COVID-19
ជាតិ
សេដ្ឋកិច្ច
ព្រឹត្តិការណ៍២០កុម្ភៈ ធ្វើឱ្យវិស័យទេសចរណ៍កាន់តែដុនដាប
14, Mar 2021 , 11:59 am        
រូបភាព
រូបភាពដោយ លោក ទូច សុវណ្ណឌី
រូបភាពដោយ លោក ទូច សុវណ្ណឌី
ដោយ:
ព្រឹត្តិការណ៍២០កុម្ភៈ បានអូសបន្លាយប្រមាណ៣សប្តាហ៍មកហើយ ដែលបានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែដុនដាបទៅ។ បើតាមលោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ ព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាប៉ះពាល់ធ្ងន់ធ្ងរ ដោយក្នុងព្រឹត្តិការណ៍នេះ កម្ពុជាស្ទើរតែបាត់បង់ភ្ញៀវទេសចរទាំងស្រុង។

 
ទេសចរណ៍កម្ពុជា បានពឹងផ្អែកស្ទើរទាំងស្រុងលើភ្ញៀវទេសចរផ្ទៃក្នុង អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ជាង១ឆ្នាំមកនេះ។ ព្រឹត្តិការណ៍សហគមន៍បានកើតឡើងជាបន្តបន្ទាប់ រហូតមានព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យភ្ញៀវទេសចរ ផ្ទៃក្នុងក៏ពិបាកនឹងដើរកម្សាន្តដែរ។
 
លោក តុប សុភ័ក្ត្រ បានប្រាប់សារព័ត៌មានThmeyThmey ថា ក្នុងព្រឹត្តិការណ៍២០កុម្ភៈ វិស័យទេសចរណ៍កម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យអាជីវកម្មទេសចរណ៍ ជាច្រើនបានបិទទ្វារ ប៉ុន្តែលោកមិនទាន់អាចបូកសរុបបាន ថាចំនួននៃការបិទទ្វាអាជីវកម្មនេះប៉ុន្មាននោះទេ។


លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍
 
«ព្រឹត្តិការណ៍២០កុម្ភៈ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់វិស័យទេសចរណ៍ ដែលអាចនិយាយថាបាត់ភ្ញៀវទេសចរ ស្ទើរតែទាំងស្រុង ។ ទេសចរពីក្រៅប្រទេសយើងដឹងថាអត់ហើយ ចំណែកចលនាទេសចរក្នុងស្រុកក៏មានភាពស្ងប់ស្ងាត់តាមដែរ ដោយសារយើងមានការឆ្លងក្នុងសហគមន៍ » ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក តុប សុភ័ក្ត្រ។ 
 
អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបន្តទៀតថា សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្រសួងទេសចរណ៍ មិនទាន់អាចនិយាយបានទេ ថាមានអាជីវកម្មទេសចរណ៍ប៉ុន្មានបានបិទទ្វារបន្ថែមទៀត ក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ។ លោក តុប សុភ័ក្ត្រ លើកឡើងថា កន្លងមកមានអាជីវកម្មទេសចរណ៍ជាង ២ ៨០០ទីតាំងហើយបានបិទទ្វារ ដោយខេត្តសៀមរាបទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ដែលមានអាជីវកម្មទេសចរណ៍ជាង ៩០ភាគរយបានបិទទ្វារ ។
 
ដោយឡែក ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក៏រងផលប៉ះពាល់ខ្លាំងណាស់ដែរ ។ បើតាមលោក តាំង សុខចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ ស្ថានភាពទេសចរណ៍ក្នុងខេត្ត មានសភាពស្ងាត់ជ្រងំ ដែលបណ្ដាលឱ្យអាជីវកម្មទេសចរណ៍ប្រមាណ ជាង៧០ភាគរយ បានបិទទ្វារ។ 


លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ (រូបភាព៖ហ្វេសប៊ុកក្រសួងមហាផ្ទៃ)
 
លោក តាំង សុខចិត្តគ្រឹស្នា បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ក្នុងព្រឹត្តិការណ៍២០កុម្ភៈ រដ្ឋាភិបាលបានឱ្យបិទផ្លូវចេញចូល ទើបមិនមានភ្ញៀវទេសចរ ដូច្នេះអាជីវករគាត់ផ្អាកដំណើរការសិន នៅពេលស្ថានភាពអាចគ្រប់គ្រងវិញបាន ភ្ញៀវត្រលប់មកវិញ អាជីវកម្មក៏អាចបើកវិញភ្លាមបានដែរ»។
 
លោក តុប សុភ័ក្ត្រ បានលើកឡើងផងដែរថា រមណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងប្រទេសកម្ពុជា នៅដំណើរការធម្មតា ប៉ុន្តែដោយសារការរីករាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ធ្វើឱ្យភ្ញៀវទេសចរ ខ្លាចនឹងការដើរកម្សាន្តតែម្ដង។ 
 
សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២០ ភ្ញៀវទេសចរជាតិធ្លាក់ចុះ ២០ភាគរយ និងទេសចរអន្តរជាតិ ធ្លាក់ចុះ ៨០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះ បណ្ដាលមកពីការរីករាលដាលនៃ ជំងឺកូវីដ- ១៩ ក្នុងប្រទេសកម្ពុជា និងសាកលលោក។
 
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១ ៣០៥នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៧៩២នាក់ ដោយផ្តើមចេញពីរាជធានីភ្នំពេញ និងបានរាលដាលដល់ខេត្តចំនួន៩ ទៀតនៅកម្ពុជា រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ បច្ចុប្បន្ន នៅមានអ្នកចំនួន ៦៥៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល និងបុរសខ្មែរម្នាក់ បានស្លាប់ កាលពីថ្ងៃទី១១ខែមីនាកន្លងទៅ៕
 
ទិដ្ឋភាពស្ងប់ស្ងាត់តាមដងផ្លូវក្នុងខេត្តព្រះសីហនុ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ៖





Tag:
 តុប សុភ័ក្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com