ជាតិ
ស្វែងរកចំណុចរួម ដែលអាចទទួលយកបានទាំងអស់គ្នា ក្នុងរឿងព្រះមហា ពិន សែម
20, Mar 2021 , 2:45 pm        
រូបភាព
ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប។ ប្រភពរូបដើម ពីទំព័រហ្វេសប៊ុក ព្រះមហាវិមលធម្ម ពិន សែម
ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប។ ប្រភពរូបដើម ពីទំព័រហ្វេសប៊ុក ព្រះមហាវិមលធម្ម ពិន សែម
ការ ដែលព្រះមហាវិមលធម្ម ពិន សែម ចេញបញ្ជាឲ្យប្រើផ្តៅវាយព្រះសង្ឃជាសិស្សគណ បណ្តាលឲ្យរបួសធ្ងន់លើគូទនិងខ្នង គឺមិនត្រឹមត្រូវនោះទេ នាសម័យកាលបច្ចុប្បន្ននេះ ជាពិសេសបើផ្តោតទៅលើគោលការណ៍សិទ្ធិមនុស្ស។ តែការប្រមាថព្រះអង្គ ថាជាព្រះសង្ឃឃោរឃៅ ក៏មិនសមរម្យដែរ។



ព្រះសង្ឃ បញ្ញវន្ត គ្រូបង្រៀន អ្នកនយោបាយ អ្នកវិភាគនយោបាយ អ្នកវិភាគសេដ្ឋកិច្ច អ្នកតាមដានសង្គម មន្រ្តីរាជការ សិល្បករ រួមទាំង ប្រជាពលរដ្ឋទូទៅ បាននាំគ្នាបញ្ចេញមតិយ៉ាងផុសផុល ក្នុងអំឡុងខែមីនា ឆ្នាំ២០២១នេះ ពីករណីដាក់ទណ្ឌកម្មដោយប្រើផ្តៅវាយគូទព្រះសង្ឃ នៅវត្តរាជបូណ៌ ក្រុងសៀមរាប។ ករណីនេះ ផ្ទុះឡើងលើបណ្តាញសង្គមអស់មួយរយៈពេលមកហើយ តែនៅតែមិនទាន់ស្ងប់រម្ងាប់ ដោយចេះតែមានការបញ្ចេញមតិពីម្នាក់ទៅម្នាក់។

មតិម្ខាង យល់ថា ព្រះមហា ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ មានភាពឃោរឃៅ ដោយចេញបញ្ជាឲ្យព្រះសង្ឃក្រោមឱវាទ វាយព្រះសង្ឃ ដែលប្រព្រឹត្តខុសដោយគ្មានមេត្តាប្រណី។ មតិម្ខាងទៀត ដែលឈរខាងព្រះអង្គ មើលក្នុងផ្លូវវិជ្ជមានថា ព្រះអង្គ ជាព្រះសង្ឃមានគុណធម៌ មានការចេះដឹងខ្ពង់ខ្ពស់ ដូច្នេះព្រះអង្គ មិនអាចជាជនឃោរឃៅឡើយ។ មតិដែលឈរខាងព្រះអង្គ យល់ថា ការដែលព្រះអង្គ ដាក់ទណ្ឌកម្មធ្ងន់បែបនេះ ក៏ព្រោះតែចង់កែប្រែព្រះសង្ឃដែលប្រព្រឹត្តខុសនឹងធម៌វិន័យ ឲ្យក្លាយជាព្រះសង្ឃល្អត្រឹមត្រូវវិញ។

អ្នក ដែលយល់ថាជាអំពើឃោរឃៅ បានបញ្ចេញមតិជំនាស់នឹងអ្នក ដែលយល់ថា ជាការអប់រំកែប្រែមនុស្សឲ្យល្អ។ បន្ទាប់មក អ្នក ដែលយល់ថា ជាការអប់រំកែប្រែមនុស្សឲ្យល្អ ក៏ចេញមកបញ្ចេញមតិបញ្ច្រាសនឹងអ្នក ដែលយល់ថា ជាអំពើឃោរឃៅ។ មតិទាំងពីរនេះ នៅតែប្រទាំងប្រទើសគ្នា ដោយរកចំណុចរួមមិនឃើញ។

សារព័ត៌មានថ្មីៗ មិនរំពឹងថា សេចក្តីអត្ថាធិប្បាយនេះ គឺមានហេតុផលល្អឥតខ្ចោះ ឬមានលក្ខណៈសុក្រឹត១០០ភាគរយ ដែលអាចធ្វើឲ្យប្រិយមិត្ត ទទួលយកបានទាំងអស់គ្នានោះទេ។ សារព័ត៌មានថ្មីៗ គ្រាន់តែរំពឹងថា សេចក្តីអត្ថាធិប្បាយនេះ នឹងក្លាយជាទស្សនទានមួយ ដែលអាចនាំឲ្យប្រិយមិត្តគ្រប់រូប ឈានទៅដល់ការរកឃើញចំណុចរួមមួយ រវាងមតិខ្វែងគ្នាទាំងពីរ។

