ជាតិ
លោក សាង មុនី ស្គាល់សត្វស្លាបជាង៥០០ប្រភេទ ពីជំនាញមគ្គុទេសក៍ទេសចរណ៍របស់ខ្លួន
16, Mar 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ព្រះវិហារ៖ លោក សាង មុនី ដែលធ្វើការជាមគ្គុទេសក៍ទេសចរណ៍ ជូនភ្ញៀវមើលសត្វស្លាបអស់រយៈពេល១៥ឆ្នាំហើយ។ លោកបានអះអាងថា ក្នុងការបំពេញយូរឆ្នាំមកនេះ លោកបានស្គាល់សត្វស្លាបក្នុងប្រទេសកម្ពុជា ប្រមាណជាង៥០០ប្រភេទ ក្នុងនោះមានសត្វកម្របំផុតជាង១០ប្រភេទ ដូចជាសត្វត្មាតភ្លើង ត្មាតផេះ ត្មាតត្នោត ត្រយ៉ងយក្ស ត្រយ៉ងចំក្រមកស ក្រៀល រនាលស ត្រដក់តូច ត្រដក់ធំ និងសត្វខ្សឹបជាដើម។ ជាមគ្គុទេសក៍ខាងមើលសត្វស្លាប លោក សាង មុនី ត្រូវស្គាល់ច្បាស់ពីភិនភាគ ពណ៌ រួមទាំងសំឡេងរបស់សត្វនីមួយៗ ដើម្បីអាចពិពណ៌នាប្រាប់ភ្ញៀវបាន។



ដើម្បីស្វែងយល់បន្ថែមពីការងារ មគ្គុទេសក៍ទេសចរណ៍ខាងសត្វស្លាប តទៅនេះសូមអញ្ជើញលោកអ្នកស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗដូចទទៅ៖





ឈរនៅកណ្ដាលវាលស្រែ ដែលជាអតីតបារាយណ៍របស់ប្រាសាទបុរាណឈ្មោះចិនស្រម ឬហៅឈ្មោះម៉្យាងទៀតថាជាប្រាសាទព្រៃវែង ស្ថិតក្នុងភូមិព្រៃវែង ឃុំស្រយ៉ុង ស្រុកគូលែន ខេត្តព្រះវិហារ នាម៉ោងប្រមាណ៧ព្រឹក លោក សាង មុនី កំពុងប្រាប់ភ្ញៀវ ដែលមានក្រុមអ្នកសារព័ត៌មាន មន្ត្រីនៃក្រសួងបរិស្ថាន និងបុគ្គលិកអង្គការ USAID ពីរបៀបមើលសត្វស្លាប។
 
ពាក់អាវកបត់ពណ៌កាកអំពៅដៃវែង ដោយមានស្លាកឈ្មោះក្រុមហ៊ុនទេសចរណ៍ដែលខ្លួនធ្វើការផង បុរសវ័យ៤០ឆ្នាំ សម្បុរស្រអែមរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា លោកត្រូវស្គាល់តួខ្លួន ស្គាល់ទ្រង់ទ្រាយ និងស្គាល់ពណ៌សត្វស្លាបគ្រប់ប្រភេទទាំងអស់ ដើម្បីអាចពិពណ៌នាប្រាប់ភ្ញៀវបាន។  


 
ដើរបណ្ដើរ និយាយបណ្ដើរលោក សាង មុនី បញ្ជាក់បន្ថែម ពីចំណេះដឹងមើលសត្វស្លាប៖«ដោយសារយើងរៀនលម្អិតទាំងអស់ រៀនពីសំឡេង រៀនពីរូបរាងវា។ រៀនសម្គាល់ពណ៌វា ពេលវាហើររូបរាងវាយ៉ាងម៉េច របៀបវាហើរយ៉ាងម៉េច? វាមានចំពុះ មានគល់ចំពុះ មានថ្ងាស់ មានក្បាល ហូរហែហ្នឹង យើងត្រូវស្គាល់ទាំងអស់។ ព្រោះសត្វនីមួយៗ វាមានពណ៌ផ្សេងៗ នៅតាមដងខ្លួនរបស់វា។ ដូច្នេះយើងត្រូវដឹង ដើម្បីងាយស្រួលពិពណ៌នា ប្រាប់ភ្ញៀវទេសចរដែលគាត់មកមើលសត្វ។ ខ្ញុំរៀនលម្អិតដោយខ្លួនឯងផង រៀនពីគ្រូផង»។  
 
