COVID-19
ជាតិ
កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាជួយគ្នា «កម្ចាត់កូវីដ-១៩»
11, Mar 2021 , 9:29 pm        
រូបភាព
ពីឆ្វេងទៅស្តាំង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និង លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ជួបគ្នា ក្នុងកិច្ចប្រជុំមួយនៅវៀតណាមកន្លងមក។ រូបពី AFP
ពីឆ្វេងទៅស្តាំង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និង លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ជួបគ្នា ក្នុងកិច្ចប្រជុំមួយនៅវៀតណាមកន្លងមក។ រូបពី AFP
នាយករដ្ឋមន្រ្តីនៃប្រទេសជិតខាងទាំង៣ គឺកម្ពុជា វៀតណាម និង ឡាវ បាននិយាយនៅចំពោះមុខគ្នាតាមរយៈការតភ្ជាប់ប្រព័ន្ធវីដេអូ ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ហើយគាំទ្រគ្នាទៅវិញទៅមក លើការប្រយុទ្ធប្រឆាំងនឹងការរាលដាលជំងឺកូវីដ-១៩។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មេដឹកនាំនៃប្រទេសទាំង៣នេះ បានពិភាក្សាតាមប្រព័ន្ធវីដេអូ ហើយខ្លឹមសារនៃកិច្ចពិភាក្សានេះ ត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មាន។



សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសាទរវៀតណាមនិងឡាវ ក្នុងការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ ដោយមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និងលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ បង្ហាញការជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលក្នុងសហគមន៍នាពេលបច្ចុប្បន្ន។ 
 
ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំង៣ បានសម្រេចរួមគ្នាថា នឹងចាក់វ៉ាក់សាំងទៅវិញទៅមក ឲ្យមន្រ្តីការទូតនិងសិស្សនិស្សិតដោយមិនគិតថ្លៃ។  
 
កន្លងមក កម្ពុជា ធ្លាប់បានផ្តល់ម៉ាស់ប្រមាណ២លាន និងសម្ភារមួយចំនួនទៀត សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនោះ នាយករដ្ឋមន្រ្តីឡាវ បានអរគុណកម្ពុជា ចំពោះជំនួយនេះ។ ចំណែក កម្ពុជាវិញ ធ្លាប់បានទទួលជំនួយសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ពីវៀតណាម។ 
 
បច្ចុប្បន្ន កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ ជាង៥៦០នាក់ វៀតណាម នៅសល់អ្នកជំងឺកូវីដ-១៩ ជិត៥០០នាក់ ហើយ ឡាវ នៅសល់អ្នកជំងឺកូវីដ-១៩ ត្រឹម៥នាក់ប៉ុណ្ណោះ។ កម្ពុជា មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ម្នាក់ វៀតណាម មានអ្នកស្លាប់ដោយជំងឺនេះជាង២០នាក់ ចំណែកឡាវ គ្មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩នោះទេ។ 
 
ក្រៅពីរឿងកូវីដ-១៩ សម្តេច ហ៊ុន សែន លោក ង្វៀន ស៊ួនហ្វុក និងលោក ថងលូន ស៊ីសូលីត ក៏បានជជែកគ្នាពីចំណងមិត្តភាពដែរ រួមទាំងវិស័យផ្សេងៗទៀត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ថ្នាក់ដឹកនាំប្រទេសទាំង៣នេះ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ ការពារជាតិ គ្រប់គ្រងតាមព្រំដែន ពាណិជ្ជកម្ម ថាមពល និង ការអប់រំ ជាដើម៕ 
 
 

Tag:
 COVID-19
  កម្ពុជា
  វៀតណាម
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com