ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ វិវត្តន៍​យឺត​ជាង​ការគិត
12, Mar 2021 , 6:59 am        
រូបភាព
ការសិក្សា​ថ្មី​មួយ​បាន​ឱ្យដឹងថា ការផលិត​អាំង​ស៊ុយ​លីន​អាច​បន្ត​បាន​រយៈពេល​ជាច្រើន​ទសវត្សរ៍​ទៀត​ក្រោយពេល​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ១​។​

 
​ ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ Massachusetts បាន​និយាយថា ការរកឃើញ​នេះ​បាន​បន្ថែម​ទៅលើ​ភស្តុតាង​ដែល​មាន​ស្រាប់​ជាច្រើន​ថា រយៈពេល​នៃ​ពេលវេលា​ព្យាបាល​ក្រោយពេល​កើត​មាន​ជំងឺ​គឺ​យូរ​ជាង​ការ​ស្មាន​ទុក​ពី​មុន​។​
 
​ ​វេជ្ជបណ្ឌិត ដេ​នីស ហ្វូស​មេន (Denise Faustman) បាន​និយាយថា “​វា​ធ្លាប់​បាន​ត្រូវ​គេ​គិត​ថា​ដំណើរការ​កោសិកា​បែ​តា (​កោសិកា​ផលិត​អាំង​ស៊ុយ​លីន​ក្នុង​លំពែង​) នឹង​ផ្អាក​ទាំងស្រុង​នៅពេល​ដែល​អ្នក​ជំងឺ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១​។ ប៉ុន្តែ​ទិន្នន័យ​ពី​ការសិក្សា​នេះ​និង​ការសិក្សា​ផ្សេងទៀត​បាន​បង្ហាញថា លំពែង​នៅតែ​បន្ត​ដំណើរការ​នៅក្នុង​កម្រិត​ណាមួយ បើទោះបីជា​ក្រោយពេល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ យូរ​ហើយ​ក៏​ដោយ​”​។​
 
​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​គំរូ​ឈាម​ពី​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ ចំនួន ១៨២​នាក់ ហើយ​បាន​រកឃើញថា ការផលិត C-peptide អាច​បន្ត​បាន​រយៈពេល​ដ៏​យូរ​ក្រោយពី​មាន​ជំងឺ​ហើយ​នៅតែ​បន្ត​ប្រតិកម្ម​ទៅ​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ C-peptide គឺជា​កម្រិត​នៃ​ដំណើរការ​អាំង​ស៊ុយ​លីន​ឬ​កោសិកា​បែ​តា​។​
 
​ ​កម្រិត C-peptide មាន​កម្រិត​ទាប​ក្នុង​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ ក្នុង​រយៈពេល​យូរ ប៉ុន្តែ​មាន​ការធ្លាក់ចុះ​ជា​លំដាប់ ហើយ​មិន​មាន​ការធ្លាក់ចុះ​ខ្លាំង​ភ្លាមៗ​នោះទេ​។​
 
​ ​ទោះ​ក្នុង​ចំណោម​អ្នកជំងឺ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ រយៈពេល ៣១ ទៅ ៤០​ឆ្នាំ​ក៏​ដោយ ក៏ ១០​ភាគរយ នៅតែ​បន្ត​ផលិត C-peptide ហើយ​ដំណើរការ​នៃ​កោសិកា​បែ​តា​នៅតែ​ដដែល​។​
 
​ ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ការសិក្សា​នេះ​ណែនាំ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ ដែល​មាន​កម្រិត C-peptide ទាប អាច​នឹង​ព្យាបាល​បាន​ដោយ​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ថ្មី​ដើម្បី​រក្សា​ឬ​ជួយ​ដំណើរការ​កោសិកា​បែ​តា​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com