មុននឹងវែកញែកថា ការវាយព្រះសង្ឃដោយផ្តៅនេះ ជាអំពើឃោរឃៅ ឬជាការកែប្រែមនុស្សឲ្យល្អ សារព័ត៌មានថ្មីៗ សូមលើកទឹកចិត្តឲ្យប្រិយមិត្ត ឈរលើមាគ៌ាកណ្តាល គឺវិនិច្ឆ័យក្នុងរឿងនេះ ដោយមិនលម្អៀងព្រោះស្រឡាញ់ឬស្អប់។ បើវិនិច្ឆ័យព្រោះស្រឡាញ់ឬស្អប់ អ្នក មិនអាចរកឃើញចំណុចរួមជាមួយគ្នាបានឡើយ។ ចំណុចសំខាន់មួយទៀត គឺអ្នក ត្រូវឈ្វេងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីរឿងរ៉ាវនៃការវាយព្រះសង្ឃដោយផ្តៅនេះ។


រឿងរ៉ាវ ជុំវិញការប្រើផ្តៅវាយព្រះសង្ឃដែលប្រព្រឹត្តខុស

មហាជន ចាប់ផ្តើមដឹងរឿងរ៉ាវនៃការវាយព្រះសង្ឃដោយផ្តៅ នៅពេលវីដេអូនៃការវាយនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ ព្រះមហា ពិន សែម ដែលជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ គឺជាអ្នកចេញបញ្ជាឲ្យព្រះសង្ឃដទៃ វាយព្រះសង្ឃដែលប្រព្រឹត្តខុស។ ព្រះមហា ពិន សែម មានថេរដីកាជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ព្រះអង្គ មិនមែនជាអ្នកវាយដោយខ្លួនឯងទេ តែព្រះអង្គ បានគង់មើលការដាក់ទណ្ឌកម្មដោយការវាយនោះ រហូតដល់ចប់។

ព្រះមហា ពិន សែម មិនមានថេរដីកាលម្អិតនោះទេថា ព្រះសង្ឃ ដែលទទួលទណ្ឌកម្មនោះ ប្រព្រឹត្តខុសអ្វីខ្លះ ដោយព្រះអង្គ លើកហេតុផលយ៉ាងខ្លីថា ពិបាកនឹងរៀបរាប់ ហើយម្យ៉ាងទៀត ព្រះអង្គ ក៏មិនចង់បញ្ចេញព័ត៌មាននេះ ឲ្យមហាជនដឹងដែរថា ព្រះសង្ឃទាំងនោះ ប្រព្រឹត្តអំពើខុសឆ្គងអ្វីខ្លះ។ ព្រះអង្គ គ្រាន់តែបញ្ជាក់ថា ព្រះសង្ឃទាំងនោះ ធ្លាប់ត្រូវបានទូន្មានច្រើនលើកច្រើនសាមកហើយ តែនៅប្រព្រឹត្តខុសដដែលៗទៅនឹងព្រះវិន័យនិងច្បាប់វត្ត ទើបត្រូវរងទណ្ឌកម្មបែបនេះ។ 

អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយថា សមត្ថកិច្ច បានចុះទៅស្រាវជ្រាវដល់វត្តរាជបូណ៌ ដោយបានសួរព្រះសង្ឃ ដែលធ្លាប់រងទណ្ឌកម្ម ហើយទទួលបានចម្លើយថា ក្រុមព្រះអង្គ រងទណ្ឌកម្ម ដោយសារតែល្មើសនឹងបទបញ្ជាផ្ទៃក្នុងរបស់វត្ត ដូចជា ការគេចវេះមិនចូលរៀន ខ្ជិលច្រអូសមិនធ្វើការងារក្នុងវត្ត មិនចូលរួមធ្វើអនាម័យ និង ចេញក្រៅវត្តរហេតរហូតគ្មានវិន័យ ជាដើម។

កំណត់ហេតុស្តីពីការសម្របសម្រួលក្នុងករណីវាយព្រះសង្ឃដោយផ្តៅនេះ បានបង្ហាញថា មានភិក្ខុ -សាមណេរ៩អង្គ ដែលធ្លាប់រងទណ្ឌកម្មដោយការវាយនឹងផ្តៅ។  

បើគេ បានមើលវីដេអូនោះ គេ នឹងបានឃើញព្រះសង្ឃ ដែលទទួលបញ្ជាពីព្រះគ្រូចៅអធិការ បានវាយយ៉ាងញាប់ហើយខ្លាំងៗទៅព្រះសង្ឃ ដែលប្រព្រឹត្តខុស។ ព្រះសង្ឃ ដែលប្រព្រឹត្តខុស គឺក្រាបទៅនឹងឥដ្ឋការ៉ូ ឲ្យព្រះសង្ឃ ដែលអនុវត្តបញ្ជា វាយ។ ផ្អែកលើវីដេអូ ព្រះសង្ឃមួយអង្គ ត្រូវតែប្រាំរំពាត់ប៉ុណ្ណោះ តែព្រះសង្ឃមួយទៀត ត្រូវដល់ទៅហាសិបរំពាត់ឯណោះ។ ក្នុងវីដេអូ គេ ពុំបានឃើញទិដ្ឋភាពវាយគ្រប់ព្រះសង្ឃទាំង៩អង្គ ដែលប្រព្រឹត្តខុសនោះទេ ដោយទំនងជាមិនថត ឬបានថតដែរ តែមិនបានបង្ហោះលើបណ្តាញសង្គម។ 

មានវីដេអូមួយទៀត គឺបង្ហាញពីស្ថានភាពរបួសលើកំប៉េះគូទព្រះសង្ឃ ដែលរងការវាយនោះ។ ព្រះសង្ឃ ដែលរងការវាយនោះ បានលាត់ស្បង់ ឲ្យគេថតកំប៉េះគូទតែម្តង ដើម្បីឲ្យដឹងពីស្នាមរបួស។ តាមរយៈវីដេអូ ព្រះសង្ឃដែលរងការវាយនោះ មានស្នាមជាំស្ទើរតែពេញកំប៉េះគូទ។ ព្រះសង្ឃអង្គខ្លះ មិនមែនត្រូវបានវាយតែកំប៉េះគូទទេ តែក៏ត្រូវវាយដល់ខ្នងដែរ។


ឃោរឃៅ ឬ ដើម្បីពត់មនុស្សឲ្យល្អ?