សត្វស្លាបតែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែវាអាចមានពណ៌ផ្លាស់ប្ដូរគ្នាច្រើន ដូចជានៅពេលហើរពណ៌ផ្សេង វាទំលើដើមឈើពណ៌ផ្សេង សត្វញីពណ៌ផ្សេង សត្វឈ្មោលពណ៌ផ្សេង សត្វវ័យក្មេងពណ៌ផ្សេង សត្វរាងចាស់ពណ៌ផ្សេងជាដើម ដោយពណ៌របស់វាល្អៀងគ្នាបន្តិចបន្តួច ដូច្នេះលោក សាង មុនី ត្រូវតែស្គាល់ពណ៌សត្វទាំងនោះច្បាស់។ 
 
ដូចគ្នាដែរក្នុងសត្វមួយប្រភេទ មានសំឡេងច្រើន ដូច្នេះមគ្គុទេសក៍ទេសចរណ៍រូបនេះត្រូវស្គាល់សំឡេងទាំងអស់ ហើយលោកពន្យល់ដូច្នេះ៖«សត្វមួយប្រភេទ វាមានសំឡេងយំច្រើនខុសៗគ្នាទៀត មិនមែនមានតែសំឡេងមួយទេ។ ឧទាហរណ៍កូនវាតូចៗ យំរបៀបទារចំណីហ្នឹងផ្សេង។ ពេលយំរបៀបផ្អើលឃើញមនុស្សផ្សេង។ ពេលវាយំរកគ្នាផ្សេង។ ភាសាអង់គ្លេសគេបែងចែកសំឡេងផ្សេងៗគ្នា ប៉ុន្តែខ្មែរយើង ប្រើតែភាសាយំ ស្រែក អ៊ីចឹងទៅណា»។  
 
បានបញ្ចប់ថ្នាក់បរិញ្ញាបត្រទេសចរណ៍ ជំនាញនាំភ្ញៀវ ក្នុងអំឡុងឆ្នាំ២០០៣ លោក សាង មុនី បានចូលធ្វើការនៅក្នុងភោជនីយដ្ឋានមួយ អស់រយៈពេលប្រហែល៤ឆ្នាំ។ តាមពិតទៅដំបូងឡើយ បំណងរបស់បុរសមគ្គុទេសក៍ទេសចរណ៍ជំនាញមើលសត្វស្លាបរូបនេះ ចង់ធ្វើជាមគ្គុទេសក៍ប្រាសាទនោះទេ ប៉ុន្តែដោយមានឧបសគ្គមួយចំនួន ធ្វើឱ្យលោកខកខានប្រឡងយកការងារនោះ។


 
មិនអាចប្រឡងយកការងារដែលខ្លួនប្រាថ្នាបាន ស្របពេលភ្នាក់ងារទេសចរណ៍ សំ វាសនា បានបើកដំណើរការ ហើយដោយគេពុំទាមទារជំនាញច្រើន ក្រៅពីចំណេះដឹងភាសាបរទេស លោកក៏បានដាក់ពាក្យទៅធ្វើការ ជាមគ្គុទេសក៍ទេសចរណ៍ខាងជូនភ្ញៀវមើលសត្វ តាំងពី១៥ឆ្នាំមុននោះតែម្ដង។ 
 
