ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ថវិកាជាង៨៥ម៉ឺនដុល្លារ សម្រាប់លើកកម្ពស់សុខភាព និងបង្កើនការយល់ដឹងពីបញ្ហាបរិស្ថាននៅកម្ពុជា
11, Mar 2021 , 8:59 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖  អង្គការក្រៅរដ្ឋាភិបាលចំនួន២ ទទួលបានជំនួយឥតសំណងប្រមាណ៨៥ម៉ឺនដុល្លារ ពីរដ្ឋាភិបាលជប៉ុន សម្រាប់ការលើកកម្ពស់សុខភាព និងអនាម័យសហគមន៍ និងសម្រាប់ការបង្កើនការយល់ដឹងពីបញ្ហាបរិស្ថាន នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៩មីនា ឆ្នាំ២០២១។

 
ក្នុងចំណោមថវិកាជាជំនួយឥតសំណង់ខាងលើ មានជាង៧៦ម៉ឺនដុល្លារអាមេរិក រដ្ឋាភិបាលជប៉ុនផ្តល់ឱ្យអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្តគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ក្នុងខេត្តព្រះវិហារ ដែលជាគម្រោងឆ្នាំទី២។ ដោយឡែក ថវិកាជិត៩,២ម៉ឺនដុល្លារទៀត ជប៉ុនផ្តល់ទៅអង្គការ Nature Center Risen សម្រាប់អនុវត្តគម្រោង«ការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន»។ ស្ថានទូតជប៉ុនបានបញ្ជាក់ថា ការផ្តល់ជំនួយដល់អង្គការNature Center Risen នេះ គឺជាគម្រោងឆ្នាំទី១។ 
 
តាមរយៈជំនួយឥតសំណងទាំងនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជឿជាក់ថា នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ នៅកម្ពុជា។ លោកបាននិយាយដូច្នេះ៖« ខ្ញុំក៏សង្ឃឹមថា តាមរយៈគម្រោងនេះ ជនជាតិខ្មែរគ្រប់វ័យទាំងអស់ និងយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន ដែលនឹងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានជីវិត នៅក្នុងប្រទេសកម្ពុជាទាំងមូល»។
 
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជារូបនេះ បានកត់សម្គាល់ឃើញថា កម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ប៉ុន្តែ នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រោយ ដូចជា៖ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដែលរួមមានទាំងវិស័យសុខាភិបាល និងបរិស្ថានអប់រំ ដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន។ 
 
សូមជម្រាបថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមនៅកម្ពុជា តាំងពីឆ្នាំ២០០២មក សម្រាប់គាំទ្រសកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាកម្ពុជាឡើងវិញ នៅតាមមូលកម្រិតមូលដ្ឋាន។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៤៥លានដុល្លារ ដល់គម្រោងចំនួន១៣៨ ដែលផ្តោតសំខាន់លើវិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន នៅកម្ពុជា៕ 
 

Tag:
 សុខភាព
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com