កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan ត្រឡប់ចូលជួយ AC Milan ពេលប៉ះក្រុមចាស់ ឯ Pogba មានវត្តមានជាថ្មីឱ្យ Man Utd
18, Mar 2021 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
Paul Pogba, Donny van de Beek និង David de Gea អាចនឹងចូលជួយ Manchester United តតាំងជាមួយ AC Milan ក្នុងការប្រកួតពានរង្វាន់ Europa League ជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃទី១៨ ខែមីនានេះ។ Zlatan Ibrahimovic ក៏នឹងបង្ហាញខ្លួនផងដែរដើម្បីប្រឆាំងក្រុមចាស់ ក្រោយជាពីរបួស។


បើទោះមានកីឡាករមួយចំនួនអាចត្រឡប់ទៅជួយក្រុមវិញក្តី តែសមាជិកសំខាន់ៗដូចជា Edinson Cavani, Eric Bailly និង Anthony Martial ជាដើមសុទ្ធតែត្រូវអវត្តមានសម្រាប់ Man Utd នៅជំនួបដ៏សំខាន់នេះ។
 
កាលពីជើងទី១នៅទឹកដី Old Trafford ក្រុមលោក Ole Gunnar Solskjaer ទទួលបានលទ្ធផល ១-១ ប៉ុណ្ណោះជាមួយ AC Milan។ ដោយសាររបូតគ្រាប់បាល់ចំណេញក្រៅដី១គ្រាប់ នឹងធ្វើឱ្យក្រុមរបស់លោក Stefano Pioli មានប្រៀប សម្រាប់ជំនួបជើងទី២នៅ San Siro។
 
មិនត្រឹមតែមានប្រៀបលើគ្រាប់បាល់ប៉ុណ្ណោះទេ ក្រុមរបស់អ៊ីតាលីមួយនេះថែមទាំងមានដំណឹងល្អ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Ibrahimovic បានត្រឡប់ពីរបួសភ្លៅហើយចូលហ្វឹកហាត់ ដើម្បីត្រៀមចូលជួយ AC Milan តតាំងនឹងក្រុមចាស់របស់គេទៀតផង។ ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ ដែលក្រុមជម្រើសជាតិស៊ុយអែតទើបកោះហៅចូលក្រុមវិញ បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយរកបានដល់ទៅ ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ ប្រកួតនៅក្របខណ្ឌ Serie A រដូវកាលនេះ។
 
យ៉ាងណាកីឡាករសំខាន់ៗមួយចំនួនរបស់ AC Milan ដូចជាប្រធានក្រុម Alessio Romagnoli, Ante Rebic, Davide Calabria និង Rafael Leao សុទ្ធតែមិនទាន់ប្រាកដថាអាចចូលលេងបាននៅឡើយ។
 
សម្រាប់ក្រុមបិសាចក្រហមវិញ ពួកគេអាចមានបញ្ហាខ្វះខ្សែប្រយុទ្ធ Cavani មានបញ្ហាពេលហ្វឹកហាត់មិនអាចជួយក្រុមបាន។ ស្របពេលគ្នា ខ្សែបម្រើឆ្នើម Pogba អាចមានភាគរយច្រើនក្នុងការបង្ហាញខ្លួនជាលើកដំបូងទល់នឹង AC Milan ចាប់តាំងពីរូបគេរងរបួសភ្លៅពេលលេងជាមួយ Everton នាដើមខែកុម្ភៈ។ អ្នកចាំទីដៃទី១ De Gea ក៏អាចនឹងត្រឡប់ចូលទីលានវិញផងដែរ ក្រោយច្បាប់សម្រាកទៅស្រុកកំណើតនៅអេស្ប៉ាញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com