លោក មុនី ប្រាប់ពីការងារដំបូងរបស់ខ្លួន៖«កាលពីធ្វើការដំបូងលំបាកបំផុត គឺខ្ញុំខ្លាចថាមើលសត្វមិនស្គាល់ ពេលភ្ញៀវសួរ ព្រោះខ្ញុំទើបរៀន។ ប៉ុន្តែគេក៏មើលទៅលើយើងដែរ ពេលរៀនដំបូងយើងមិនអាចទៅតំបន់ណា ដែលយើងមិនដែលទៅទេ ជាពិសេស យើងមកតំបន់ដូចវាលៗអ៊ីចឹង យើងងាយស្រួលមើលសត្វ ហើយសត្វមិនសូវជាលំបាកមើល។ ប្រសិនបើយើងមិនសូវចេះ ហើយយើងមកប្រភេទព្រៃស្ដុក គឺមានប្រភេទសត្វខ្លះ យើងពិបាកមើលមែនទែន»។
 
រៀនពីមូលដ្ឋានគ្រឹះ មើលសត្វប្រហែល៣ខែ បន្ទាប់មក លោកត្រូវចុះទៅអនុវត្តផ្ទាល់ ជាញឹកញាប់ ដើម្បីអាចកំណត់សម្គាល់ ពីប្រភេទសត្វបានឆាប់រហ័ស។ លីឧបករណ៍ថតមើលសត្វ ដើរតម្រង់ទៅសហគមន៍ព្រៃវែង តាមផ្លូវព្រៃឫស្សីយ៉ាងវែង លោក មុនី ពន្យល់បន្ថែមពីការមើលសត្វ៖«ប្រភេទសត្វ ដែលស៊ីសាច់ជាអាហារ មានប្រភេទស្ទាំង ប្រភេទអកអីហ្នឹង។ ខ្លះសឹងតែដូចគ្នាមែនទែន វាខុសគ្នាបន្តិចៗទេ។ យើងពិបាកបែងចែកណាស់។ ប្រភេទមួយទៀតយើងហៅថាចាបស្លឹកតូចៗហ្នឹង វាក៏មានប្រភេទដូចគ្នាច្រើនដែរ។ ហ្នឹងយើងអាចដឹងវាបានខ្លះ ហើយដឹងលឿនបំផុតហ្នឹង គឺនៅពេលដែលវាយំ ព្រោះសំឡេងដែលវាយំ វាស្រែកហ្នឹង គឺខុសគ្នា។ ដូច្នេះយើងអាចចាត់ថ្នាក់វាបាន»។ 
 


 
ក្នុងដំណើរនាំក្រុមអ្នកសារព័ត៌មាន មន្ត្រីក្រសួងបរិស្ថាន និងបុគ្គលិកអង្គការអន្តរជាតិ លោក សាង មុនី បានចាក់សំឡេងសត្វតាមឧបករណ៍បំពងសំឡេង (Speaker) ដើម្បីទាក់ទាញសត្វពិត ឱ្យហើយចេញមករកសំឡេងនោះ។ 
 
ឈរនៅកន្លែងមើលសត្វ ជិតដើមឈើធំមួយ ដែលខ្ញុំពុំបានស្គាល់ថាជាដើមអ្វី លោក សាង មុនី បញ្ជាក់ថា បើតាមគោលការណ៍អភិរក្សសត្វ គេមិនឱ្យចាក់សំឡេងបែបនេះឡើយ។ ទោះជាយ៉ាងណា ការចាក់សំឡេងបែបនេះ អនុវត្តតែពេលដែលភ្ញៀវចង់ឃើញសត្វនោះខ្លាំងប៉ុណ្ណោះ ៖«ភ្ញៀវខ្លះ មិនពេញចិត្តឱ្យយើងធ្វើបែបហ្នឹងទេ ប៉ុន្តែកត្តាសត្វខ្លះ គឺទាមទារឱ្យយើងប្រើសំឡេង ទើបវាចេញមក។ សត្វដែលចាំបាច់បំផុត ក្នុងការដាក់សំឡេង មានដូចជាប្រភេទចាបស្មៅតូចៗ ព្រោះវានៅក្នុងស្មៅស្ដុកៗ។ មៀម និងទីទុយដូចគ្នា។ បើយើងមើលវាយប់ យើងត្រូវប្រើសំឡេង។ ជួនកាលយើងដឹងថាមានវា យើងអាចប្រើពិល បញ្ចាំងមើលវាសិន បើមិនឃើញវាទេ យើងត្រូវប្រើសំឡេង»។ 
 
