ពីនេះ ពីនោះ
ជំនួញបែប«គ្រួសារតពូជ»មានអាយុវែងជាងជំនួញបង្កើតថ្មី (Start-Up), ហេតុអ្វី?
12, Mar 2021 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
ដោយសារតែការរីករាលដាលនៃមេរោគកូវីដខ្លាំងពេក។ សំណាង និងសុធីរ ផ្អាកទៅក្រេបកាហ្វេរួមគ្នាមួយរយៈ។ ប៉ុន្តែ ក្លើទាំងពីរនៅតែទំនាក់ទំនងជជែកគ្នាតាមបណ្តាញសង្គមដដែល។ នៅថ្ងៃនេះ មិត្តសំឡាញ់ទាំងពីរជជែកគ្នាពីរឿងជំនួញតពូជ និងជំនួញ បង្កើត ថ្មី(Start-Up)។  តើមួយណាមានអាយុវែងជាង?


សុធីរ៖ អា សំណាង អញសួរអ្ហែងដូចឆោតបន្តិចទៅចុះ! ទាំងអ្ហែង ទាំងអញមិនមែនជាអ្នកជំនួញស្អីទេ។ ចុះហេតុអ្វីបានយើងចូលចិត្តជជែកពីអ្វីដែលមិនមែនជាជំនាញរបស់យើង? 

សំណាង៖ ពិតហើយ យើងមិនមែនជាអ្នកជំនាញខាងជំនួញស្អីទេ។ តែយើងអាចដឹង និងយល់បានខ្លះដែរតើ! យើងមិន«ចេះដឹង និងចេះធ្វើ»ទេ។ តែយើង«ដឹង» និង«យល់»។ 

សុធីរ៖ អើ! បើអ្ហែងថាអ៊ីចឹង យើងអាចជជែកគ្នាបាន។ គេថា ជំនួញតពូជមានអាយុវែងជាងជំនួញបង្កើតថ្មី ហេតុអ្វីទៅ? 

សំណាង៖
បើតាមអញគិត ជំនួញតពូជ វាជាជំនួញគ្រួសារបង្កើតឡើងតាំងពីច្រើនជំនាន់មកហើយ។ កូនចៅគេធ្វើតជំនាន់។ ចំណេះដឹងចេះតគ្នាមែន តែវាជាចំណេះធ្វើពិតប្រាកដទទួលបានដោយការអនុវត្តផ្ទាល់នៅនឹងកន្លែង។ ចំណេះធ្វើនេះមិនធម្មតាទេ។ ម្យ៉ាងទៀត កម្លាំងពលកម្ម គឺជាកម្លាំងស្នូលរបស់គ្រួសារ។ ពួកគេអាចឈ្លោះគ្នាដែរ តែមិនងាយបែកបាក់គ្នាឡើយ។ លើសពីនេះទៅទៀត ម៉ាកនៃផលិតផលជំនួញគ្រួសារត្រូវបានកសាងឡើងច្រើនជំនាន់មកហើយ។ អតិថិជនភាគច្រើនជាអតិថិជនស្មោះស័្មគ្រ និងស្គាល់ប្រវត្តិផលិតផលច្បាស់ណាស់។  មិនបាច់ធ្វើទីផ្សារក៏គេស្គាល់ដែរ។ 

សុធីរ៖
ចុះអញលឺគេថា ការដឹកនាំបែបជំនួញគ្រួសារមិនងាយរីកធំបានឡើយ។ មែនឬទេ?  

សំណាង៖ គេនិយាយអ៊ីចឹងក៏មិនខុសដែរ ព្រោះទុនអាចមានកម្រិត និងដោយសារការគ្រប់គ្រងបែបគ្រួសារ។ តែអ្វីដែលល្អ គឺថា វាមិនងាយដួលរលំដូចជំនួញបង្កើតថ្មី (Start-Up)ឡើយ។ 

សុធីរ៖ ហេតុអី?  

សំណាង៖ ជំនួញគ្រួសារ គឺជាជំនួញក្នុងទំនាក់ទំនងជាសរសៃអំបោះមិនងាយដាច់ចេញពីគ្នាឡើយ ទោះបីប្រឈមយ៉ាងណាក៏ដោយ។ ពួកគេជាសាច់ឈាមតែមួយ។ នេះ គឺជាចំណុចងាប់រស់របស់ជំនួញគ្រួសារ ឬជំនួញតពូជ។ តែសម្រាប់ជំនួញបង្កើតថ្មី (Start-up) វិញ, បើជំនួញបង្កើតថ្មីដោយក្រុមគ្រួសារតែមួយ វាអាចដំណើរការបាន បើមិនមានជម្លោះក្នុងគ្រួសារច្រើន។ តែបើវាបង្កើតឡើងដោយក្រុមផ្សេងគ្នា នោះហានិភ័យនៃការបែកបាក់កើតឡើងគ្រប់ពេល។ ក្រៅពីរឿងផ្សេងៗ ការបែកបាក់ផ្ទៃក្នុង គឺជាចំណែកដ៏ធំក្នុងការនាំឲ្យក្រុមហ៊ុនឈានទៅរកភាពបរាជ័យ។ គ្រាន់តែចំណុចនេះមួយ គេអាចសនិ្នដ្ឋានបានថា ជំនួញតពូជអាចមានអាយុវែងជាងជំនួញបង្កើតថ្មី។ 

សុធីរ៖ បើស្តាប់អ្ហែងនិយាយ ហើយបើអញចង់រកស៊ី តើអញគួរយករូបមន្តមួយណា?  

សំណាង៖
ជំនួញគ្មានក្បួនខ្នាតទេ អា សំឡាញ់។ ជួនកាលរកបាន ជួនកាលរកមិនបាន។ ពេលខ្លះ អញគិតថា ជំនួញត្រូវតែមានជំនឿ។ អ៊ីចឹងហើយបានជាមានគេសែនព្រេន។ ពេលខ្លះ ធ្វើជំនួញត្រូវពឹងផ្អែកលើព្រេងវាសនាដែរហ្នឹង។ អ្ហែងជឿមិនជឿ អញមិនដឹងទេ ព្រោះនេះ វាគ្រាន់តែជាការសង្កេតរបស់អញទេ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com