ជាតិ
វិធីរក្សាទុកគ្រាប់ពូជបន្លែ និងដំណាំ កុំឱ្យសត្វល្អិត ឬខ្មូតបំផ្លាញ
14, Mar 2021 , 8:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
ការប្រមូលផលបន្លែ ដំណាំ និងរក្សាទុកគ្រាប់ពូជសម្រាប់ដំាដុះនៅរដូវបន្ទាប់ គឺជារឿងមួយដែលកសិករតែងតែយកចិត្តទុកដាក់។ ទោះយ៉ាងណា កសិករមួយចំនួន នៅជួបបញ្ហាក្នុងការទុកដាក់ និងរក្សាគ្រាប់ពូជឲ្យបានល្អ សត្វល្អិតបំផ្លាញគ្រាប់ពូជ ឬខ្មូតបំផ្លាញជាដើម។ បើមិនដូច្នោះ ក៏គ្រាប់ពូជទាំងនោះ ផ្តល់ទិន្នផលទាបដែរ។ បញ្ហាទាំងអស់នេះ គឺបណ្ដាលមកពី ការប្រមូលផលពីចម្ការយឺតយ៉ាវ ការសម្រាំងពូជមិនបានត្រឹមត្រូវ ការសម្ងួតគ្រាប់ពូជមិនស្ងួតល្អ និងការទុកដាក់ពុំបានត្រឹមត្រូវតាមបច្ចេកទេសជាដើម។  ដើម្បីជៀសវាងបញ្ហាទាំងនោះ  សារព័ត៌មានថ្មីៗ២៥ សូមបង្ហាញវិធីសាស្ត្ររក្សាគ្រាប់ពូជ ដែលដកស្រង់ពីសៀវភៅកសិកម្ម «បទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។

 
ដើម្បីរក្សាទុកគ្រាប់ពូជ ដើម្បីទទួលបានប្រសិទ្ធភាព ពេលចាប់ប្រមូលយកផ្លែពីចម្ការ កសិករត្រូវជ្រើសរើសយកផ្លែ ឬកួរណា ដែលទុំពេញលេញ ប៉ុន្តែមិនត្រូវឲ្យទុំជ្រុល ដូចជាទុំរលួយ ឬទុំស្ងួតយូរថ្ងៃនោះឡើយ។ បន្ទាប់ពីជ្រើសរើសរួចរាល់ ក្នុងវគ្គនៃការសម្រាំងយកគ្រាប់ពូជ គឺត្រូវពុះយកគ្រាប់ ដាក់ត្រាំទឹកមួយយប់ និងត្រូវលាងសម្អាតជាតិរំអិលជាប់នឹងគ្រាប់ឲ្យស្អាត។ 
 
ចំពោះការប្រមូលពូជពីប្រភេទទុំស្ងួតវិញ គឺត្រូវវាយបំបែកសម្បក សម្អាតឲ្យស្អាត រួចសម្រាំងយកគ្រាប់ដែលមិនល្អ ឬសត្វល្អិតស៊ី និងគ្រាប់ពូជមានជំងឺ ជាពិសេសគ្រាប់ពូជសណ្ដែកកូរ និងពោតចោល។
 
ចំពោះដំណាក់កាលនៃការសម្ងួតគ្រាប់ កសិករត្រូវដាក់ហាលគ្រាប់ពូជឲ្យស្ងួតល្អ ទៅតាមចំនួនថ្ងៃ នៃប្រភេទនីមួយៗ។ សម្រាប់គ្រាប់ពូជស្ពៃ ជី ផ្ទី ម្ទេស ត្រប់ ប៉េងប៉ោះ សាលាដ ត្រូវហាលដោយខ្ចប់នឹងសំណាញ់ញឹក ចំនួនពី ២-៣ថ្ងៃ។ ចំណែកឯ គ្រាប់ពូជបន្លែខ្នាតធំ ដូចជា ម្រះ ត្រសក់ ល្ពៅ ននោង សណ្ដែកកួរ ត្រកួន ឃ្លោក ត្រូវហាលសម្ងួត រយៈពេល ៣-៤ថ្ងៃ។ ប៉ុន្តែកសិករ មិនត្រូវហាលថ្ងៃក្ដៅខ្លាំង ដូចជាពេលថ្ងៃត្រង់ឡើយ។
ការរក្សាទុកគ្រាប់ពូជ ក៏ជារឿងដែលកសិករត្រូវយកចិត្តទុកដាក់ខ្លាំងដែរ ដើម្បីឲ្យគ្រាប់ពូជហុចផលច្រើននៅពេលដាំ និងជៀសផុតពីសត្វល្អិតបំផ្លាញ។ កសិករ ត្រូវច្រកគ្រាប់ពូជទុកក្នុង ដប ស្បោង ក្រដាសស្ងួត កញ្ចប់ក្រដាស កែវ ឬកញ្ចប់អាលុយមីញ៉ូម និងបន្ថែមកម្ទេចធ្យូងស្ងួតបន្តិចផងដែរ។ សូមចងចាំថា ត្រូវច្រកគ្រាប់ពូជទុកភា្លម ក្រោយសម្ងួតហើយ។ ចំពោះការដាក់កម្ទេចធ្យូងនេះ គឺត្រូវដាក់មុនដាក់គ្រាប់ពូជ និងដាក់ពីលើ រួចបិទឲ្យជិតល្អ ព្រោះធ្យូងការពារនូវការស្រូបយកសំណើម ពីបរិយាកាស ទៅគ្រាប់ពូជ។ 
 
ចំណុចគួរចងចាំដែរនោះ កសិករត្រូវបិទគម្របឲ្យបានត្រឹមត្រូវ និងជិតល្អ ដើម្បីកុំឱ្យគ្រាប់ពូជដុះផ្សិត ដែលបណ្ដាលមកពីសំណើមពីបរិយាកាសខាងក្រៅ។ ម្យ៉ាងទៀតត្រូវយកកញ្ចប់ ឬដបដាក់គ្រាប់ពូជ រក្សាទុកនៅកន្លែងត្រជាក់ ស្ងួត ជៀសវាងត្រូវកម្ដៅ និងសំណើមជាហេតុផលធ្វើឲ្យគ្រាប់ពូជខូច៕
 

Tag:
 គ្រាប់ពូជ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com