ដ្បិតមតិទាំងនោះ កើតចេញពីមជ្ឈដ្ឋានជាច្រើនក្តី តែជាទូទៅ មានតែពីរប្រភេទប៉ុណ្ណោះ ដូចបានពោលមកខាងលើ គឺមតិទីមួយ បង្ហាញការមិនអាចទទួលយកបាន ដោយរិះគន់ថា ការវាយនេះ មានលក្ខណៈធ្ងន់ធ្ងរពេក និងរំលោភសិទ្ធិមនុស្ស ហើយមតិទីពីរ យល់ថា ការវាយនេះ គឺដើម្បីអប់រំព្រះសង្ឃឲ្យល្អ។

ការចេញបញ្ជាឲ្យវាយព្រះសង្ឃដែលប្រព្រឹត្តខុស ដើម្បីទុកជាការប្រៀបប្រដៅនេះ បានធ្វើឲ្យព្រះមហា ពិន សែម ទទួលបានពាក្យថា ព្រះអង្គ ជាជនឃោរឃៅ។ អ្នកមិនពេញចិត្តទាំងនោះ មិនត្រឹមតែរិះគន់ទេ តែថែមទាំងចង់ឲ្យមានការដោះស្រាយតាមផ្លូវច្បាប់ទៀត។ ពួកគេ ចាត់ទុកការវាយនេះ ជាអំពើហិង្សានិងជាការរំលោភសិទ្ធិមនុស្ស។

ទន្ទឹមនឹងការរងពាក្យទិតៀន ព្រះអង្គ ទទួលបានការលើកទឹកចិត្តនិងការគាំទ្រពីមជ្ឈដ្ឋានជាច្រើន ដែលគោរពស្រឡាញ់ព្រះអង្គ។ អ្នកដែលគោរពស្រឡាញ់ព្រះអង្គ មិនមែនគាំទ្រឲ្យព្រះអង្គ បន្តប្រើទណ្ឌកម្មដោយការវាយសិស្សនោះទេ តែបង្ហាញការគាំទ្រដល់ព្រះអង្គ ដើម្បីឲ្យព្រះអង្គកាន់តែរឹងមាំ ក្នុងការឆ្លងកាត់សម្ពាធផ្លូវចិត្ត ដែលព្រះអង្គទទួលបានពីការទិតៀននាដំណាក់កាលនេះ និងអាចដឹកនាំព្រះសង្ឃតទៅទៀត។

មជ្ឈដ្ឋានទាំងនោះ ពិសេសព្រះសង្ឃ និងអ្នកដែលធ្លាប់សាងផ្នួស មានការយល់ឃើញថា ការប្រើផ្តៅវាយព្រះសង្ឃនេះ ហាក់រៀងខ្លាំងបន្តិច តែបំណងរបស់ព្រះមហា ពិន សែម គឺចង់កែប្រែព្រះសង្ឃ ដែលប្រព្រឹត្តខុសនឹងធម៌វិន័យ ឲ្យត្រឡប់មកកាន់ធម៌វិន័យវិញ។ ព្រះសង្ឃនិងអតីតអ្នកបួសខ្លះ បានរម្លឹកពីរឿងអតីតកាល ដែលធ្លាប់រងរំពាត់ពីព្រះគ្រូចៅអធិការ ឬពីព្រះសង្ឃជាគ្រូបង្រៀន។ ព្រះសង្ឃនិងអតីតអ្នកបួសទាំងនោះ ថែមទាំងនិយាយថា បើកុំតែបានផ្តៅ កុំអីប្រហែលជាមិនបានរៀនសូត្រចេះដឹង ដូចសព្វថ្ងៃនេះឡើយ ហើយក៏ប្រហែលមិនបានក្លាយជាព្រះសង្ឃល្អ ពលរដ្ឋល្អដែរ។

មិនមែនតែព្រះសង្ឃ និងអតីតអ្នកបួសទេ សូម្បីតែគ្រហស្ថនិងអ្នកមិនធ្លាប់បួសខ្លះ ក៏យល់ថា ការវាយដោយផ្តៅនេះ គឺដើម្បីលត់ដំព្រះសង្ឃឲ្យល្អ។ ថ្វីបើលើកឡើងថា ផ្តៅអាចលត់ដំមនុស្សឲ្យល្អក្តី តែព្រះសង្ឃនិងគ្រហត្ថទាំងនោះ នៅតែបង្ហាញការមិនគាំទ្រចំពោះការប្រើអំពើហិង្សាឬអំពើឃោរឃៅ។

អ្វីដែលព្រះសង្ឃនិងគ្រហស្ថទាំងនោះ ចង់បញ្ជាក់ គឺព្រះមហា ពិន សែម មានចេតនាចង់ឲ្យសិស្សកែខ្លួន ហើយអ្វីដែលព្រះសង្ឃនិងគ្រហស្ថទាំងនោះ ចង់បាន គឺមិនត្រូវរិះគន់ព្រះអង្គ  ធ្ងន់ធ្ងរពេកឡើយ រហូតឈានដល់ការប្រមាថព្រះអង្គ ហើយភ្លេចគុណសម្បត្តិរបស់ព្រះអង្គ ដែលបានចូលរួមបណ្តុះបណ្តាលធនធានព្រះសង្ឃជាច្រើនកន្លងមក។

