អន្តរជាតិ
ប្អូនស្រីលោក គីម រំឭកអាមេរិកថា បើចង់ដេកសុខស្រួល កុំបង្ករឿង
16, Mar 2021 , 10:51 am        
រូបភាព
លោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុន ។ រូបថត AFP
លោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុន ។ រូបថត AFP
ដោយ:
លោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក។ ការចេញមុខប្រតិកម្មរបស់លោកស្រី គីម កើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ ប្រាប់ឱ្យរដ្ឋបាលអាមេរិកថ្មីចៀសវាងសកម្មភាពបង្ករឿង បើចង់បានសន្តិភាព។

 
«បើអ្នកចង់ដេកលក់ស្រួលក្នុងរយៈពេល៤ឆ្នាំ ចូរកុំបង្កើតការងារដែលធ្វើឱ្យអ្នកដេកមិនគ្រប់»។ នេះជាការលើកឡើងរបស់លោកស្រី គីម យ៉ូចុង ដែលផ្សាយដោយកាសែតរដ្ឋ Rodong Sinmun នៅថ្ងៃទី១៥ ខែមីនា ក្នុងន័យព្រមានអាមេរិកព្យាយាមបង្ហាញកម្លាំងយោធានៅឧបទ្វីបកូរ៉េ ពិសេសការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង។ ប្អូនស្រីលោកគីម ជុងអ៊ុន សង្កត់ធ្ងន់ថា សមយុទ្ធយោធា និងភាពតានតឹង មិនអាចនៅទន្ទឹមគ្នាជាមួយនឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឡើយ។ 
 
ចំពោះសមយុទ្ធនេះដែរ លោកស្រី គីម ក៏រិះគន់រដ្ឋាភិបាលកូរ៉េខាងត្បូងពីការជ្រើសរើសយកផ្លូវទៅកាន់សង្គ្រាម និងវិបត្តិ និងមិនគិតពីប្រជាជនជាមុន។ ប្អូនស្រីដ៏មានឥទ្ធិពលរូបនេះ ព្រមានទៀតថាស្ថានការណ៍ដូច៣ឆ្នាំមុន មិនងាយនឹងកើតមានជាថ្មីឡើយ បើរដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែបន្តស្តាប់បង្គាប់ចៅហ្វាយនាយរបស់ខ្លួន។ លោកស្រី ក៏គំរាមផងដែរពីការលែងអនុវត្តកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ បើសិនជាកូរ៉េខាងត្បូងនៅតែធ្វើសកម្មភាពបង្ករឿង។
 
ទំនាក់ទំនងរវាងបងប្អូនគូសត្រូវទាំងពី មានសភាពប្រសើរឡើងបន្តិចក្នុងឆ្នាំ២០១៨ ដោយកូរ៉េខាងត្បូងបានបោះដៃទៅកូរ៉េខាងជើងដើម្បីចរចា។ កូរ៉េទាំងពីរក៏បានចុះកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ មានបំណងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ក៏ដូចជាការបង្កើតស្ថាប័នដើម្បីសម្រួលកិច្ចការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផងដែរ។ ប៉ុន្តែរយៈពេលចុងក្រោយ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ មិនសូវល្អឡើយ។ 
 
ការព្រមានរបស់លោកស្រី គីម ធ្វើឡើងចំពេលដំណើរទស្សនកិច្ចរដ្ឋមន្រ្តីការបរទេស និងការពារជាតិអាមេរិកនៅជប៉ុន និងកូរ៉េខាងត្បូង។ នៅវ៉ាស៊ីនតោនឯណោះ រដ្ឋបាលលោកចូ បៃឌិន បង្ហើបថា ខ្លួនបានទាក់ទងកូរ៉េខាងជើងតាមមធ្យោបាយជាច្រើនដើម្បីចាប់ផ្ដើមជជែកគ្នាឡើងវិញ ប៉ុន្តែគ្មានឡើយការឆ្លើយតប។
 
លោកស្រី Julian Porter អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិកនិយាយថា អាមេរិកបានទាក់ទងកូរ៉េខាងជើងតាំងតែពីពាក់កណ្តាលខែកុម្ភៈមកម្ល៉េះ ដោយថែមទាំងបានទាក់ទងស្ថានទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ នៅក្រុងញ៉ូវយកផងដែរ។ ចំណែកលោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានលើកឡើងនៅថ្ងៃទី១៥ មីនាថា បំណងរបស់អាមេរិកក្នុងការទាក់ទងកូរ៉េខាងជើង គឺដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាល ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ពីការរីករាលដាលអ្វីឡើយ៕
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាមេរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com