ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ស្នើឲ្យដកងារឧកញ៉ាពីលោក ឌួង ឆាយ
17, Mar 2021 , 11:21 am        
រូបភាព
លោក ឌួង ឆាយ ពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក ឌួង ឆាយ
លោក ឌួង ឆាយ ពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក ឌួង ឆាយ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើសំណើទៅសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដើម្បីសុំឲ្យដកគោរមងារជាឧកញ៉ាពីលោក ឌួង ឆាយ។ សម្តេច សាយ ឈុំ បានថ្វាយលិខិតទៅព្រះមហាក្សត្រ ដែលកំពុងគង់ពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ដើម្បីក្រាបបង្គំទូលដល់ព្រះអង្គ ពីសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី និងក្រាបបង្គំទូលសុំព្រះអង្គ មានព្រះតម្រិះ។



តាមរយៈលិខិត ចុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្តេច សាយ ឈុំ ក្រាបបង្គំទូលទៅព្រះមហាក្សត្រថា៖«អាស្រ័យដូចបានក្រាប់បង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ»។ 

លោក ឌួង ឆាយ ត្រូវសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យប្រមុខរដ្ឋស្តីទីដកគោរមងារជាឧកញ៉ា បន្ទាប់ពីអតីតភរិយារបស់លោក យកវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាព ទៅបង្ហោះលើបណ្តាញសង្គម ដោយវីដេអូនោះ បង្ហាញពីសកម្មភាពលោក ប្រើហិង្សាលើអតីតភរិយារបស់លោក។ ពេលនោះ សម្តេច ហ៊ុន សែន បានចូលទៅសរសេរក្នុងប្រអប់ខំមិន (Comment) ថា «ហេតុអី ឌួង ឆាយ ឃោរឃៅដល់កម្រិតនេះ?»។ 

លោក ឌួង ឆាយ បានចេញមកផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គម ដើម្បីបកស្រាយពីមូលហេតុ ដែលនាំឲ្យលោក ឈានទៅដល់ប្រើហិង្សាលើអតីតភរិយារបស់លោក។ លោក ទទួលស្គាល់កំហុស ដែលលោក បានប្រើហិង្សាលើអតីតភរិយារបស់លោក តែលោក ក៏បានទទូចសុំឲ្យអ្នកតាមដានរឿងរ៉ាវរបស់លោក យល់ពីការលំបាកផ្លូវចិត្តរបស់លោកផងដែរ៕ 

Tag:
 ឌួង ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com