ជាតិ
លោក ទឹប ទួន ក្លាយជាអ្នកនាំភ្ញៀវទស្សនាសត្វស្លាប ក្រោយការបង្កើតតំបន់ការពារធម្មជាតិអភិវឌ្ឍន៍ព្រៃវែង
17, Mar 2021 , 8:59 am        
រូបភាព
ព្រះវិហារ៖ រស់ក្នុងភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លោក ទឹប ទួន បានក្លាយជាអ្នកនាំភ្ញៀវទេសចរ មើលសត្វស្លាបព្រៃកម្រៗ ក្នុងតំបន់ការពារធម្មជាតិអភិវឌ្ឍន៍ព្រៃវែង អស់រយៈពេលប្រហែល៥ឆ្នាំមកហើយ។ ជាកសិករធ្វើស្រែ និងចម្ការ លោក ទឹប ទួន ថាការងារនាំភ្ញៀវនេះ បានជួយជីវភាពគ្រួសាររបស់លោក ឱ្យប្រសើរមួយកម្រិតដែរ។ នាំភ្ញៀវក្នុងមួយថ្ងៃ ទទួលបានប្រាក់កម្រៃ១៥ដុល្លារអាមេរិក លោក ទួន ចង់បានតម្លៃ២០ដុល្លារ ដ្បិតអីការងារនេះ មានទំនួលខុសត្រូវច្រើន។



ដើម្បីដឹងពីការងាររបស់លោក ទឹប ទួន មានដំណើរការយ៉ាងណានោះ តទៅនេះ សូមអញ្ជើញប្រិយមិត្តស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 





 
កាលពី៥ឆ្នាំមុន លោក ទឹប ទួន គ្រាន់តែជាកសិករ ដែលធ្វើស្រែ និងដាំដំឡូងតែប៉ុណ្ណោះ ប៉ុន្តែក្រោយពីការបង្កើតតំបន់ការពារធម្មជាតិអភិវឌ្ឍន៍ព្រៃវែង ដែលស្ថិតក្នុងភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លោកបានចូលបម្រើការងារ ជាអ្នកនាំផ្លូវភ្ញៀវមើលសត្វបក្សីព្រៃកម្រៗក្នុងភូមិ។
 
ក្នុងដំណើរនាំភ្ញៀវមើលសត្វស្លាបកម្រៗ ក្នុងតំបន់ការពារធម្មជាតិអភិវឌ្ឍន៍ព្រៃវែង ដែលមានភ្ញៀវពីក្រសួងបរិស្ថាន ក្រុមអ្នកសារព័ត៌មាន និងអង្គការអន្តរជាតិ ដែលធ្វើការលើការការពារ និងអភិរក្សសត្វព្រៃ រួមទាំងព្រៃឈើ លោក ទឹប ទួន បានឆ្លៀតពេលផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ ពីការងាររបស់ខ្លួន។ 


 
បើនិយាយឱ្យចំពីការងាររបស់លោក ទឹប ទួន ក្នុងដំណើរនាំភ្ញៀវនេះ គឺលោកមានតួនាទីនាំផ្លូវភ្ញៀវទៅទីតាំងដែលសត្វស្លាបព្រៃកម្រៗ ឧស្សាហ៍បង្ហាញខ្លួន។ ដើរតាមផ្លូវក្នុងព្រៃ ដែលមានដើមឈើធំល្ហោលៗ ហើយមានព្រៃឫស្សីយ៉ាងក្រាស់ ដាំជាហូរហែ លាយចម្រុះគ្នា នៅតាមផ្លូវ បុរសសម្បុរស្រអែម ទឹប ទួន ដើរបណ្ដើរ និយាយបណ្ដើរ ពីមូលហេតុដែលនាំឱ្យលោក ទទួលបានការងារនេះ៖«គេឃើញប្រជាជនចូលចិត្តខ្ញុំ ហើយឃើញថា ខ្ញុំចេះអក្សរតិចតួច គេក៏ឱ្យខ្ញុំនាំភ្ញៀវ ប៉ុន្តែអក្សរបារាំងខ្ញុំមិនចេះទេ។ ខ្ញុំស្គាល់កន្លែងសត្វនៅ ដូច្នេះខ្ញុំគ្រាន់តែនាំផ្លូវ ហើយមានអ្នកនាំភ្ញៀវ មកពីខាងក្រុមហ៊ុនទេសចរណ៍ សំ វាសនា គេបកប្រែប្រាប់ ទៅភ្ញៀវ»។ 
 
