ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ ស្នើឪពុកម្តាយលៃលកថវិកាទិញសៀវភៅ និងសម្ភារសិក្សាឱ្យកូន ក្នុងកូវីដ-១៩
12, Mar 2021 , 9:30 am        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាទិវាជាតិអំណានលើកទី៦ ថ្ងៃទី១១ ខែមីនានេះ បានប្រាប់ឪពុកម្តាយ និងអាណាព្យាបាលសិស្ស គួរចំណាយថវិកាខ្លះ សម្រាប់ផ្គត់ផ្គង់ដល់ការសិក្សាក្នុងបរិបទកូវីដ-១៩ ដើម្បីឲ្យពួកគេទទួលបានចំណេះដឹង ប្រកបដោយគុណភាព។

 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងទិវាជាតិអំណានលើកទី៦ ដែលផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡាថា តាមរយៈការគាំទ្រ ការទំនុកបម្រុង និងការណែនាំពីគ្រូ ឪពុកម្តាយ និងអាណាព្យាបាលសិស្ស គឺជាការជំរុញឲ្យសិស្សទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព។
 
លោក ហង់ជួន ណារ៉ុន បានរៀបរាប់ដូច្នេះថា៖ «អាណាព្យាបាលសិស្ស សូមជួយជំរុញ និងបង្កលក្ខណៈកាន់តែច្រើនបន្ថែមទៀត ជាពិសេសការលៃលក ការចំណាយក្នុងគ្រួសារសម្រាប់ការទិញសម្ភារសិក្សា សៀវភៅអាន និងឧបករណ៍សម្រាប់អំណានដល់កូនៗ ដែលចាត់ទុកជាការវិនិយោគមួយដ៏សំខាន់ សម្រាប់បង្កើនចំណេះដឹង និងដើម្បីអនាគតដ៏ត្រចេះត្រចង់របស់ពួកគេ»។
 
ដើម្បីលើកកម្ពស់នៃការអប់រំ និងការអានសៀវភៅក្នុងបរិបទកូវីដ-១៩ ក្រសួងអប់រំបានផ្តល់សៀវភៅសិក្សាគោល ការផលិតវីដេអូបង្រៀន ការបែងចែកសន្លឹកកិច្ចការសិស្ស ការបង្រៀន និងបង្ហោះមេរៀន និងឯកសារផ្សេងៗតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ។
 
ជាមួយគ្នានេះលោករដ្ឋមន្ត្រីអប់រំក៏បានអំពាវនាវដល់អ្នកនិពន្ធ និងអ្នកចងក្រងសៀវភៅបន្តនិពន្ធ និងបង្កើនការបោះពុម្ពសៀវភៅឲ្យបានច្រើន។ លោក ហង់ជួន ណារ៉ុនក៏បានណែនាំដល់សិស្សានុសិស្សខិតខំសិក្សា និងចំណាយពេលអានសៀវភៅឲ្យបានច្រើន។
 
ទិវាជាតិអំណានលើកទី៦នៅឆ្នំា២០២១នេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធឡើងតាមអនឡាញ។ ក្រសួងអប់រំ ក៏មានកម្មវិធី«សប្តាហ៍សៀវភៅ»ដែលរៀបចំឡើងតាមអនឡាញរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៩-១៤ ខែមីនាផងដែរ៕ 
 

Tag:
 សៀវភៅ
 សិស្ស
 អប់រំ
 អំណាន
© រក្សាសិទ្ធិដោយ thmeythmey.com