បានជូនភ្ញៀវមើលសត្វប្រមាណ២០កន្លែង នៅទូទាំងប្រទេសកម្ពុជា ទៅតាមតំបន់គោលដៅទេសចរណ៍ដែលបានកំណត់ មគ្គុទេសក៍ទេសចរណ៍រូបនេះ បញ្ជាក់ថា ការចាក់សំឡេងនេះ មិនប្រាកដថា នឹងមានសត្វចេញមកឡើយ៖«ចាក់សំឡេងសត្វចេញហាសិបៗ។ បើនៅរដូវបន្តពូជ យើងចាក់សំឡេង វាឆាប់ចេញមករកសំឡេង»។
 
លោក សាង មុនី បន្ថែមពីការមើលសត្វ៖ «វាទៅតាមប្រភេទព្រៃដែរ។ ពេលខ្លះយើងចង់ឃើញប្រភេទសត្វរាប់ពាន់ នៅកន្លែងព្រៃបែបហ្នឹង គឺអត់មានទេ។ ប៉ុន្តែការចាក់សំឡេងនេះ វាមិនអាចមកមួយរយភាគរយទេ។ បើយើងទៅបឹងទន្លេសាបនៅព្រែកទាល់ ហ្នឹងវាជាបន្ទាយសត្វពងកូន ហ្នឹងយើងទៅដឹងតែឃើញសត្វរាប់ពាន់។ យើងមិនអាចថាវាមានសត្វច្រើនដូចនៅកន្លែងនេះ កន្លែងនោះបានទេ។ វាអាស្រ័យលើទីជម្រក និងប្រភេទសត្វក៏ខុសគ្នាដែរ»។


 
ភ្ញៀវភាគច្រើនជាជនបរទេស ដោយប្រហែល៥០ភាគរយជាអ្នកមើលសត្វធម្មតា ហើយប្រហែល៥០ភាគរយទៀត ជាអ្នកស្រាវជ្រាវពីសត្វស្លាប។ ត្រូវនាំភ្ញៀវចាប់ពីរយៈពេលកន្លះថ្ងៃ រហូតដល់រយៈពេល៣សប្ដាហ៍កន្លះ ទៅតាមកញ្ចប់ទេសចរណ៍ដែលភ្ញៀវទិញ លោក សាង មុនី ថាពេលខ្លះពិបាករកសត្វឱ្យភ្ញៀវបានឃើញណាស់ ហើយភ្ញៀវត្រូវខាតពេលនៅចាំមើលសត្វច្រើនថ្ងៃ៖«ឧទាហរណ៍ភ្ញៀវខ្លះគាត់មកទីនេះ គាត់ចង់មើលទាព្រៃស្លាបស គាត់ចង់មើលត្រយ៉ងយក្ស និងមើលត្មាត យ៉ាងហោចណាស់ក៏ប្រើពេលមួយសប្ដាហ៍ដែរ។ ភ្ញៀវខ្លះគាត់ចង់ទៅគ្រប់តំបន់ ព្រោះតំបន់នីមួយៗ មានសត្វផ្សេងៗគ្នា។ ដូច្នេះគាត់អាចទិញកញ្ចប់ទេសចរណ៍ផ្សេង ដើម្បីគាត់អាចទៅមើលសត្វហ្នឹងបាន។ ល្អបំផុតនៅពេលដែលយើងរកសត្វដែលភ្ញៀវគាត់ចង់ឃើញ ឱ្យគាត់បានឃើញ។ ជួនកាលយើងទៅដល់យឺតជាងអ្នកភូមិ ហើយអ្នកភូមិទៅដល់មុន ផ្អើលវាពីកន្លែងស៊ី ផ្អើលពីទ្រនំ យើងទៅមិនបានឃើញ អ៊ីចឹងយើងត្រូវចំណាយពេលរកវា យើងខាតពេល»។
 