ឈប់សម្រាកក្រោមដើមឈើរធំល្មមមួយ ខណៈពេលមនុស្សដទៃទៀត កំពុងជុំគ្នាមើលសត្វស្លាបទំលើចុងឈើ បុរសវ័យជាង៤០ឆ្នាំរូបនេះ ប្រាប់ថា ការងាររបស់លោក ត្រូវចាប់ផ្ដើមតាំងពីថ្ងៃមិនទាន់រះ ដោយក្នុងមួយថ្ងៃលោកទទួលបានប្រាក់១៥ដុល្លារអាមេរិក។ ទោះជាយ៉ាងណា លោក ទួន ថាប្រាក់កម្រៃនេះ នៅពុំទាន់សមល្មមឡើយ ដ្បិតអីទំនួលខុសត្រូវក្នុងការងាររបស់លោកមានច្រើន៖«បើព្រឹកយើងទៅម៉ោង៤កន្លះ ទើបបានឃើញសត្វនៅក្នុងទ្រនំ។ ក្នុងមួយថ្ងៃខ្ញុំបានប្រាក់១៥ដុល្លារ ពីការនាំភ្ញៀវ។ ប៉ុណ្ណេះមិនច្រើនទេ ជួនកាលមកដល់ផ្ទះ ខ្ញុំត្រូវដើរមើលទឹកផងអីផង ដល់យប់ទម្រាំបានភ្ញៀវសម្រាក ខ្ញុំត្រូវដើរមើលក្រែងមានខ្វះទឹកទៀត»។
 
ភ្នែកសម្លឹងមើលទៅក្រុមមនុស្ស ដែលកំពុងមើលសត្វស្លាប លោក ទួន ប្រាប់ពីទំនួលសុខត្រូវរបស់ខ្លួនបន្ថែម៖«ដល់ម៉ោង៤ព្រឹក ត្រូវការមើលទឹកក្ដៅទឹកត្រជាក់ ហើយត្រូវនាំភ្ញៀវឡើងឡានទៅទៀតហើយ។ ចុះពីឡានខ្ញុំត្រូវស្ពាយទឹក និងអាហារសម្រន់ទៅកន្លែងមើលសត្វ ពេលមើលរួចចេញមកវិញ បានប្រហែល១៥០ម៉ែត្រ យើងអាចនាំភ្ញៀវហូបអាហារ»។ 


 
បុរសមានកូន៥នាក់ ដោយកូនខ្លះបានទទួលការសិក្សាក្នុងសាលា ហើយកូនខ្លះទៀតពុំបានចូលរៀននោះ លោក ទឹប ទួន ត្រូវដើរនាំភ្ញៀវក្នុងមួយថ្ងៃ ប្រហែល១គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ ដោយមានស្ពាយទឹក និងអាហារសម្រន់សម្រាប់ភ្ញៀវផង។ ដ្បិតតែការដើរនាំភ្ញៀវមិនសូវហត់ក៏ពិតមែន ប៉ុន្តែលោក ទួន ហាក់មិនសូវសប្បាយចិត្តបន្តិច។ 
 
មិនសប្បាយចិត្ត ដ្បិតអីខណៈពេលដែលភ្ញៀវកំពុងមើលសត្វនោះ លោកមិនអាចទៅអង្គុយសម្រាកបានទេ ដោយត្រូវឈរនៅជាប់នឹងភ្ញៀវជានិច្ច បើទោះបីជាមានមគ្គុទេសក៍ដទៃជាអ្នកបង្ហាញសត្វក្ដី៖«ប្រហែល២០ដុល្លារអីទៅ សមល្មម។ មិនសូវហត់ទេ ប៉ុន្តែយើងអត់មានពេលសម្រាក ព្រោះយើងត្រូវឈរនៅជាប់ភ្ញៀវរហូត។ កាលណាយើងទៅអង្គុយ ភ្ញៀវអត់ចូលចិត្ត គេថាយើងខ្ជិល។ បើភ្ញៀវគាត់មើលសត្វ យើងក៏ត្រូវនៅឈរជាមួយភ្ញៀវដែរ»។
 