ចុះបើវាយព្រះសង្ឃជាកូន ជាបង ជាប្អូន ឬជាក្មួយរបស់ខ្លួនឯងខ្លាំងៗបែបនេះវិញ តើគិតយ៉ាងណា? សំណួរ ដែលអ្នកមិនគាំទ្រ ចោទសួរទៅកាន់អ្នកដែលយល់ថា ការវាយនេះ គឺដើម្បីប្រៀនប្រដៅមនុស្សឲ្យល្អ។


មិនវាយដោយខ្លួនឯង

មិនមែនព្រះមហា ពិន សែម មិនបានវាយដោយខ្លួនឯង មានន័យថា ព្រះអង្គ រួចផុតពីការទទួលខុសត្រូវ ឬមិនមានកំហុស ហើយទម្លាក់ការទទួលខុសត្រូវ ឬកំហុស ទៅឲ្យព្រះសង្ឃក្រោមឱវាទ ដែលជាអ្នកវាយនោះទេ។ ប៉ុន្តែ ការ ដែលព្រះអង្គ មិនបានវាយខ្លួនឯងនេះ អាចជាតម្រុយមួយឲ្យអ្នក ពិចារណាថា បើព្រះអង្គ វាយខ្លួនឯងមែន តើអាចនឹងប្រើកម្លាំងខ្លាំងៗនិងវាយយ៉ាងអស់កម្លាំងដៃដូច្នេះដែរឬទេ?

អ្នក អាចពិចារណាទៀតថា បើព្រះអង្គ វាយខ្លួនឯងមែន ជួនកាល មិនធ្ងន់ធ្ងរបែបនេះក៏ថាបាន ដ្បិតថា ព្រះអង្គ មានព្រះជន្មដល់ទៅ៨០ព្រះវស្សាទៅហើយ។ ម្យ៉ាងទៀត ជួនកាល ព្រះអង្គ មិនមានបំណងចង់វាយខ្លាំងៗបែបនេះទេ តែព្រះសង្ឃ ដែលអនុវត្តបញ្ជា អាចជ្រុលដៃ។

និយាយបែបនេះ មិនមែនចង់ការពារព្រះមហា ពិន សែម ហើយដាក់កំហុសទៅឲ្យព្រះសង្ឃ ដែលជាអ្នកវាយឡើយ។ ព្រះសង្ឃ ដែលជាអ្នកវាយ គ្រាន់តែជាអ្នកទទួលបញ្ជាពីព្រះមហា ពិន សែម ប៉ុណ្ណោះ។ ចំពោះព្រះមហា ពិន សែម បើព្រះអង្គ ពិតជាមានចេតនាចង់វាយខ្លាំងៗ លើព្រះសង្ឃដែលប្រព្រឹត្តខុស ហើយក៏បញ្ជាឲ្យព្រះសង្ឃក្រោមឱវាទ វាយខ្លាំងៗដូចការចង់បានរបស់ព្រះអង្គមែន គឺពិបាកបន្ទោសគេណាស់ នៅពេលគេ រិះគន់ថា ព្រះអង្គ ប្រើអំពើហិង្សាហួសប្រមាណ។ 


ចេតនាចង់ឲ្យសិស្សល្អ តែប្រើទណ្ឌកម្មជ្រុល

បើថា ព្រះមហា ពិន សែម កាច គឺមិនខុសទេ តែបើថា ព្រះអង្គ មានចិត្តឃោរឃៅនោះ ដូចជា មិនត្រូវឡើយ សម្រាប់អ្នកដែលគោរពស្រឡាញ់ព្រះអង្គ។ គេ គួរប្រើត្រឹមពាក្យថា ព្រះអង្គ ដាក់ទណ្ឌកម្មហាក់ជ្រុលបន្តិចទៅលើសិស្សគណរបស់ព្រះអង្គ តែមិនគួរដល់ថ្នាក់ប្រើពាក្យថា ព្រះអង្គ ជាជនឃោរឃៅនោះទេ។ គេ ជឿថា ការដាក់ទណ្ឌកម្មដោយប្រើផ្តៅវាយនេះ មិនមែនព្រះអង្គ ចង់សម្លាប់ឬចង់ឲ្យសិស្សគណរបស់ព្រះអង្គ ពិការត្រង់កន្លែងណាមួយឡើយ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ព្រះអង្គ បំភ្លឺថា ការវាយនោះ មិនមែនមានបំណងចង់ឲ្យសិស្សគណបាត់បង់ជីវិតឬបាក់ដៃបាក់ជើងនោះទេ។ ព្រះអង្គ បញ្ជាក់ថា៖«អ្នកគ្រប់គ្រង [វត្ត]  ជាមនុស្សដែលដឹងខុសត្រូវ។ [ការដាក់] ទោសទណ្ឌហ្នឹង មិនមែនវាយសម្លាប់ទេ គ្រាន់តែឲ្យរាងចាល»។

