ជាតិ
សង្គមជាតិ
ជ័យលាភីលេខ១ថ្នាក់ជាតិផ្នែកតែងនិពន្ធ ស្មូតកំណាព្យ និងអានអត្ថបទ សុទ្ធតែជាសិស្សស្រី
12, Mar 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ដូចរៀងរាល់ឆ្នាំដែរ ក្នុងទិវាជាតិអំណានលើកទី៦  ក្រសួងអប់រំ បានរៀបចំការប្រកួតថ្នាក់ជាតិ ផ្នែកតែងនិពន្ធ ស្មូតកំណាព្យ អានអត្ថបទ និងការប្រធានបទជាក់លាក់មួយ ដោយមានការចូលរួមពីសិស្សានុស្ស និងលោកគ្រូ អ្នកគ្រូមកពីបណ្តាខេត្តនានា។ សម្រាប់ឆ្នាំនេះ ជ័យលាភីលេខ១ ផ្នែកតែងនិពន្ធ ស្មូតកំណាព្យ អានអត្ថបទសុទ្ធតែជានារី លើកលែងតែផ្នែកការប្រធានបទប៉ុណ្ណោះដែលម្ចាស់ជ័យលាភីលេខ១ ជាបុរស។

 
ផ្នែកតែងនិពន្ធ តម្រូវឱ្យបេក្ខជននិពន្ធកំណាព្យបទពាក្យ៧ ក្រោមប្រធានបទ«អំណានក្នុងបរិបទកូវីដ-១៩»។ តាមការប្រកាសរបស់ក្រសួងអប់រំ ម្ចាស់ជ័យលាភីទាំង៣ ក្នុងផ្នែកតែងនិពន្ធនេះ សុទ្ធតែជានារី ដោយលេខ១ គឺយុវតី តុង មិនា សិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង។ លេខ២ យុវតី អាន រក្សា សិស្សវិទ្យាល័យក្រែក ខេត្តត្បូងឃ្មុំ ខណៈយុវតី អេង ស្រីយ៉ា មកពីវិទ្យាល័យជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី ទទួលបានជ័យលាភីលេខ៣។
  


ចំណែកផ្នែស្មូតវិញ តម្រូវឱ្យបេក្ខជនស្មូតកំណាព្យពាក្យ៦ បែបឧមាទោស។ សម្រាប់ជ័យ លាភីថ្នាក់ជាតិផ្នែកស្មូតកំណាព្យនេះ លេខ១ បានទៅយុវតី វឹង ស្រីពេជ្រ សិស្សនៃវិទ្យាល័យស្តៅសន្តិភាព ខេត្តបាត់ដំបង។ លេខ២ បានទៅយុវតី វ៉ាត ចន្ទសោភា សិស្សពីវិទ្យាល័យស្រអែម ខេត្តព្រះវិហារ ខណៈយុវសិស្ស ខុម បញ្ញា មកពីអនុវិទ្យាល័យអំពិលទោល ខេត្តព្រៃវែង ទទួលជ័យលាភីលេខ៣។
 


ចំពោះជ័យលាភីលេខ១ ផ្នែកអានអត្ថបទ បានទៅ កុមារី ជីនីតា មកពីសាលាបឋមសិក្សាអនុវត្ត ខេត្តព្រះវិហារ ដែលអានអត្ថបទក្រោមចំណងជើងថា«អ្នកគ្រូរបស់គុណ»។ ជ័យលាភីលេខ២ បានទៅកុមារា ឡេង រក្សា មកពីសាលាបឋមសិក្សាព្រៃទទឹង ខេត្តកំពង់ចាម ក្រោមប្រធានបទ«ជំងឺកូវីដ-១៩»។ កុមារី ខឿន ស្រីនូ មកពីសាលាបឋមសិក្សាសម្តេចក្រមព្រះ ខេត្តរតនគិរី ដែលបានអានអត្ថបទចំណងជើង «អំណានក្នុងបរិបទកូវីដ-១៩» ទទួលបានជ័យលាភីលេខ៣។
 


ចំណែកជ័យលាភីលេខ១ ផ្នែកបកស្រាយប្រធានបទ «តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ» បានទៅលើលោកគ្រូ ជក់ សុភា មកពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រែកលាភក្នុងរាជធានីភ្នំពេញ។ ជ័យលាភីលេខ២ បានទៅលើលោកគ្រូ វឹក សាវុន គ្រូឧទេ្ទសនៅសាលាគរុកោសល្យភូមិភាគព្រៃវែង។ សម្រាប់ជ័យលាភីលេខ៣ផ្ទួន គឺមានចំនួន២នាក់ ដោយម្នាក់បានទៅលើលោកគ្រូ ទឹម សុខហួយ គ្រូបង្រៀននៅវិទ្យាល័យអង្គរសង្កែ ខេត្តតាកែវ និងលោកគ្រូ ឡុង ឆវង់ នៃវិទ្យាល័យ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនសំរោង រាជធានីភ្នំពេញ។
 
គួរកត់សម្គាល់ថា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធទិវាជាតិអំណានលើកទី៦ តាមប្រព័ន្ធអនឡាញ ព្រមទាំងមានកម្មវិធី«សប្តាហ៍សៀវភៅ»ផងដែរ ចាប់ពីថ្ងៃទី៩-១៤ ខែមីនា៕
 
 
 

Tag:
 អប់រំ
 សិស្ស
 និពន្ធ
 កំណាព្យ
 ស្មូត
© រក្សាសិទ្ធិដោយ thmeythmey.com