ជាអ្នកនាំផ្លូវមួយរូប ក្នុងចំណោមអ្នកនាំផ្លូវ៥រូប ក្នុងតំបន់ការពារធម្មជាតិអភិវឌ្ឍន៍ព្រៃវែង ដែលត្រូវបានរើសចេញពីក្នុងសហគមន៍ផ្ទាល់តែម្ដង បុរសពាក់អាវពណ៌គគីស្រាលដៃវែង ទឹប ទួន ក្នុងដំណើរទស្សនាសត្វ ដែលភាគច្រើនសម្បូរទៅដោយភ្ញៀវបរទេសនោះ ថាក្នុងមួយថ្ងៃពួកគេអាចមើលឃើញសត្វច្រើនក្បាល និងច្រើនប្រភេទដែរ។ ទោះជាយ៉ាងណា សត្វកម្រៗមួយចំនួន ក៏មិនងាយបង្ហាញខ្លួនឱ្យមនុស្សបានឃើញដែរ។


 
ធ្វើដំណើរបន្តទៅខាងមុខទៀត រហូតដល់អតីតបារាយណ៍របស់ប្រាសាទ ចិនតាស្រម ឬហៅថា ប្រាសាទព្រៃវែង ដែលបច្ចុប្បន្នបានក្លាយជាវាលស្រែដាំស្រូវទៅហើយនោះ លោក ទួន បញ្ជាក់បន្ថែម៖«សត្វតូចៗដូចជាត្រសេះដំរី និងសត្វផ្សេងៗទៀត មួយថ្ងៃមើលបានប្រហែលពី៥០ទៅ៦០ក្បាល សត្វក្នុងតំបន់យើងហ្នឹង វានៅតាមត្រពាំង។ មានតែទាព្រៃស្លាបសទេ ដែលមិនបានឃើញ ព្រោះវាមិននៅមួយកន្លែង បើសត្វត្រយ៉ងបានឃើញ»។ 
 
ស្ថិតនៅលើអតីតបារាយណ៍ ដែលមានហ្វូងសត្វក្របីជាច្រើនក្បាល កំពុងឈរស៊ីស្មៅក្នុងត្រពាំងទឹក បុរសដែលជាប្រជាសហគមន៍ព្រៃវែងរូបនេះ តែងនាំផ្លូវភ្ញៀវទៅមើលសត្វនៅទីតាំងផ្សេងៗគ្នា ជួនឆ្ងាយជួនជិត អាស្រ័យលើភ្ញៀវចង់មើលសត្វប្រភេទអ្វី ហើយសត្វនោះច្រើនបង្ហាញខ្លួនទៅទីតាំងណា៖«មើលរាល់ដងទៅខាងលិចភូមិ ទៅខាងកើតភូមិ ដើរជុំវិញបារាយណ៍ ដើរតាមវាលស្រែ។ ក្នុងមួយខែជួនកាលអាចមកបាន៣ក្រុម ២ក្រុម ហើយក្នុងមួយក្រុមជួនបាន៥នាក់ ឬក៏៦នាក់ ជាភ្ញៀវបរទេស អត់សូវមានខ្មែរទេ»។
 
ជាកសិករមានដីធ្វើចម្ការដាំដំឡូង២ហិកតា និងដីធ្វើស្រែដាំស្រូវ៥ហិកតា ដោយក្នុងមួយឆ្នាំអាចទទួលបានប្រាក់ចំណូលប្រហែល៥ទៅ៦លានរៀល លោក ទឹប ទួន អះអាងថា គាត់មានជីវភាពប្រសើរឡើងបន្តិច ព្រោះតែការងារនាំផ្លូវភ្ញៀវទេសចរមើលសត្វព្រៃ៕
 

Tag:
 ទឹប ទួន
 សត្វស្លាប
  ធម្មជាតិ
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com