ព្រះអង្គសារភាពថា ព្រះអង្គ កាចមែន តែព្រះអង្គ កាចព្រោះតែចង់ឲ្យសិស្សល្អ មិនចង់ឲ្យសិស្សធ្លាក់ទៅក្នុងអបាយមុខ ដែលនាំឲ្យខូចអនាគតខ្លួនឯងនិងប៉ះពាល់ដល់សាសនា។ ទោះមានហេតុផលថា ចង់ឲ្យសិស្សល្អក្តី តែការដាក់ទណ្ឌកម្មដោយការវាយជ្រុលបែបនេះ ពិតជាពិបាកមើលណាស់សម្រាប់មនុស្សមួយចំនួន ពិសេសអ្នកដែលមិនធ្លាប់ប្រើហិង្សាលើកូនចៅ ឬអ្នកដែលស្អប់ការប្រើអំពើហិង្សា។


ពាក្យថា ទុកតែភ្នែកនិងឆ្អឹង មិនគួរយកមកប្រើក្នុងសម័យកាលនេះឡើយ


ក្នុងសង្គមខ្មែរ កាលពីសម័យដើម ការអប់រំ ជាទូទៅស្ថិតនៅក្នុងវត្តអារាម។ មិនថាកូនអ្នកមាន ឬកូនអ្នកក្រ សុទ្ធតែត្រូវបញ្ជូនទៅផ្ញើនឹងព្រះសង្ឃ ដើម្បីសិក្សារៀនសូត្រ។ អ្នកប្រាជ្ញខ្មែរជាច្រើន មានទាំងព្រះសង្ឃ មានទាំងគ្រហស្ថ គឺកើតចេញពីវត្តអារាមនេះឯង។ ពេលយកកូនទៅផ្ញើនៅវត្ត ឪពុកម្តាយឬអាណាព្យាបាល តែងផ្តាំផ្ញើនឹងព្រះគ្រូចៅអធិការឬព្រះសង្ឃជាគ្រូថា សុំតែភ្នែកនិងឆ្អឹងប៉ុណ្ណោះ។ មានន័យថា កូន ចៅ ឬ ក្មួយរបស់ខ្លួន គឺផ្ញើនឹងវត្តហើយ ដូច្នេះ ព្រះគ្រូចៅអធិការឬព្រះសង្ឃជាគ្រូ ចង់វាយដំជេរស្តីយ៉ាងណា គឺអាស្រ័យលើព្រះសង្ឃ កុំឲ្យតែខ្វាក់ភ្នែក បាក់ដៃបាក់ជើង ឬ ពិការអវយវៈត្រង់កន្លែងណាមួយ។

យើង ដឹងហើយថា សម័យកាលនេះ មិនដូចសម័យកាលមុនឡើយ។ ប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជាផង បានឲ្យតម្លៃខ្ពស់លើសិទ្ធិមនុស្ស និងឲ្យតម្លៃលើការដោះស្រាយបញ្ហាដោយអហិង្សា ដោយត្រូវចៀសវាងការប្រើអំពើហិង្សាគ្រប់ទម្រង់។ ហេតុដូច្នេះ ការបើហិង្សាឬវាយដំធ្ងន់ធ្ងរ ក្នុងសម័យកាលនេះ មិនគួរកើតមាននោះទេ ទោះជាក្នុងន័យថា ដើម្បីអប់រំមនុស្សឲ្យល្អក៏ដោយ។

ជាការពិត សិស្សខ្លះ ទាល់តែរងការវាយដោយរំពាត់ខ្លះ ទើបអាចកែប្រែបាន តែមិនត្រូវវាយឲ្យជ្រុលហួសហេតុពេក រហូតទាល់តែមើលទៅ ដូចជាការធ្វើទារុណកម្មនោះទេ។ ឪពុកម្តាយ បងប្អូន សាច់ញាតិ ពិបាកនឹងទទួលយកបានណាស់ នៅពេលដែលឃើញកូន ចៅ ក្មួយ ឬ ប្អូន រងទណ្ឌកម្មធ្ងន់ធ្ងរណាមួយ។


មិនគួរទិតៀន ដោយភ្លេចគុណធម៌ព្រះអង្គ តែក៏មិនគួរគិតពីគុណធម៌ ដោយភ្លេចកំហុសព្រះអង្គដែរ

ព្រះមហា ពិន សែម ត្រូវចាត់ទុកជាព្រឹទ្ធាចារ្យមួយអង្គ ក្នុងសង្គមសង្ឃ។ មិនមែនតែគ្រហស្ថនោះទេ សូម្បីតែព្រះសង្ឃដូចគ្នា ក៏គោរពព្រះអង្គដែរ និងចាត់ទុកព្រះអង្គជាបណ្ឌិត ជាអ្នកចេះដឹងខ្ពង់ខ្ពស់មួយអង្គ។

ការប្រើពាក្យថា ឃោរឃៅទៅលើព្រះអង្គ ឬការហៅព្រះអង្គ ថាជាជនឃោរឃៅសល់ពីសម័យខ្មែរក្រហម ត្រូវបានមនុស្សជាច្រើន ដែលគោរពស្រឡាញ់ព្រះអង្គ ចេញមកប្រតិកម្មនិងការពារព្រះអង្គ។ ដើម្បីបញ្ជាក់ថាព្រះអង្គ មិនមែនជាជនឃោរឃៅ អ្នក ដែលគោរពស្រឡាញ់ព្រះអង្គ បានព្យាយាមលើកអំណះអំណាងជាច្រើន ដូចជា រំលេចថា ព្រះអង្គ ជាអ្នកប្រាជ្ញបណ្ឌិតដ៏កម្រ ជាព្រះសង្ឃប្រកបដោយគុណធម៌ និងជាព្រះសង្ឃ ដែលបូជាជីវិត ជូនសាសនា ជាដើម។

