អន្តរជាតិ
កូរ៉េខាងជើង ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី
19, Mar 2021 , 3:44 pm        
រូបភាព
ស្ថានទូតកូរ៉េខាងជើងនៅម៉ាឡេស៊ី។ រូបថត AFP
ស្ថានទូតកូរ៉េខាងជើងនៅម៉ាឡេស៊ី។ រូបថត AFP
កូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមីនា បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីទាំងអស់ បន្ទាប់ពីអាជ្ញាធរប្រទេសមួយនេះ បញ្ជូនប្រជាជនកូរ៉េខាងជើងម្នាក់ទៅអាមេរិក ដោយប្រឈមនឹងបទចោទលាងលុយកខ្វក់។ បើតាមក្រសួងការបរទេសកូរ៉េខាងជើង ម៉ាឡេស៊ី នឹងត្រូវទទួលខុសត្រូវលើផលវិបាកទាំងអស់ដែលកើតមានរវាងប្រទេសទាំងពីរ ខណៈអាមេរិក នឹងត្រូវទទួលផលវិបាក ដោយសារទង្វើរបស់ខ្លួន ដែលគប់គិតជាមួយអាជ្ញាធរម៉ាឡេស៊ី។


បុរសជនជាតិកូរ៉េខាងជើងម្នាក់ នៅថ្ងៃទី៣ ខែមីនាកន្លងទៅ បានចាញ់ក្តីនៅតុលាការកំពូលម៉ាឡេស៊ី ក្នុងការធ្វើបត្យាប័នទៅអាមេរិក ដើម្បីប្រឈមមុខនឹងបទល្មើសលាងលុយកខ្វក់។ បុរសរូបនេះ បានរងបទចោទចំនួន ៤ករណីទាក់ទិននឹងការលាងលុយកខ្វក់ ខណៈកូរ៉េខាងជើងអះអាងថា បុរសរូបនេះ បានរកស៊ីស្របច្បាប់នៅសិង្ហបុរីជាច្រើនឆ្នាំមកហើយ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ផ្សាយទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី១៩ ខែមីនា ក្រសួងការបរទេសកូរ៉េខាងជើង អះអាង អាជ្ញាធរម៉ាឡេស៊ី បានប្រព្រឹត្តឧក្រិដ្ឋកម្មដែលមិនអាចលើកលែងបាន ដោយចាប់បញ្ជូនប្រជាជនកូរ៉េខាងជើងទៅអាមេរិក។ ក្រសួងការបរទេសកូរ៉េខាងជើងលើកឡើងថា តុលាការម៉ាឡេស៊ី មិនមានព័ស្តុច្បាស់លាស់ឡើយដើម្បីដាក់បន្ទុកលើជនជាតិខ្លួនដែលត្រូវបានចោទពីបទល្មើសលាងលុយឡើយ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA ក្រុងព្យុងយ៉ាង បន្ថែមថា មិនត្រឹមត្រឹមតែគ្មានព័ស្តុតាងច្បាស់លាស់ទេ មន្ត្រីម៉ាឡេស៊ី ត្រូវបានហៅទៅជួបជុំនៅស្ថានទូតអាមេរិកនៅក្រុងគួឡាឡាំពួថែមទៀត ហើយម៉ាឡេស៊ី បានទទួលទឹកប្រាក់មួយចំនួនថែមទៀត ដែលទង្វើបែបនេះ ត្រូវបានកូរ៉េខាងជើងចាត់ទុកជាការឃុបឃិតគ្នា។ យ៉ាងណាមិញ ក្រសួងការបរទេសកូរ៉េខាងជើង មិនបានបញ្ជាក់ថាតើខ្លួនបានប្រភពនេះមកពីណាឡើយ។ 
 
«កូរ៉េខាងជើង ប្រកាសផ្តាច់ទំនាក់ទំនងការទូតទាំងអស់ជាមួយម៉ាឡេស៊ី»។ ក្រសួងការបរទេសកូរ៉េខាងជើង ប្រកាសបែបនេះដោយផ្ដល់ហេតផលថា ម៉ាឡេស៊ី បានប្រព្រឹត្តទង្វើជាសត្រូវប្រឆាំងនឹងកូរ៉េខាងជើង។ ក្នុងន័យនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានព្រមានអាជ្ញាធរម៉ាឡេស៊ីថា ត្រូវទទួលខុសត្រូវរាល់ផលវិបាកទាំងអស់ ដែលបានកើតឡើងលើប្រទេសទាំងពីរ។ មិនត្រឹមតែព្រមានម៉ាឡេស៊ីមួយឡើយ កូរ៉េខាងជើង ក៏បានគំរាមដាក់អាមេរិកផងដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងទទួលផលអាក្រក់ទាំងអស់ ដែលខ្លួនបានប្រព្រឹត្ត។ 
 
សូមបញ្ជាក់ថា ម៉ាឡេស៊ី ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសផ្សេងទៀត ដែលមានទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងមានស្ថានទូតប្រទេសនេះផង៕
 

Tag:
 ម៉ាឡេស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com