភិបាលកណ្ដាលកំពុងផ្គត់ផ្គង់វ៉ាក់សាំងទៅទូទាំងប្រទេស ដោយផ្អែកលើតម្រូវការ និងការប្រើប្រាស់របស់ប្រជាជន។

 
គិតត្រឹមថ្ងៃទី៩ ខែមីនា ឥណ្ឌាដែលជាប្រទេសផលិតឱសថដ៏ធំរបស់ពិភពលោក បានផ្តល់វ៉ាក់សាំងចំនួន២៣លានដូសដល់ប្រជាជនខ្លួនប្រមាណ១៧លាននាក់មកហើយតាមរយៈកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមករាមក។ ឥណ្ឌា ក៏បានបរិច្ចាគ និងលក់វ៉ាក់សាំងទៅឱ្យប្រទេសដទៃទៀត ដែលធ្វើឱ្យមានការរិះគន់ខ្លះថា រដ្ឋាភិបាលមិនគិតគូរប្រជែងរបស់ខ្លួន។
 
យ៉ាងណាមិញ រដ្ឋ Rajasthan ដែលនៅភាគពាយព្យ នៅសប្តាហ៍នេះ បានក្លាយជារដ្ឋដំបូងគេក៏ប្រកាសរកវ៉ាក់សាំងដើម្បីបំពេញបន្ថែមតម្រូវការក្នុងរដ្ឋរបស់ខ្លួន។ តម្រូវការវ៉ាក់សាំងបានកើនឡើងនៅឥណ្ឌា បន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវនៅដំណាក់កាលដំបូង ពេលដែលប្រជាជនហាក់នៅស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
ទាក់ទងរឿងនេះ ក្រសួងសុខាភិបាលឥណ្ឌាអះអាងថា មិនមានការខ្វះខាតវ៉ាក់សាំងនៅក្នុងរដ្ឋ Rajasthan ឬកន្លែងផ្សេងទៀតនៅក្នុងប្រទេសឡើយ។ ក្រសួងបន្តថា រដ្ឋ Rajasthan មានប្រជាជនប្រហែល ៧០ លាននាក់ ហើយនៅរដ្ឋនេះមានសល់វ៉ាក់សាំងចំនួន ១,៤ លានដូសទៀតគិតត្រឹមយប់ថ្ងៃទី៩ ខែមីនា។ 
 
ក្រសួងសុខាភិបាលឥណ្ឌា សង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលកណ្តាលកំពុងត្រួតពិនិត្យយ៉ាងទៀងទាត់ ការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងរដ្ឋទាំងអស់ និងដែនដីសហព័ន្ធនានា ដោយការផ្តល់វ៉ាក់សាំងគ្រប់ដូស ធ្វើតាមតម្រូវការ និងការប្រើប្រាស់របស់ប្រជាជន។ 
 
តាមគម្រោង ឥណ្ឌា ចង់ចាក់វ៉ាក់សាំងឱ្យប្រជាជនចំនួន៣០០លាននាក់ នៃប្រជាជនសរុបរបស់ខ្លួនទាំងជាង១,៣៥ពាន់លាននាក់នៅខែសីហា ក្នុងឆ្នាំ២០២១នេះ។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំងCovaxin ដែលផលិតក្នុងស្រុកដោយក្រុមហ៊ុន Bharat Biotech ៕
 
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com