COVID-19
ជាតិ
វិជ្ជមាន COVID-19 ចំនួន៤១នាក់​បន្ថែមទៀត​នៅកម្ពុជា
14, Mar 2021 , 7:50 am        
រូបភាព
មនុស្ស​ចំនួន៤១នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ នៅ​កម្ពុជា​ ដែលមានខ្មែរ ចិន វៀតណាម និងជនជាតិថៃ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ករណី​សហគមន៍​២០​កុម្ភៈ​។  គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​១៣០៥​នាក់​។ ករណី​សហគមន៍​២០​កុម្ភៈ មាន​ដល់​ទៅ៧៩២នាក់ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង​។​

 
​តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ​​អ្នកដែល​ឆ្លងក្នុង​សហគមន៍​ទាំង៤១​​នាក់​នេះ មាន​អ្នករស់នៅ​ភ្នំពេញ​១២នាក់ ,​កណ្តាល២៨ នាក់​ និងខេត្តព្រៃវែង១នាក់។ នៅខេត្តកណ្តាលគឺអ្នកឆ្លងមានអាសយដ្ឋាននៅឃុំសំពៅលូន ស្រុកកោះធំទាំងអស់។ ចំណែកអ្នកនៅរាជធានីភ្នំពេញ អ្នកឆ្លងមានអាសយដ្ឋាន នៅខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ ខណ្ឌ​​​សែនសុខ ខណ្ឌទួលគោក ​​ខណ្ឌច្បារអំពៅ និង​ខណ្ឌចំការមន​។ រីឯនៅខេត្តព្រៃវែង អ្នកឆ្លងម្នាក់នោះ គឺមានអាសយដ្ឋាននៅឃុំក្រាំងស្វាយ ស្រុកព្រះស្តេច។ 
 
​ទន្ទឹមនឹងនេះ ក្រសួង​ក៏បាន​ប្រកា​សមាន​អ្នក​សះស្បើយ​ចំនួន២៤នាក់​ដែរ ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ ក្នុងនោះ១១នាក់ ជាអ្នករស់នៅភ្នំពេញ និង១៣នាក់ទៀត ជាជនជាតិចិន និងវៀតណាម ដែលរកឃើញនៅខេត្តព្រះសហនុ។   
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​១៣០៥នាក់​។ ករណី​សហគមន៍​២០​កុម្ភៈ មាន​ដល់​ទៅ៧៩២ នាក់ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង​។ អ្នកជំងឺ​ចំនួន ៦៤៧នាក់ បានសះស្បើយ ខណៈអ្នកចំនួន ​៦៥៦ នាក់​ទៀត ​កំពុង​បន្ត​សម្រាក​ព្យាបាល។ ​​កាលពី​ថ្ងៃទី​១១​ខែមីនាកន្លងទៅ មានបុរសម្នាក់បាន​បាត់បង់ជីវិត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com