អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ស្នើប្រធានអាស៊ានបើកកិច្ចប្រជុំជាន់ខ្ពស់លើបញ្ហាមីយ៉ាន់ម៉ា
19, Mar 2021 , 9:59 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី១៩ ខែមីនា បានអំពាវនាវឱ្យអាស៊ានបើកកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីជជែកពីបញ្ហានៅមីយ៉ាន់ម៉ា។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលស្ថានភាពនយោបាយមីយ៉ាន់ម៉ា កំពុងតែវឹកវរ ដោយសារតែមានបាតុកម្មជារៀងរាល់ថ្ងៃ ហើយក្រុមយោធា ចាត់វិធានការបង្រ្កាបអ្នកតវ៉ាកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។

 
 
 
ចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ានៅដើមខែកុម្ភៈ ឥណ្ឌូណេស៊ី បានដើរតួយ៉ាងសកម្ម ដើម្បីស្វែងរកការគាំទ្រ និងដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ប៉ុន្តែវិបត្តិនៅរដ្ឋសមាជិកអាស៊ានមួយនេះ បន្តផុងជ្រៅដដែល។ ដោយសារកិច្ចខិតខំរបស់ឥណ្ឌូណេស៊ី និងបណ្តាប្រទេសអាស៊ានផ្សេងទៀត កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានត្រូវបានធ្វើឡើង ប៉ុន្តែគ្មានលទ្ធផលអ្វីឡើយ។ 
 
ទំនងជាមើលឃើញពីការវិវត្តនៃស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាកាន់តែខ្លាំងឡើង ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានអំពាវនាវឱ្យមានកិច្ចប្រជុំអាស៊ានជាន់ខ្ពស់មួយទៀត។ 
 
«ខ្ញុំនឹងប្រាប់ស្តេចស៊ុលតង់ដែលជាប្រធានផ្លាស់វេន ដើម្បីរៀបចំកិច្ចប្រជុំជាន់ខ្ពស់អាស៊ានឱ្យបានឆាប់បំផុត ដើម្បីជជែកពីវិបត្តិនៅមីយ៉ាន់ម៉ា»។ លោក វីដូដូ ដែលត្រូវស្គាល់ថាចូកូវី ផងនោះ បានលើកឡើងបែបនេះ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូដោយសំដៅស៊ុលតង់ព្រុយណេ ហាសាណាល់ ប៊ុលគៀ ។
 
ការកោះប្រជុំរបស់ប្រធានាធបតីឥណ្ឌូណេស៊ី ធ្វើឡើងស្របពេលស្ថានភាពមីយ៉ាន់ម៉ា កាន់តែស្មុគស្មាញឡើង។ ការប៉ះទង្គិចរវាងក្រុមប៉ូលិស និងក្រុមបាតុករនៃធ្វើនៅទូទាំងប្រទេស កើតមានមិនលោះថ្ងៃ ខណៈពេលរដ្ឋាភិបាលយោធា បានប្រើច្បាប់អាជ្ញាសឹកនៅក្នុងខណ្ឌចំនួន ៦ក្នុងក្រុងយ៉ាំងហ្គោន។ ច្រកផ្លូវដែលចេញពីទីក្រុងយ៉ាំងហ្គោន ត្រូវបានបិទ ដើម្បីទប់ស្កាត់លំហូរប្រជាជន ដែលភៀសខ្លួនចេញពីខណ្ឌទាំង៦នោះ។ 
 
ប្រជាជនមួយចំនួន បានប្រាប់សារព័ត៌មានក្នុងស្រុក The Irrawaddy ថា ស្ថានភាពនៅមីយ៉ាន់ម៉ា គឺប្រៀបដូចនឹងសង្គ្រាមនៅស៊ីរី។ មកទល់ថ្ងៃទី១៩ ខែមីនា ចំនួនបាតុករស្លាប់ បានកើនដល់ជាង ២០០នាក់ ខណៈមនុស្ស ច្រើនជាង ២០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានអ្នកនយោបាយ អ្នកសារព័ត៌មាន និងក្រុមបាតុករជាដើម។ មិនតែប៉ុណ្ណោះ មនុស្សជាច្រើននាក់ផ្សេងទៀត បានបាត់ខ្លួន។ 
 
ស្របគ្នានេះ សមាជិកសភាមីយ៉ាន់ម៉ា ដែលបានបាត់បង់អំណាចក្រោយរដ្ឋប្រហារ កំពុងស្វែងរកផ្លូវ ដើម្បីស្នើឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តដោយរបបសឹកមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា។ លោក Kyaw Moe Tun តំណាងមីយ៉ាន់ម៉ានៅអង្គការសបប្រជាជាតិ បានលើកឡើងនៅក្នុងកម្មវិធីមួយក្នុងក្រុងញូវយ៉កថា លោកមិនអាចប្តឹងទៅ ICC បានឡើយ ព្រោះមិនមែនជាតួអង្គរដ្ឋ។ ប៉ុន្តែលោកនឹងស្វែងរកជម្រើសផ្សេងទៀត ដើម្បីនាំរឿងក្តីទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ 
 
កន្លងមក ក្រុមអ្នកស៊ើបអង្កេតនៃយន្តការស៊ើបអង្កេតឯករាជ្យ (IIMM) បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធផ្តល់ព័ស្តុតាងមកឱ្យខ្លួន ដើម្បីទុកប្តឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com