វីដេអូនិងរូបភាពនានា បង្ហាញពីការអភិវឌ្ឍក្នុងវត្តរាជបូណ៌ បង្ហាញពីសកម្មភាពរបស់ព្រះអង្គ ដែលជួយសង្គម រួមទាំងវីដេអូ ដែលព្រះអង្គសម្តែងធម៌ទេសនា ត្រូវបានលាតត្រដាងពេញបណ្តាញសង្គម។ ការបញ្ចេញ ការចែករំលែកវីដេអូនិងរូបភាពទាំងនោះតៗគ្នាលើបណ្តាញសង្គម គឺអ្នកដែលគោរពស្រឡាញ់ព្រះអង្គ ចង់ឲ្យមនុស្សទូទៅ ដឹងថា ព្រះអង្គ មានការចេះដឹងជ្រៅជ្រះ ហើយមិនមានបំណងអ្វីក្រៅពីចង់ជួយសង្គមនិងសាសនាឡើយ ដូច្នេះ ព្រះអង្គ មិនអាចជាជនឃោរឃៅនោះទេ។

ជាមួយគ្នានេះ ជីវប្រវត្តិរបស់ព្រះអង្គ ត្រូវបានមនុស្សជាច្រើន ទាំងព្រះសង្ឃ ទាំងគ្រហស្ថ នាំគ្នាចែករំលែកយ៉ាងព្រោងព្រាត។ បច្ចុប្បន្ន ព្រះអង្គមានព្រះជន្ម៨០ព្រះវស្សា និងបានចំណាយពេលប្រមាណ៦០ព្រះវស្សាហើយ ក្នុងភាពជាអ្នកបួស។

ព្រះអង្គ មានថេរដីកាមកកាន់សារព័ត៌មានថ្មីៗថា៖«[អាត្មា] បានតាំងខ្លួន ប្តេជ្ញាខ្លួននឹងធ្វើជាខ្ញុំបម្រើរបស់ព្រះពុទ្ធ»។ ពាក្យថា ធ្វើជាខ្ញុំបម្រើរបស់ព្រះពុទ្ធ គឺព្រះអង្គ ចង់មានន័យថា ក្នុងជាតិនេះ ព្រះអង្គ បូជាជីវិតជូនព្រះពុទ្ធសាសនា ក្នុងភាពជាអ្នកបួស ហើយព្រះអង្គ នៅតែជួយផ្សព្វផ្សាយព្រះពុទ្ធឱវាទតទៅទៀត។

ទោះព្រះអង្គ មានគុណធម៌ មានការចេះដឹងជ្រៅជ្រះ មានគុណបំណាច់ចំពោះសង្គមនិងសាសនាក្តី តែក៏មិនគួរភ្លេចពិចារណាថា ការដែលព្រះអង្គប្រើទណ្ឌកម្មធ្ងន់ធ្ងរទៅលើសិស្សគណ គឺត្រឹមត្រូវឬមិនត្រូវ? បើអ្នកពិចារណាទៅឃើញថា ការប្រើទណ្ឌកម្មនេះ ពិតជាធ្ងន់ធ្ងរជ្រុល និងមិនត្រឹមត្រូវ គឺមិនត្រឹមត្រូវហើយ។ មិនគួរព្រោះតែព្រះអង្គ មានគុណសម្បត្តិច្រើន អ្នក ភ្លេចមើលកំហុសរបស់ព្រះអង្គទេ។

ការដាក់ទណ្ឌកម្មជ្រុលបែបនេះ ធ្វើឲ្យមជ្ឈដ្ឋានខ្លះ មិនអាចទទួលយកបាន។ មជ្ឈដ្ឋាន ដែលមិនពេញចិត្ត មិនផ្តោតអារម្មណ៍ថា ព្រះអង្គ ចេះដឹងកម្រិតណា មានគេ គោរពច្រើនប៉ុនណា និង មានគុណធម៌ខ្ពស់យ៉ាងណាឡើយ ដោយពួកគេ ផ្តោតអារម្មណ៍តែម្យ៉ាង គឺការវាយព្រះសង្ឃខ្លាំងៗបែបនេះ គឺមិនត្រឹមត្រូវ ហើយចង់ឲ្យមានដំណោះស្រាយសមរម្យជាមួយព្រះសង្ឃដែលរងការវាយនោះ។

យ៉ាងណាក៏ដោយចុះ ព្រះអង្គ បានចេញព្រះភក្ត្រដោះស្រាយជាមួយសមត្ថកិច្ចរួចហើយ ដោយព្រះអង្គ ស្ម័គ្រព្រះហទ័យទទួលខុសត្រូវគ្រប់យ៉ាង ចំពោះការដាក់ទណ្ឌកម្មជ្រុលទៅលើសិស្សគណរបស់ព្រះអង្គ។ ព្រះអង្គ មិនឲ្យព្រះសង្ឃ ដែលទទួលបញ្ជាវាយ ចេញទទួលខុសត្រូវឡើយ។ លើសពីនេះ ព្រះអង្គ បានសន្យាជាមួយសមត្ថកិច្ចរួចហើយថា ព្រះអង្គ នឹងលុបបំបាត់ការប្រៀនប្រដៅដោយប្រើហិង្សាលើព្រះសង្ឃជាសិស្សគណ ហើយងាកមកអប់រំ ដោយអហិង្សាវិញ។