ធ្វើការងារលើការមើលសត្វអស់រយៈពេល១៥ឆ្នាំ ស្គាល់សត្វប្រមាណ៥០០ប្រភេទ រួមទាំងសត្វកម្រជាង១០ប្រភេទ លោក សាង មុនី ថាសត្វកម្រខ្លះលោកទើបតែបានឃើញម្ដងប៉ុណ្ណោះ៖«ការមើលសត្វនេះ ពេលខ្លះពឹងលើសំណាងដែរ។ ភ្ញៀវខ្លះគាត់ចង់ឃើញ ប៉ុន្តែគាត់មកហើយតែមិនបានឃើញទៀត ហើយគាត់មកមានជិតឯណា តាំងពីអាមេរិក អង់គ្លេស និងរុស្សី។ ដូចសត្វខ្លះខ្ញុំមិនដែលឃើញទេ ១៥ឆ្នាំហើយខ្ញុំទើបតែឃើញ គេហៅសត្វពពូលទឹក សត្វហ្នឹងវាកម្រដែរ។ ខ្ញុំទើបតែឃើញកាលខែ១០ឆ្នាំទៅ ពេលខ្ញុំចុះមកស្រាវជ្រាវ។ ហើយសត្វមួយទៀតក៏ខ្ញុំមិនដែលឃើញដែរ ខ្ញុំទើបតែឃើញនៅខែ២ហ្នឹងដែរ ហ្នឹងគេហៅសត្វយំចាំត្រពាំង វាកម្រ ហើយវាមិនងាយឃើញទេ ព្រោះសត្វនេះវាអៀន»។ 


 
ដ្បិតតែពីដំបូងឡើយ លោក សាង មុនី មានចំណូលចិត្តលើការនាំភ្ញៀវ មើលប្រាសាទក៏ពិតមែន ប៉ុន្តែក្រោយពីធ្វើការផ្នែសត្វស្លាបយូរទៅ ធ្វើឱ្យលោកកាន់តែស្រឡាញ់ធម្មជាតិ និងសត្វស្លាប ដកចិត្តមិនបាន៖«ខ្ញុំស្រឡាញ់សត្វ នៅពេលដែលខ្ញុំចាប់ផ្ដើមមកធ្វើការនៅទីនេះ។ អ៊ីចឹងធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែន។ យូរទៅៗ ខ្ញុំរឹតតែចូលចិត្តការងារហ្នឹង ហើយខ្ញុំចាប់ផ្ដើមថតរូប។ ខ្ញុំសប្បាយ រីករាយ ខ្ញុំពេញចិត្តនឹងធម្មជាតិ។ ពេលខ្លះឱ្យតែខ្ញុំទំនេរ ខ្ញុំឆ្លៀតថតសត្វជាមួយនឹងមិត្តភ័ក្ដិ។ ខ្ញុំចូលចិត្តខ្លាំងជាងគេ គឺនៅខាងមណ្ឌលគិរី ព្រោះតំបន់ហ្នឹងមានវាប្រភេទស្វាកន្ទុយស មានតូច ហើយមានសត្វល្អៗនៅទីហ្នឹង»៕
 

Tag:
 សត្វស្លាប
  សត្វព្រៃ
  សាង មុនី
  មគ្គុទេសក៍
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com