ជាតិ
បើឃើញ Missed Call ពីក្រៅប្រទេស កុំហៅទៅវិញ ព្រោះជាល្បិចលួចប្រាក់ពីទូរសព្ទ!
18, Mar 2021 , 8:59 pm        
រូបភាព
(រូបពី នាយកដ្ឋានព័ត៌មានវិទ្យា និង ThmeyThmey)
(រូបពី នាយកដ្ឋានព័ត៌មានវិទ្យា និង ThmeyThmey)
ភ្នំពេញ៖ នាយដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃឲ្យពលរដ្ឋប្រុងប្រយ័ត្ន នឹងល្បិចឆបោកថ្មី ពីឧក្រិដ្ឋជនក្រៅប្រទេស ដែលហៅទូរស័ព្ទ(Misses Call )ទៅកាន់ពលរដ្ឋជុំវិញភពលោក ក្នុងគោលដៅអ្នកប្រើប្រាស់ទូរស័ព្ទហៅត្រឡប់ទៅវិញ។ ករណីនេះ បើអ្នកប្រើប្រាស់ទូរស័ព្ទហៅទូរស័ព្ទត្រឡប់ទៅវិញ ទឹកប្រាក់ក្នុងគណនីទូរស័ព្ទរបស់អ្នក នឹងត្រូវកាត់ដ៏ច្រើនខុសពីធម្មតា។

 
នាយដ្ឋានព័ត៌មានវិទ្យាបានពន្យល់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា ឧក្រិដ្ឋជននៅក្រៅប្រទេស បានទិញសេវា International Premium Rate Number (IPRN) ពីក្រុមហ៊ុនហ៊ុនផ្ដល់សេវាទូរស័ព្ទ ធ្វើការហៅទៅអ្នកប្រើប្រាស់ទូរស័ព្ទនានាជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ បើតាមនាយដ្ឋានព័ត៌មានវិទ្យាឧក្រិដ្ឋជនទាំងនោះ បានប្រើប្រាស់គម្រោង Money Scam ដែលមានឈ្មោះថា Callback Scam ឬ One-Ring Scam។ កម្មវិធីនេះ នឹងកាត់ប្រាក់ក្នុងគណនីទូរស័ព្ទរបស់អ្នកប្រើប្រាស់ដែលហៅទូរស័ព្ទត្រឡប់ទៅវិញដោយស្វ័យប្រវត្តិ ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនខុសពីធម្មតា ហើយក្រុមឧក្រិដ្ឋជនវិញនឹងទទួលបានប្រាក់កម្រៃ(Commnission) ពីក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ។  
 
ទន្ទឹមនឹងនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានបង្ហាញពីល្បិចថ្មីមួយទៀត ដែលកំពុងកើតនៅកម្ពុជាផងដែរ គឺក្រុមឧក្រិដ្ឋជនទាំងនោះ និយាយភាសាខ្មែរ ហើយហៅទូរសស័ព្ទទៅជនរងគ្រោះថា ឈ្នះរង្វាន់។ បន្ទាប់មក ឲ្យជនរងគ្រោះដាក់ប្រាក់ក្នុងគណនីទូរស័ព្ទ ប្រមាណ១០ដុល្លារ ហើយតម្រូវឲ្យហៅទូរសព្ទត្រឡប់ទៅវិញជាដើម។ 
 
ជាមួយគ្នាដែរ ក្រុមឧក្រិដ្ឋជនទាំងនោះក៏បានផ្ដល់លេខទូរស័ព្ទក្នុងស្រុក ដើម្បីឲ្យជនរងគ្រោះហៅទូរស័ព្ទទៅដោយប្រើកម្មវិធី Call Fowarding ដើម្បីភ្ជាប់ទៅកាន់លេខ IPRN ក្រៅប្រទេសវិញ ក្នុងគោលបំណងកាត់ទឹកប្រាក់ដ៏ច្រើនពីទូរស័ព្ទជនរងគ្រោះ។ ពេលខ្លះក្រុមឧក្រិដ្ឋជន ក៏បានផ្ដល់ជាលេខ IPRN ផ្ទាល់ទៅជនរងគ្រោះផងដែរ។ នេះបើតាមនាយកដ្ឋានព័ត៌មានវិទ្យា។
 
ដើម្បីការពារករណីឆបោកខាងលើ នាយកដ្ឋានព័ត៌មានវិទ្យាណែនាំកុំឲ្យហៅទូរស័ព្ទត្រឡប់ទៅវិញ ប្រសិនបើសង្ស័យឬឃើញលេខពុំស្គាល់ហៅមកពីក្រៅប្រទេស។ នាយកដ្ឋានព័ត៌មានវិទ្យា ស្នើឲ្យពលរដ្ឋទាំងអស់ត្រូវពិចារណាអំពីសុក្រឹតភាពនៃការឈ្នះរង្វាន់ផ្សេងៗ និងព្យាយាមស្វែងរកព័ត៌មានឲ្យច្បាស់ ឬប្រឹក្សាមុនពេលធ្វើតាមការណែនាំផ្សេងៗ ពិសេសការចំណាយប្រាក់មុនពេលទទួលរង្វាន់៕ 
 

Tag:
 Missed Call
© រក្សាសិទ្ធិដោយ thmeythmey.com