ជាតិ
សុខភាព
ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដនៅកម្ពុជាកើនជាង២៣ម៉ឺននាក់ ខណៈករណីឆ្លងកើនឡើងគួរឱ្យបារម្ភ
12, Mar 2021 , 3:50 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា មានពលរដ្ឋទូទៅ និង កងកម្លាំងយោធាចំនួន ២៣៧,៣៧៩នាក់ហើយ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(COVID-19) ខណៈករណីឆ្លងរាលដាលចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើងគួរឱ្យបារម្ភ។ ទិន្នន័យអ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំង Astra Zeneca នេះ គឺបានពីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១២មីនា។

 
របាយការណ៍ពីក្រសួងសុខាភិបាល បញ្ជាក់ថា ក្រុមប្រជាពលរដ្ឋអាទិភាពទូទៅ ដែលបានចាក់វ៉ាក់សាំង មានជិត១៣ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយ ខណៈក្រុមកម្លាំងកងទ័ព មានជាង១០,៧ម៉ឺននាក់ ក៏បានទៅចាក់វ៉ាក់សាំងរួចហើយ ដែរ។ ជាមួយគ្នានេះ ក៏មានពលរដ្ឋជាច្រើនសម្រុកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ទាប់ពីឥទ្ធិពលនៃការឆ្លលរាលដាលជំងឺកូវីដ-១៩ ដែលចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាន់តែមានទំហំធំពីមួយថ្ងៃ ទៅ មួយថ្ងៃ។ 
 
ត្រឹមរយៈពេល២១ថ្ងៃនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៧១២នាក់ បានដែលឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះមានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺ ស្មើជាង៥៨ភាគរយនៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា សរុប១,២២៥នាក់។
 
សូមជម្រាបថា កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង ប្រភេទស៊ីណូហ្វាមរបស់ចិន តាំងពីទី១០ខែកុម្ភៈ ខណៈការចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដែលផលិតនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៤មីនាមក។ 
 
ចំពោះវ៉ាក់សាំងស៊ីណូហ្វាម ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ អាចចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំប៉ុណ្ណោះ។ រីឯ វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca) សម្រាប់ចាក់លើមន្ត្រី និងពលរដ្ឋអាទិភាពដែលមានអាយុចាប់ពី៦០ឆ្នាំឡើង៕
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com