COVID-19
អន្តរជាតិ
ចិនរកឃើញករណីឆ្លងក្នុងស្រុកជាលើកដំបូង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច
20, Mar 2021 , 3:53 pm        
រូបភាព
គ្រូពេទ្យចិន_ចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួន។_រូបភាព៖_Reuters
គ្រូពេទ្យចិន_ចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួន។_រូបភាព៖_Reuters
ដោយ: ថ្មីៗ
ចិន រកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជាលើកដំបូងចាប់តាំងពីខែកុម្ភៈមក។ ករណីឆ្លងក្នុងស្រុកនេះ គឺជាបុគ្គលិកមន្ទីរពេទ្យ ដែលធ្លាប់ចាក់វ៉ាក់សាំងចំនួន ២លើករួចមកហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនPeople's Daily នៅថ្ងៃទី២០ ខែមីនា។

 
អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃទី១៨ ខែមីនា បានរាយការណ៍ថា មានករណីឆ្លងក្នុងស្រុកលើកដំបូង បើគិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈមក។ អ្នកជំងឺរូបនេះ គឺជាអ្នកប្រមូលសំណាកនៅកន្លែងដាក់ចត្តាឡីស័ក ក្នុងមន្ទីរពេទ្យមួយកន្លែង  នៅក្នុងទីក្រុង Xian។ អ្នកជំងឺរូបនេះ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនពីរលើករួចមកហើយ នាពេលកន្លងមក។ 
 
ចំណែកបុគ្គលិកចំនួន ៣៣នាក់ផ្សេងទៀត ដែលពាក់ព័ន្ធជាមួយអ្នកជំងឺ ត្រូវយកទៅធ្វើតេស្ត និងមានលទ្ធផលអវិជ្ជមានទាំងអស់ ។ 
 
យ៉ាងណាមិញ កន្លងមក អ្នកជំនាញចិន មិនបានច្រានចោលឡើយថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មិនអាចការពារកូវីដ-១៩ បាន ១០០ភាគរយឡើយ ដោយវ៉ាក់សាំងចិន អាចការពារបានជាង៩០ ភាគរយ មិនឱ្យអ្នកជំងឺវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ ហើយមានកម្រិតការពារចំនួនច្រើនជាង ៧០ភាគរយ។ ក្នុងន័យនេះ ការចាក់វ៉ាក់សាំងហើយក៏ដោយ ក៏នៅតែមានលទ្ធផលឆ្លងកូវីដ-១៩ បានដដែល ប៉ុន្តែគ្រាន់តែអាចការពារក្នុងការវិវត្តទៅរកសភាពធ្ងន់ធ្ងរ ជាងអ្នកមិនបានចាក់វ៉ាក់សាំង។ 
 
មកទល់ពេលនេះ ចិនមានវ៉ាក់សាំងក្នុងស្រុកចំនួន ៤ប្រភេទ ដែលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ក្នុងនោះមានដូចជា វ៉ាក់សាំងរបស់ក្រុមហ៊ុនCanSino Biologics, វ៉ាក់សាំងក្រុមហ៊ុន Sinopharm, វ៉ាក់សាំងSinovac និងវ៉ាក់សាំងរបស់វិទ្យាស្ថានអតិសុខុមសាស្រ្ដនៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ចិនមានករណីឆ្លងកូវីដ-១៩ ចំនួនជាង ៩ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង ៤ពាន់នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៨៥២៨៩នាក់៕ 
 

Tag:
 ចិន
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com