អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្តាហ៍
14, Mar 2021 , 8:29 pm        
រូបភាព
មួយសប្តាហ៍បានកន្លងផុត ព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានកើតឡើង។ បាតុកម្ម និងស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏ក្តៅគគុក ខណៈពេលចិន បានបិទបញ្ចប់កិច្ចប្រជុំសភាប្រជាជនប្រចាំឆ្នាំរបស់ខ្លួន។ បញ្ហាហុងកុង ដែលជារបៀបវារៈដ៏សំខាន់ក្នុងកិច្ចប្រជុំសភាចិន ត្រូវបានរដ្ឋបាលអាមេរិករិះគន់។ ទន្ទឹមនេះ មេដឹកនាំកំពូល នៃក្រុមប្រទេសកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) ក៏បានបើកកិច្ចប្រជុំ ដើម្បីទប់ឥទ្ធិពលចិនផងដែរ។

 
សារព័ត៌មានថ្មីៗ បានសង្ខេបព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលបានកើតឡើងក្នុងសប្តាហ៍នេះដូចខាងក្រោម៖ 
 
ថ្ងៃទី៨ ខែមីនា
 
ម្ចាស់អាជីវកម្ម និងអ្នករកស៊ីជាច្រើនពាន់នាក់ បានចេញមកបាតុកម្មនៅទូទាំងប្រទេសនៅមីយ៉ាន់ម៉ា ខណៈពេលរបបសឹកនៅតែរក្សាជំហរមិនដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ ទន្ទឹមនេះ អូស្រ្តាលី បានប្រកាសបង្វែរជំនួយមនុស្សធម៌ពីរដ្ឋាភិបាល ទៅអង្គការសង្គមស៊ីវិល និង កម្រិតកម្មវិធីសហប្រតិបត្តិការការពារជាតិទ្វេភាគី និងកម្មវិធីផ្សេងទៀត។ 
 
មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃចំនួន១៨រូប ត្រូវបានតុលាការព្រហ្មទណ្ឌថៃ ចោទប្រកាន់ចំពោះការប្រព្រឹត្តបទល្មើសចំនួន១១ ដែលធ្វើឡើងក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅសាកលវិទ្យាល័យ Thammasat និងទីលាន Sanam Luang កាលពីថ្ងៃទី១៩ និង២០ ខែកញ្ញាឆ្នាំ២០២០។
 
ថ្ងៃទី៩ ខែមីនា

ឥណ្ឌូណេស៊ី បានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់លើវ៉ាក់សាំង AstraZeneca បន្ទាប់ពីប្រទេសនេះទទួលបានវ៉ាក់សាំង១,១លានដូសតាមយន្តការ COVAX។ 
 
ថ្ងៃទី១០ ខែមីនា
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តជាឯកច្ឆន្ទលើសេចក្តីថ្លែងការណ៍មួយ ដែលរិះគន់យ៉ាងខ្លាំងក្រុមយោធាមីយ៉ាន់ម៉ា និងអំពាវនាវឱ្យរបបសឹក ផ្លាស់ប្តូរស្ថានការណ៍នយោបាយនៅក្នុងប្រទេសទៅរកសភាពដើមវិញ។ ចំណែកអាមេរិក បានបន្ថែមទណ្ឌកម្មមួយចំនួនទៀត។
 
ថ្ងៃទី១១ ខែមីនា
 
សភាប្រជាជនចិន បានអនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង ក្នុងសម័យប្រជុំលើកទី៤  នីតិកាលទី១៣ ដោយមានទទួលបានការគាំទ្រក្នុងសំឡេងដ៏ច្រើនលើសលុប។ ក្នុងថ្ងៃដដែល អាមេរិកបានរិះគន់ចិន ដោយចាត់ទុកជាការវាយប្រហារលើប្រជាធិបតេយ្យ។ 
 
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានលុបក្រុមឧទ្ទាម Arakan Army នៅរដ្ឋរ៉ាក់ឃីន ចេញពីបញ្ជីក្រុមភេរវករ ស្របពេលមានបាតុកម្មនៅទូទាំងប្រទេស។ 
 
ថ្ងៃទី១២ ខែមីនា
 
មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា ប្រកាសគម្រោងរួមគ្នាដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយពាន់លានដូសឱ្យតំបន់អាស៊ី ជាមួយគោលដៅប្រជែងចិនដែលផ្គត់ផ្គង់វ៉ាក់សាំងរាប់លានដូសឱ្យប្រទេសក្នុងតំបន់ជាច្រើនមកហើយ។ 
 
អង្គការសុខភាពពិភពលោក (WHO) បានបញ្ចូលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson ទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់។ 
 
ថ្ងៃទី១៣ ខែមីនា
 
យ៉ាងហោចណាស់មនុស្ស១២នាក់ បានបាត់បង់ជីវិតក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ ទន្ទឹមនេះ មេដឹកនាំរដ្ឋាភិបាលស៊ីវិលស្រមោលដែលកំពុងភៀសខ្លួន ក៏ប្រកាសការតស៊ូមួយដើម្បីបញ្ចប់របបយោធា និងទៅបង្កើតរដ្ឋាភិបាលស្របច្បាប់ថ្មីមួយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com