COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យអភិបាលរាជធានី-ខេត្ត បិទពិធីមង្គលការ និងជួបជុំ ដើម្បីទប់ស្កាត់កូវីដ-១៩
15, Mar 2021 , 3:58 pm        
រូបភាព
ភ្នំពេញ៖ តាមរយៈសារសំឡេង ជាង៦នាទី នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ឱ្យអភិបាលរាជធានី- ខេត្តប្រើប្រាស់សិទ្ធិសម្រេចបិទពិធីមង្គលការ និងការជួបជុំបណ្ដោះអាសន្នសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ការណែនាំរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងក្រោយពីមានករណីអ្នកជំងឺកូវីដ-១៩ ចូលរួមមង្គលការជាបន្តបន្ទាប់។


សម្ដេច ហ៊ុន សែន បានទុកសិទ្ធិឱ្យអភិបាលរាជធានី-ខេត្ត សម្រេចបិទពិធីមង្គលការ និងជួបជុំ ក្នុងទប់ស្កាត់ជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈហើយ ប៉ុន្តែមិនអនុវត្តបានសមស្របតាមកាលៈទេសៈនេះឡើយ។ ដោយសារឃើញបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែធំ និងមានហានិភ័យនេះ ទើបសម្ដេច ប្រាប់ឱ្យអាជ្ញាធរប្រើប្រាស់សិទ្ធិសម្រេចបិទពិធីមង្គលការ និងការជួបជុំបណ្ដោះអាសន្នសិន ។ នោះក៏ព្រោះតែការជួបជុំនៅក្នុងពិធីមង្គលការកន្លងមកនេះ កើតមានករណីអ្នកជំងឺកូវីដ-១៩ ចូលរួមពិធីនោះដែរ។
 
«ខ្ញុំសុំស្នើឱ្យអភិបាលខេត្ត-រាជធានី ធ្វើការពិចារណាទាក់ទិននឹងការចេញបទបញ្ជារនៃការផ្អាកជាបណ្ដោះអាសន្ន នូវមង្គលការ ឬពិធីផ្សេងៗនៅតាមខេត្តរបស់ខ្លួន»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលណែនាំឱ្យអភិបាលរាជធានី-ខេត្ត ធ្វើលិខិតជូនដំណឹងប្រាប់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគេចូលរួមអនុវត្តទាំងអស់គ្នា។
 
 
គិតមកដល់ពេលនេះ ជំងឺកូវីដ-១៩បានឆ្លងរាលដាលដល់រាជធានីខេត្តចំនួន១០ហើយ រួមមានភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ ដោយឡែកស្ថានភាព នៅខេត្តតាកែវ កំពុងស្ថិតនៅក្នុងការតាមដាន ក្រោយពីបុគ្គល កក្កដា សុភ័ណ្ឌ ដែលផ្ទុកជំងឺកូវីដ-១៩ បានចូលរួមពិធីមង្គលការមួយ កាលពីថ្ងៃទី១២ ខែមីនា ដែលស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គល កក្កដា សុភ័ណ្ឌ ជាង៤០០នាក់។ ក្នុងនោះមិត្តភក្តិបុគ្គល កក្កដា សុភ័ណ្ឌ ៤នាក់ទៀត ជាអ្នករស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏ត្រូវបានធ្វើតេស្ត និងបានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា-កូរ៉េខេត្តកំពង់ស្ពឺផងដែរ។
 
រីឯនៅខេត្តកំពតវិញ ក៏មានបុរសម្នាក់ វិជ្ជមានកូវីដ-១៩ ចូលរួមពិធីមង្គលការ នៅក្នុងស្រុកឈូកដែរ។ បច្ចុប្បន្នអាជ្ញាធរកំពុងប្រមែប្រមូលអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសនៅពិនិត្យសំណាក និងចត្តាឡីស័កដូចគ្នា។ មិនតែប៉ុណ្ណោះ ក៏មានការបិទភូមិខ្លះទៀត នៅតាមតំបន់នៃខេត្តនីមួយៗនេះផង។ 
 
គិតត្រឹមថ្ងៃទី១៥ មីនានេះ កម្ពុជា មានអ្នកជំងឹកូវីដ-១៩ ចំនួន១,៣២៥នាក់ ក្នុងនោះជាសះស្បើយ ៧៣០នាក់ ។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកឆ្លង៨១០នាក់ នៃក្នុងព្រឹត្តិការណ៍២០កុម្ភៈ ៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com