COVID-19
ជាតិ
រកឃើញ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ដែល​ឆ្លង​លឿន ១២​ករណី​ទៀត​នៅ​កម្ពុជា​
13, Mar 2021 , 10:08 am        
រូបភាព
កម្ពុជា បាន​រកឃើញ​ករណី​កូ​វីដ​-១៩ បំប្លែង​ថ្មី​ចំនួន​១២​ករណី​ទៀត ក្នុងចំណោម​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​កន្ល​ង​មក​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបញ្ជាក់​លទ្ធផល​នេះ នៅ​ថ្ងៃទី​១២​មីនា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៣​មីនា​នេះ​។

 
​ពាក់ព័ន្ធ​នឹង​ករណី​បំប្លែង​នេះដែរ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​សាជាថ្មី​ថា កូ​វីដ​-១៩ បំប្លែង​ថ្មី​នេះ​ខ្លាំង និង​សាហាវ​ជាង  វីរុស​នាពេល​មុនៗ ដែល​អាចធ្វើឱ្យ​អ្នក​ផ្ទុក​ស្លាប់​បាន​គ្រប់ពេល​។ «​សូម​ចងចាំ​ថា វីរុស​ប​ម្លែ​ង​ថ្មី​នេះ  សាហាវ​ជាង  និង​ខ្លាំង​ជាង​វីរុស​នាពេល​មុនៗ ដែល​អាចធ្វើឱ្យ​បុគ្គល​ស្លាប់​បាន​គ្រប់ពេលវេលា​»​។ នេះ​ជា​សារ​ដែល​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូបនេះ​។ 
 
​លោកស្រី ឱ វណ្ណឌី​ន  បន្ត​គូស​បញ្ជាក់ទៀតថា វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី  កំពុងតែ​ចរាចរ​យ៉ាងសកម្ម​ខ្លាំង​ក្លា​នៅ​កម្ពុជា ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​បាន​ឆ្លង​បន្តទៅ​បណ្តា​ខេត្ត​មួយចំនួន​រួចទៅហើយ​។ ទន្ទឹមនឹង​បញ្ជាក់​ពី​គ្រោះថ្នាក់ ដោយ​បណ្តាលមកពី​ករណី​បំប្លែង​ថ្មី​ហើយ លោកស្រី ឱ វណ្ណឌី​ន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ លើ​ស្ថានភាព​ឆ្លង​បច្ចុប្បន្ន ដោយ​បន្ត​អនុវត្ត​វិធានការ​ការពារ​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​។ លើសពីនេះ លោកស្រី​រដ្ឋលេខាធិការ ក៏​ទទូច​ឱ្យ​ពលរដ្ឋ​ចៀស​ការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បើ​គ្មាន​ការចាំបាច់ និង​ហាម​កន្លែង​ដែលមាន​ការជួបជុំ​មនុស្ស​ច្រើន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​គួរ​រំឭក​ដែរ​ថា កន្លងមក​ក្រសួងសុខាភិបាល ក៏​ធ្លាប់​ប្រកាស​ពី​ការរកឃើញ​ករណី​កូ​វីដ​-១៩ បំប្លែង​ថ្មី​នេះ ៦ ករណី​មកហើយ​ដែរ​។ សរុប​១២​ករណី​បន្ថែមទៀត នាពេលនេះ ធ្វើឱ្យ​កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ បំប្លែង​ថ្មី ១៩​ករណី​។​
 
 
​សូមបញ្ជាក់ថា គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ១២៦៤​នាក់​។ ករណី​សហគមន៍​២០​កុម្ភៈ មាន​ដល់​ទៅ​៧៥១​នាក់ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង​។ អ្នកជំងឺ​ចំនួន ៦៣៩​នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល រីឯ​ម្នាក់ បាន​ស្លាប់​កាលពី​ថ្ងៃទី​១១​ខែមីនា​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com