អន្តរជាតិ
ប្រទេសអឺរ៉ុប ចាប់ផ្ដើមចាក់វ៉ាក់សាំងរបស់ AstraZenca ឡើងវិញ
20, Mar 2021 , 7:29 pm        
រូបភាព
ប្រទេសជាច្រើននៅប៉ែកអឺរ៉ុប បានចាប់ផ្ដើមប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ឡើងវិញនៅថ្ងៃទី១៩ ខែមីនា បន្ទាប់ពីសហភាពអឺរ៉ុប និងអង់គ្លេសបញ្ជាក់ពីគុណប្រយោជន៍របស់វ៉ាក់សាំងដែលមានច្រើនជាងហានិភ័យ។


របាយការណ៍ពីករណីស្ទះសរសៃឈាមក្រោយចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នាំឱ្យប្រទេសមួយចំនួន ពិសេសប្រទេសនៅតំបន់អឺរ៉ុបដែលប្រើប្រាស់វ៉ាក់សាំងនេះ នាំគ្នាផ្អាកផ្ដល់វ៉ាក់សាំងនេះឱ្យពលរដ្ឋខ្លួនបណ្ដោះអាសន្ន។ ប៉ុន្តែអង្គការសុខភាពពិភពលោក ដែលប្រើវ៉ាក់សាំងនេះក្នុងយន្តការ COVAX ទទូចឱ្យបន្តប្រើប្រាស់វ៉ាក់សាំងនេះតាមធម្មតា ខណៈនិយ័តករឱសថអឺរ៉ុប និងអង់គ្លេស ក៏វាយតម្លៃវ៉ាក់សាំងម្ដងទៀតដើម្បីធានាសុវត្ថិភាព។ 
 
ជាមួយនឹងការតម្លៃសុវត្ថិភាព ប្រទេសនៅអឺរ៉ុប ក៏ចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងរបស់ពួកគេជាថ្មី។ អាល្លឺម៉ង់ ចាប់ផ្ដើមការចាក់វ៉ាក់សាំងនៅថ្ងៃទី១៩ ខែមីនា ព្រមគ្នានឹងបារាំងដែរ ដោយលោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្ដេក ក៏ទទួលវ៉ាក់សាំងរបស់ AstraZeneca នេះដែរ។ អ៊ីតាលី ស៊ីប ឡេតូនី និងលីទុយអានី ក៏បន្តយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ អេស្ប៉ាញនឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង AstraZeneca ចាប់ពីថ្ងៃទី២៤ ខែមីនា។ 
 
ក្នុងការវាយតម្លៃរបស់ខ្លួន ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានឈានទៅដល់ការសន្និដ្ឋានច្បាស់ថា គុណប្រយោជន៍វ៉ាក់សាំង AstraZeneca ក្នុងការការពារមនុស្សពីការឆ្លងជំងឺកូវីដ-១៩ មានច្រើនជាងហានិភ័យដែលអាចកើតមាន។ ប៉ុន្តែ EMA អះអាងថា ទំនាក់ទំនងរវាងកំណកឈាម និងវ៉ាក់សាំងនេះ នៅតែស្ថិតក្រោមការត្រួតពិនិត្យដដែល។ EMA នឹងធ្វើការជាមួយនិយ័តករឱសថអង់គ្លេសលើរឿងនេះ។
 
វ៉ាក់សាំងរបស់ AstraZeneca ជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងបីប្រភេទដែល WHO បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងពីរទៀត មានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Johnson & Johnson ដែលចាក់តែម្ដង។ 
 
 
 

Tag:
 អឺរ៉ុប
  AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com