ព្រះអង្គ បានចេញព្រះភក្ត្រទទួលខុសត្រូវដោយអង្គឯង ហើយមិនទាញអ្នកដទៃឲ្យមកពាក់ព័ន្ធជាមួយក្នុងរឿងក្តីនេះ ហើយរាល់ការរិះគន់ និងការប្រមាថ ជាពិសេសការប្រើពាក្យសម្តីធ្ងន់ៗ ពីមជ្ឈដ្ឋានខ្លះ ដូចជា ពាក្យឃោរឃៅយង់ឃ្នង ជាដើម គឺព្រះអង្គ ជាអ្នកទទួលតែអង្គឯង។ ចំណុចទាំងនោះ គឺល្មមនឹងអាចទទួលយកបានហើយ ហើយគួរតែនាំគ្នា បញ្ឈប់ការប្រមាថលើព្រះអង្គទៀត។ ប៉ុន្តែ បើមានការបន្តដោះស្រាយតាមផ្លូវច្បាប់ទៀតនោះ គឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរ។

មិនថាស្រឡាញ់ព្រះអង្គ ឬមិនស្រឡាញ់ព្រះអង្គ អ្នក ត្រូវតែគិតទិដ្ឋភាពទាំងពីរយ៉ាងនេះ គឺទីមួយ មិនត្រូវយកគុណសម្បត្តិរបស់អង្គ មកគ្របដណ្តប់លើកំហុសរបស់ព្រះអង្គឡើយ ហើយទីពីរ មិនត្រូវទិតៀនពីកំហុសរបស់ព្រះអង្គ រហូតដល់ប្រមាថកាតទានព្រះអង្គ ដែលជាព្រះសង្ឃមានគុណខ្ពស់មួយអង្គ និងមានគេគោរពច្រើន។


វិន័យ មិនត្រូវតឹងរ៉ឹងពេក តែក៏មិនត្រូវធូរពេក

តាមពិតទៅ វិន័យព្រះពុទ្ធសាសនា មានការដាក់ទណ្ឌកម្មលើភិក្ខុ-សាមណេរ ដែលប្រព្រឹត្តខុសនឹងធម៌វិន័យ។ ប៉ុន្តែ ទណ្ឌកម្មនោះ មិនមែនជាការប្រើអំពើហិង្សាឬការវាយដំឡើយ។ ព្រះពុទ្ធសាសនា គឺជាសាសនាសន្តិភាពនិយម ដែលអប់រំមនុស្សឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី។

ការវាយព្រះសង្ឃខ្លាំងៗដោយផ្តៅនេះ មិនចាត់ទុកជាការអនុវត្តវិន័យក្នុងព្រះពុទ្ធសាសនានោះទេ។ តែការវាយនេះ ប្រហែលជាមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងវត្ត ដែលព្រះគ្រូចៅអធិការឬថ្នាក់ដឹកនាំវត្តរាជបូណ៌ តាក់តែងឡើយ ឬក៏អាច ធ្វើឡើងតាមទម្លាប់ក្នុងវត្ត មានន័យថា បើព្រះសង្ឃអង្គណាធ្វើខុសធ្ងន់ ឬប្រព្រឹត្តកំហុសដដែលៗ ព្រះសង្ឃអង្គនោះ នឹងត្រូវរងទណ្ឌកម្មដោយការវាយនឹងផ្តៅ។

ការប្រៀនប្រដៅសិស្សឬកូនចៅ តែងតែមានការជេរស្តីនិងការវាយដំតិចតួច ដោយចៀសមិនរួច។ ប៉ុន្តែ ការវាយ មិនត្រូវឲ្យធ្ងន់ធ្ងរពេកឡើយ។ កុំថាឡើយការប្រើហិង្សាឬការវាយដំ សូម្បីតែ ដាក់ចេញវិន័យឲ្យប្រតិបត្តិ ក៏មិនត្រូវតឹងរ៉ឹងពេកដែរ រហូតដល់មិនអាចអនុវត្តបាន។

មុនត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធ បានធ្វើទុក្ករកិរិយាអស់រយៈពេលប្រមាណ៦ព្រះវស្សា។ ការធ្វើទុក្ករកិរិយា គឺមានន័យថា ជាការធ្វើឲ្យខ្លួនព្រះអង្គលំបាក ដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ។ ក្នុងការធ្វើទុក្ករកិរិយា ព្រះអង្គ បានបង្អត់អាហារនិងទឹកខ្លួនឯងអស់ប្រមាណ៦ព្រះវស្សា។

លុះធ្វើទុក្ករកិរិយាអស់ប្រមាណ៦ព្រះវស្សារួចហើយ ដោយនៅតែមិនបានត្រាស់ដឹង ព្រះអង្គ ក៏ពិចារណាឃើញថា ការប្រតិបត្តិធម៌ ដើម្បីបានត្រាស់ដឹង មិនត្រូវតឹងរ៉ឹងពេកនោះទេ ហើយក៏មិនត្រូវធូររលុងពេកដែរ។ ប្រៀបដូចជា ខ្សែពិណ បើរឹតតឹងពេក នឹងដាច់ជាមិនខាន តែបើបន្ធូរឲ្យធូរពេក នឹងមិនពីរោះឡើយ។

