កីឡាអន្តរជាតិ
អន្តរជាតិ
Kyodo៖ ជប៉ុន សម្រេចធ្វើអូឡាំពិកក្រុងតូក្យូ ដោយមិនឱ្យមានអ្នកគាំទ្រពីក្រៅប្រទេស
11, Mar 2021 , 8:29 am        
រូបភាព
ជប៉ុនបានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅក្រុងតូក្យូឆ្នាំ២០២០ ដោយមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រពីក្រៅប្រទេសឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ដោយដកស្រង់សំដីមន្ត្រីម្នាក់ដែលអះអាងថា នេះដោយសារប្រជាពលរដ្ឋជប៉ុនបារម្ភថា វត្តមានរបស់ពួកគេនឹងចម្លងជំងឺ COVID-19 កាន់តែខ្លាំង។


«គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ បានសម្រេចថាចាំបាច់ណាស់ក្នុងការដំណើរការកីឡានេះដោយបិទទ្វារកីឡដ្ឋាន ប៉ុន្តែអនុញ្ញាតឱ្យអ្នកចូលរួមក្នុងលក្ខខណ្ឌពិសេស និងអ្នកដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះប៉ុណ្ណោះ ដើម្បីបញ្ចៀសហ្វូងមនុស្សច្រើនដែលបង្កឱ្យមានការចម្លងជំងឺកូវីដ-១៩កាន់តែច្រើន»។ នេះបើតាមមន្ត្រីម្នាក់ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Kyodo។
 
មន្ត្រីដដែលនេះបន្ថែមទៀតថា សូម្បីតែពិធីបើកព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនេះក៏នឹងត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនាផ្ទាល់ផងដែរ។ បើតាមការគ្រោងទុក អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវពន្យារពេលមួយឆ្នាំដោយសារជំងឺរាតត្បាត នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ។
 
តាមរយៈការស្ទង់មតិរបស់កាសែត Yomiuri បង្ហាញថាប្រជាជនជប៉ុនភាគច្រើនស្ទើតែជាង៩០ភាគរយ មិនចង់ឱ្យភ្ញៀវអន្តរជាតិចូលរួមទស្សនាព្រឹត្តិការណ៍កីឡានេះឡើយ ស្របពេលមានការភ័យខ្លាចថាការហូរចូលដ៏ច្រើននៃភ្ញៀវទេសចរអាចបង្កជាការឆ្លងកូវីដ-១៩ក្នុងប្រទេសឡើងវិញ។
 
រហូតមកទល់ពេលនេះ ជប៉ុនដែលមានករណីឆ្លងកូវីដ-១៩ លំដាប់ថ្នាក់ទី១១នៅអាស៊ីមានចំនួនអ្នកឆ្លងសរុបជាង៤៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៨ពាន់នាក់ និងសះស្បើយជាង៤២ម៉ឺននាក់៕
 
 

Tag:
 COVID-19
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com