កីឡាអន្តរជាតិ
អន្តរជាតិ
Fifpro៖ កីឡាករជាង១ពាន់នាក់ប្តឹងទារប្រាក់ឈ្នួលដែលមិនបានបង់ពីក្លិបជាង ៦០លានដុល្លារ
17, Mar 2021 , 9:29 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អាជីពអន្តរជាតិ (Fifpro) បាននិយាយថា ស្ថាប័នខ្លួនបានទទួលបណ្តឹងពីការទាមទារប្រាក់សំណងប្រមាណ ៦០លានដុល្លារពីសំណាក់កីឡាករ ដែលក្លិបមិនបានបើកប្រាក់ឈ្នួលឱ្យអំឡុងពេលកូវី-១៩។



កីឡាករប្រហែល ១៤០០ នាក់បានដាក់បណ្តឹងទៅ Fifpro ដើម្បីទាមទារប្រាក់សំណងដែលពួកគេនឹងត្រូវទទួលបានពីមូលនិធិ FIFA សម្រាប់វិស័យកីឡាបាល់ទាត់ដែលត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ២០២០។ មូលនិធិនេះបានកំណត់ប្រាក់ចំនួន ៥,២៧ លានដុល្លារដើម្បីផ្តល់ជូនកីឡាករដែលរងផលប៉ះពាល់ដោយការមិនទទួលបានប្រាក់ឈ្នួល ចន្លោះខែកក្កដា ឆ្នាំ២០១៥ និងខែមិថុនា ឆ្នាំ ២០២០។
 
ដោយឡែក ប្រាក់ចំនួន ១៧ លានដុល្លារផ្សេងទៀតដែលត្រូវបានបែងចែកជាចំណែកប្រចាំឆ្នាំត្រូវបានបម្រុងទុករហូតដល់ឆ្នាំ ២០២២។
 
មូលនិធិ FIFA នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសគឺដើម្បីជួយសម្រួលដល់កីឡាករដែលមិនបានទទួលប្រាក់ឈ្នួល ហើយមិនមានលទ្ធភាពក្នុងការទាមទារមកវិញ។
 
Fifpro បាននិយាយថាបញ្ហាខាងលើកំពុងតែរីកធំឡើង ដោយក្នុងនោះក្រិក និងតួកគីត្រូវបានគេដឹងថាជាចំនុចប៉ះពាល់ខ្លាំង ហើយបានអំពាវនាវដល់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ជុំវិញពិភពលោក ឲ្យជួយដោះស្រាយផងដែរ។
 
ជុំវិញករណីនេះ អ្នកនាំពាក្យរបស់ Fifpro បានប្រាប់កាសែត BBC Sport ថាសហព័ន្ធកីឡាបាល់ទាត់នីមួយៗគួរតែធ្វើអ្វីមួយដែលស្រដៀងនឹងមូលនិធិ ដើម្បីជួយដល់វិស័យបាល់ទាត់ ជាពិសេសគឺកីឡាករបាល់ទាត់៕
 

Tag:
 Fifpro
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com