ក្រោយពិចារណាដូច្នេះហើយ ព្រះអង្គ ក៏ចាប់ផ្តើមសោយអាហារ សោយទឹកឡើងវិញ ហើយបន្តប្រតិបត្តិធម៌ និងស្វែងរកមាគ៌ានៃការត្រាស់ដឹង។ គោលការណ៍ដែលព្រះអង្គប្រកាន់យក ដើម្បីស្វែងរកមាគ៌ានៃការត្រាស់ដឹង គឺមជ្ឈិមប្បដិបទា។ មជ្ឈិមប្បដិបទា មានន័យថា មាគ៌ាកណ្តាល គឺការប្រតិបត្តិធម៌ មិនត្រូវតឹងរ៉ឹងពេក និងមិនត្រូវធូរពេក តែល្មមឬសមរម្យ។ ទីបំផុត ព្រះអង្គ បានត្រាស់ដឹងជាព្រះពុទ្ធ តាមរយៈការប្រកាន់យកមជ្ឈិមប្បដិបទានេះឯង។


សេចក្តីវិនិច្ឆ័យ

ការចេញបញ្ជាឲ្យវាយព្រះសង្ឃខ្លាំងៗបែបនេះ មិនអាចថា ព្រះមហា ពិន សែម មិនខុសសោះនោះទេ តែក៏មិនត្រូវរិះគន់ជ្រុលហួសហេតុ រហូតឈានដល់ការប្រមាថធ្ងន់ធ្ងរលើព្រះអង្គដែរ  ដ្បិតថា ព្រះអង្គ ជាព្រះសង្ឃមានគុណធម៌មួយអង្គ ហើយព្រះអង្គ ថែមទាំងបានសន្យាឈប់ប្រើអំពើហិង្សាលើសិស្សគណ និងយល់ព្រមប្តូរមកប្រៀនប្រដៅសិស្សគណ ដោយអហិង្សាវិញ។

បើអ្នក ចាត់ទុកថា មិនខុសសោះ ភាគីម្ខាងទៀត មិនអាចទទួកយបានឡើយ ហើយក៏សមហេតុផលដែរ ព្រោះថា ព្រះសង្ឃ ដែលត្រូវវាយនោះ រងរបួសមិនស្រាលនោះទេ។ ផ្ទុយមកវិញ បើអ្នក គិតតែរិះគន់ ដោយមិនព្រមទទួលយកការកែប្រែរបស់ព្រះអង្គ ក្នុងការឈប់ប្រើអំពើហិង្សា ហើយនៅតែប្រើពាក្យប្រមាថជាដដែលៗលើព្រះអង្គ គេ ក៏ពិបាកនឹងទទួលយកដូចគ្នា។

រឿងសំខាន់ ដែលត្រូវពិចារណាក្នុងករណីនេះ គឺថា តើការវាយព្រះសង្ឃដោយផ្តៅខ្លាំងៗបែបនេះ ខុសឬត្រូវ? បើខុស អ្នក ត្រូវទទួលស្គាល់ថា ខុស។ មិនមែនដោយសារតែស្រឡាញ់ព្រះអង្គ ជាចាស់ទុំ ជាអ្នកប្រកាន់ខ្ជាប់នូវធម៌វិន័យ ជាអ្នកប្រាជ្ញបណ្ឌិត ជាអ្នកមានគុណសម្បត្តិចំពោះសាសនានិងសង្គម ហើយព្យាយាមការពារព្រះអង្គឡើយ។ បើព្រះអង្គ ខុសមែន ហើយអ្នក នៅតែការពារព្រះអង្គ មានន័យថា អ្នក មានភាពលម្អៀង គឺលម្អៀងព្រោះស្រឡាញ់។

បើសង្កេតឲ្យមែនទែនទៅ អ្នកគោរពស្រឡាញ់ព្រះអង្គភាគច្រើន មិនមែនការពារនិងគាំទ្រព្រះអង្គ ព្រោះតែព្រះអង្គ ចេញបញ្ជាឲ្យវាយព្រះសង្ឃជាសិស្សគណនោះទេ តែពួកគេ គាំទ្រព្រះអង្គ នៅពេលដែលព្រះអង្គ រងការប្រមាថពីមនុស្សមួយចំនួន។ ម្យ៉ាងទៀត បើត្រឹមតែរិះគន់ព្រះអង្គ ដែលចេញបញ្ជាឲ្យវាយព្រះសង្ឃ អ្នកគោរពស្រឡាញ់ព្រះអង្គ មិនសូវជាប្រតិកម្មនោះទេ តែអ្នកគោរពស្រឡាញ់ព្រះអង្គ ប្រតិកម្មខ្លាំងៗ ទៅនឹងអ្នក ដែលប្រមាថព្រះអង្គជ្រុល។

លុះត្រាតែឈរលើគោលការណ៍កណ្តាលនេះ ទើបគ្រប់ភាគី អាចឈានទៅដល់ចំណុចរួមមួយ ដែលអាចទទួលយកបានទាំអស់គ្នា ហើយអាចបញ្ចប់ការប្រកែកគ្នារកខុសរកត្រូវ ក្នុងករណីព្រះមហា ពិន សែម។ 

ការប្រកាន់យកឧបេក្ខាធម៌ ឬការតាំងចិត្តជាកណ្តាល គឺជាមាគ៌ាល្អបំផុត ក្នុងការវិនិច្ឆ័យរឿងអ្វីមួយ៕ 

Tag:
 ព្រះមហា ពិន សែម
  ទស្សនៈ
  ធម៌
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com