កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea និង Bayern ឡើងទៅវគ្គ៨ក្រុមចុងក្រោយ Champions League
18, Mar 2021 , 6:36 am        
រូបភាព
រូបថត UEFA Champions League
រូបថត UEFA Champions League
ដោយ: ថ្មីៗ
Chelsea និង Bayern Munich ជាក្រុមចុងក្រោយដែលទទួលបានកៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Champions League បន្ទាប់ពីពួកគេបន្តយកឈ្នះគូប្រជែងរៀងៗខ្លួននៅជើងទីពីរ។ Chelsea ឈ្នះ Atletico Madrid ៣-០ [១-០ ២-០] រីឯ Bayern Munich ឈ្នះ Lazio ៦-២ [៤-១ ២-១]។



ជំនួបនៅ Stamford Bridge សម្រាប់ជើងទីពីរ Hakim Ziyech រកគ្រាប់ទី១ឲ្យតោខៀវ នៅតង់ទីមួយ ហើយ Emerson បន្ថែម១គ្រាប់ទៀតនៅនាទីបន្ថែមជិតបញ្ចប់ការប្រកួត ក្រោយពី Stefan Savic របស់ Atletico Madrid បានកាតក្រហមនៅនាទី៨២។



ជ័យជម្នះសរុប ៣-០ ក្នុងលទ្ធផលទាំងពីរជើង នាំឲ្យ Chelsea បានកៅអីទៅវគ្គមួយភាគបួនផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ។ ជាមួយគ្នានេះ តោខៀវ ក៏ជាក្រុមអង់គ្លេសដំបូងផងដែរដែលទម្លាក់ Atletico Madrid នៅវគ្គជម្រុះអឺរ៉ុប បើគិតចាប់តាំងពី Bolton Wanderders ទម្លាក់ជើងខ្លាំងអេស្ប៉ាញមួយនេះ នៅវគ្គ៣២ក្រុមចុងក្រោយ UEFA Cup កាលពីឆ្នាំ២០០៧-០៨។

នៅកីឡដ្ឋាន Allianz Arena ឯណោះវិញ Bayern Munich បន្តយកឈ្នះ Lazio ២-១ ដោយ Robert Lewandowski ស៊ុតបាល់ប៉េណាល់ទីនាំមុខនៅតង់ទីមួយ Choupo-Moting បន្ថែម១គ្រាប់នៅតង់ទីពីរ មុនពេល Marco Parolo រកបង្គ្រប់កិច្ចឲ្យ Lazio បាន១គ្រាប់។



ជាមួយនឹងលទ្ធផលសរុប ៦-២ នាំឲ្យ Bayern Munich បានកៅអីទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី១៩ ដែលមានចំនួនច្រើនជាងក្រុមផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រប្រកួត ខណៈ Lazio បន្តមានកំណត់ត្រាចាញ់ក្រុមអាល្លឺម៉ង់ នាការប្រកួតក្រៅដី Champions League។ ជាមួយគ្នា Lewandowski រកបានគ្រាប់ទី១៣នៅព្រឹត្តិការណ៍នេះ ហើយក្លាយជាកីឡាករដែលរួមចំណែករកគ្រាប់បញ្ចូលទីច្រើនជាងគេបំផុត ដោយស៊ុតបញ្ចូលទី២០គ្រាប់ និងបញ្ជូនបាល់៥គ្រាប់ បើគិតចាប់តាំងពីការចាប់ផ្តើមព្រឹត្តិការណ៍ប្រកួតកាលពីរដូវកាលមុន។

Chelsea, Bayern Munich រួមដំណើរជាមួយ Manchester City, Real Madrid, Borrussia Dortmund, Porto, Liverpool និង PSG ទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕




Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com